នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ អង្គការហ្គូដណេប៊ឺសកម្ពុជាមានកិត្តិយសបានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីអប់រំ យុវជន និងកីឡាប្រចាំខេត្តមណ្គលគិរី ក្រោមអធិបតិយភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា; ឯកឧត្តមបណ្ឌិតសភា ឧបនាយករដ្ឋមន្ត្រី;​ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត; ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី; លោកជំទាវ ថ្នាក់ គណៈអធិបតិយ នាយកនាយិកា លោកគ្រូអ្នកគ្រូ និងបុគ្គលិកការិយាល័យអប់រំ ប្រចាំខេត្តមណ្ឌលគិរី។

នៅក្នុងកម្មវិធីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងសេចក្តីកោតសសើរចំពោះការរីកចម្រើនដ៏សម្បូរបែបនៃខេត្តមណ្ឌលគិរី ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដើម្បីស្តារ និងស្ថាបនា​ឡើង​វិញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ​ដែល​ជំរុញ​ឱ្យ​មាន​ភាពផ្លាស់ប្រែនៅក្នុងខេត្តទាំងមូល។ បន្ថែមលើនោះទៅទៀត លោកបានសម្តែងការទទួលស្គាល់ចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំ និងដៃគូសហការណ៍គ្រប់លំដាប់ថ្នាក់ ចំពោះឆន្ទៈ ខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងទំនួលខុសត្រូវ ក្នុងការកែទម្រង់វិស័យអប់រំក្នុងប្រទេសកម្ពុជា។​ លើសពីនោះទៅទៀត ឯកឧត្តមបណ្ឌិតសភា ឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីថ្លែងអំណរគុណ និងអញ្ជើញដៃគូសហការណ៍គ្រប់រូប រួមមានអង្គការហ្គូដណេប៊ឺសកម្ពុជា ឱ្យបន្តសហការជាមួយរដ្ឋាភិបាលដើម្បីជម្រុញ និងលើកកម្ពស់សាលារៀននៅក្នុងខេត្តមណ្ឌលគិរី ដើម្បីក្លាយជាសាលារៀនគម្រូ នៃប្រទេសកម្ពុជា។

ដោយក្តីកោតសរសើរចំពោះអង្គការហ្គូដណេប៊ឺសកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់គ្រឿងឥស្សរិយយសដល់លោក ចាំ ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ចំពោះការខិតខំប្រឹងប្រែង និងការចូលរួមក្នុងគោលដៅពង្រឹងគុណភាពនៃគ្រឹះស្ថានអប់រំសាធារណៈ។

អង្គការហ្គូដណេប៊ឺសកម្ពុជា បាននឹងកំពុងគាំទ្រដល់វិស័យអប់រំក្នុងខេត្តមណ្ឌលគិរី និង បង្កើតភាពជាដៃ គូជាមួយសាលារៀនគ្រប់កម្រិត ដើម្បីលើកកម្ពស់ស្តង់ដារសាលារៀន គុណភាពការអប់រំ កែលម្អបរិយាកាសសិក្សា ​បរិស្ថានសាលារៀន ហេដ្ឋារចនាសម្ព័ន្ធសាលារៀន បង្កើនលទ្ធភាពទទួលការអប់រំផ្នែកបច្ចេកវិទ្យា និងការអប់រំកម្រិតខ្ពស់ អភិវឌ្ឍនសុខភាពអនាម័យល្អក្នុងសាលារៀន ហើយអភិវឌ្ឍជំនាញសម្រាប់គ្រូបង្រៀន និងសិស្សតាំងពីឆ្នាំ ២០១៤។