នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១នេះ អង្គការហ្គូដណេប៊ឺសកម្ពុជា បាន ប្រគល់សម្ភារៈផលិតវីដេអូ សម្រាប់ការរៀន និងបង្រៀនពីចម្ងាយ ដល់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន​ និងកីឡា ដែលជាផ្នែកមួយនៃការអនុវត្តកម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ។​ ពិធីនេះបានរៀបចំឡើងនៅ នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោក គួច​ គូលំអ ប្រធាននាយកដ្ឋាន និងលោក ចាំង ដុងវុន នាយកប្រចាំប្រទេស អង្គការហ្គូដណេប៊ឺសកម្ពុជា។ ​សម្ភារៈដែលបានប្រគល់ជូននាយកដ្ឋានអប់រំក្រៅប្រព័ន្ធរួមមាន ទូរទស្សន៍ឆ្លាតវៃ ៧៥អ៊ីង មួយគ្រឿង ឧបករណ៍សម្រាប់ប្តូរវីដេអូ មួយគ្រឿង កាសដាក់ត្រចៀក ចំនួនមួយ និងជើងទ្រទូរទស្សន៍ ចំនួនមួយ។

លោក គួច​ គូលំអ បញ្ជាក់ថាដោយសារបញ្ហាកូវីដ១៩ សិស្សានុសិស្ស​ជាច្រើនមិនអាចរៀនបានទាំងនៅសាលា និងមជ្ឈមណ្ឌលសហគមន៍ ដូចនេះ ការសិក្សាពីចម្ងាយបានដើរតួនាទីសំខាន់សម្រាប់គាំទ្រលើដំណើការរៀន និងបង្រៀន និងធានាអំពីភាពប្រសើរឡើងនៃការទទួលបានការអប់រំរបស់សិស្ស។ សម្ភារៈដែលផ្តល់ជូននេះ នឹងជួយសម្រួលដល់ក្រសួងដើម្បីអាចផលិតវីដេអូមេរៀន និងដំណើការកម្មវិធីអប់រំពីចម្ងាយបាន ខណៈក្រសួងមិនមានលទ្ធភាពក្នុងការបំពាក់សម្ភារៈទាំងអស់នេះ។ លោកបន្ថែមថា កាលពីមុនក្រុមការងាររបស់លោកមានការលំបាកក្នុងការផលិតវីដេអូជាខ្លាំង ហើយក្នុងមួយថ្ងៃអាចផលិតបានត្រឹមតែមួយវីដេអូប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីបំពាក់សម្ភារៈទាំងនេះ លោកមានភាពងាយស្រួលជាងមុន ហើយក្នុងមួយថ្ងៃអាចផលិតបាន ៣ វីដេអូ។​  បើតាមលោកគួច​ គូលំអ វីដេអូ និងមេរៀនចំនួន ២៨២ នឹងត្រូវបានផលិត និងផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា គេហទំព័រ និងបណ្តាញសង្គមហ្វេសប៊ុក (facebook) ក្រសួងអប់រំ យុវជន និងកីឡា។

លោក​ ចាំង ដុងវុន បញ្ជាក់ថាអង្គការហ្គូដណេប៊ឺសកម្ពុជាកំពុងអនុវត្តគម្រោងសំខាន់ៗជាច្រើនដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ហើយការផ្តល់ជូនសម្ភារៈនេះ គឺជាការផ្តួចផ្តើមថ្មីមួយគាំទ្រលើដំណើការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញន៍។ លោកថា នេះគឺជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ហ្គូដណេប៊ឺសកម្ពុជាក្នុងការធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងអប់រំនៅថ្នាក់ជាតិ និងលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំក្រៅប្រព័ន្ធក្នុងតំបន់គោលដៅរបស់អង្គការផងដែរ។ លោកបានស្នើក្រសួងអប់រំ ពង្រឹងការអនុវត្តកម្មវិធីសិក្សាពីចម្ងាយនេះឱ្យមានប្រសិទ្ធភាព ខណៈអង្គការហ្គូដណេប៊ឺសកម្ពុជា និងស្ថាប័នដៃគូផ្សេងៗមានឆន្ទៈគាំទ្រ និងចូលរួមពង្រឹងគុណភាពអប់រំនៅកម្ពុជា។

គួរបញ្ជាក់ថា ការអនុវត្តកម្មវិធីអប់រំពីចម្ងាយតាមរយៈនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនេះ មានការចូលរួមសហការ និងគាំទ្រដោយអង្គការហ្គូដណេប៊ឺសកម្ពុជា អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) និងមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ​ (AKCF)