អង្គការហ្គូដណេប៊ឺសកម្ពុជា ធានាវត្តមានទឹកស្អាតនៅក្នុងសហគមន៍។ ពួកយើងធ្វើសមាហរណកម្ម និងត្រួតពិនិត្យទឹកស្អាតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ហើយដោយមានការគាំទ្រ និងការរួមចំណែកពីម្ចាស់ឧបត្ថម្ភ ក៏ដូចជាដៃគូសហការណ៍ អង្គការហ្គូដណេប៊ឺសកម្ពុជាបានសាងសង់ និងតម្លើងប្រព័ន្ធចម្រោះទឹកស្អាតជាច្រើននៅតាមមណ្ឌលសុខភាព សាលារៀន មន្ទីរពេទ្យ និងក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ អង្គការហ្គូដណេប៊ឺសកម្ពុជា បានតម្លើង និងបានប្រគល់ប្រព័ន្ធចម្រោះទឹកស្អាត និងបរិក្ខារសុខាភិបាល ដល់មណ្ឌលសុខភាពអូរជុំ និងមណ្ឌលសុខភាពកូនមុំ ក្នុងខេត្តរតនគិរី។ កម្មវិធីបើកសម្ភោធ និងប្រគល់ប្រព័ន្ធចម្រោះទឹកស្អាត និងបរិក្ខារសុខាភិបាល ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់លោកស្រី ខាំ ណាវ អភិបាលរងស្រុកអូរជុំ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ លោក ចាំង ដុងវុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា អាជ្ញាធរក្នុងតំបន់ បុគ្គលិកសុខាភិបាល និងប្រជាជនសហគមន៍។
កម្មវិធីចាប់ផ្តើមឡើងដោយកិច្ចភារវកិច្ច និងសេក្តីរាយការណ៍ ស្តីពីដំណើរការអភិវឌ្ឍន៍របស់ប្រធានមណ្ឌលសុខភាព បន្តដោយប្រសាសន៍ថ្លែងអំណរគុណរបស់លោកស្រី ខាំ ណាវ ចំពោះអង្គការហ្គូដណេប៊ឺសកម្ពុជា AMORE PACIFIC និង GLOBAL MISSION CHURCH សម្រាប់ការគាំទ្រដល់ខេត្តរតនគិរី។ លោកស្រីបានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាសប្បាយចិត្តនៅពេលបានដឹងថាមណ្ឌលសុខភាពអូរជុំទទួលបានប្រព័ន្ធចម្រោះទឹកស្អាត តាមរយៈការគាំទ្រនិងជំនួយ ។ ខ្ញុំសូមសំណូមពរដល់ប្រធាន និងបុគ្គលិកមណ្ឌលសុខភាព មេត្តាថែទាំឱ្យបានល្អ សម្រាប់សហគមន៍យើង។
បន្ថែមលើនោះទៅទៀត លោក ចាំង ដុងវុន បានសម្តែងសេចក្តីគោរព និងស្វាគមន៍ចំពោះភ្ញៀវកិត្តិយសមកកាន់តកម្មវិធីដ៏គួរឱ្យចងចាំមួយនេះ ហើយមានប្រសាសន៍ថា៖ តាមរយៈកម្មវិធីទឹកស្អាត អនាម័យល្អ អង្គការហ្គូដណេប៊ឺសកម្ពុជាបានសាងសង់ស្ថានីយ៍ទឹកស្អាត ប្រព័ន្ធសម្អាតទឹក ប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់សាលារៀន និងមណ្ឌលសុខភាព។ អង្គការហ្គូដណេប៊ឺសកម្ពុជាបានសហការជាមួយមណ្ឌលសុខភាពដើម្បីផ្សព្វផ្សាយអនាម័យល្អក្នុងសហគមន៍ក្នុងតំបន់គោលដៅទាំងអស់។ ថ្ងៃនេះខ្ញុំបានសូមអរគុណចំពោះ AMORE PACIFIC និង GLOBAL MISSION CHURCH សម្រាប់ការឧបត្ថម្ភជាប្រព័ន្ធចម្រោះទឹកស្អាត និងសម្ភារៈសុខាភិបាល ដល់ខេត្តមណ្ឌលគិរី។ ការគាំទ្រនេះជួយយ៉ាងសំខាន់ដល់មណ្ឌលសុខភាពក្នុងការផ្តល់សេវាសុខភាពសាធារណៈប្រកបដោយគុណភាពដល់សហគមន៍។ សូមអបអរសាទរចាប់ពីពេលនេះតទៅ ប្រព័ន្ធចម្រោះទឹកស្អាត និងបរិក្ខារសុខាភិបាល ជាកម្មសិទ្ធរបស់សហគមន៍។ សូមប្រើប្រាស់វាដើម្បីកែលម្អសុខភាពរបស់អ្នក និងថែរក្សាពួកវាឱ្យបានល្អសម្រាប់ការប្រើប្រាស់យូរអង្វែង និងនិរន្តរភាព។
ប្រព័ន្ធចម្រោះទឹកស្អាត និងបរិក្ខារសុខាភិបាល ជាជំនួយឧបត្ថម្ភរបស់ AMORE PACIFIC និង GLOBAL MISSION CHURCH ដើម្បីធ្វើការផ្លាស់ប្តូរជាក់លាក់ក្នុងជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តរតនគិរី និងដើម្បីឱ្យប្រជាជនក្នុងសហគមន៍អាចរស់នៅដោយសប្បាយរីករាយ និងមានសុខភាពល្អប្រកបដោយក្តីសង្ឃឹម។