អង្គការហ្គូដណេប៊ឺសកម្ពុជាធ្វើការប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងប្រតិបត្តិដោយតម្លាភាព។ ជារៀងរាល់ឆ្នាំ អង្គការហ្គូដណេប៊ឺសកម្ពុជាសហការជាមួយរដ្ឋាភិបាល អាជ្ញាធរប្រចាំតំបន់ និងដៃគូសហការ ដើម្បីរៀបចំសកម្មភាពចុះត្រួតពិនិត្យកម្មវិធីអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីដំណើរការអភវិឌ្ឍន៍ បទពិសោធន៍ និងសមិទ្ធផលគម្រោងដែលអង្គការហ្គូដណេប៊ឺសកម្ពុជាសម្រេចបានប្រចាំឆ្នាំ។​

ក្នុងឆ្នាំ ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសចុះដំណើរទស្សនកិច្ចសហគមន៍ថ្មគោលរបស់អង្គការហ្គូដណេប៊ឺសកម្ពុជាដើម្បីត្រួតសិក្សាអំពីគម្រោងនានារបស់សហគមន៍។ កាលពីថ្ងៃទី១៣ ខែមីនា ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ម៉ៅ សុផាន់ណា អនុប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងសហការី បានធ្វើទស្សនៈកិច្ចមកកាន់កម្មវិធីអភិវឌ្ឍន៍អភិវឌ្ឍន៍សហគមន៍ថ្មគោល នៃខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីដំណើរសកម្មភាពអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍សហគមន៍ ដែលអង្គការហ្គូដណេប៊ឺសកម្ពុជាកំពុងគាំទ្រប្រជាជននៅទីជនបទក្នុងប្រទេសកម្ពុជា។

គណៈអធិបតី​បានចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ក្នុងវិស័យទឹកស្អាត អនាម័យល្អ និងវិស័យអប់រំរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ចំនួនបីកន្លែងផ្សេងគ្នារួមមានគម្រោងស្ថានីយទឹកល្អ មជ្ឈមណ្ឌលសិក្សាល្អ និងគម្រោងបង្គន់អនាម័យក្នុងសាលារៀន។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តម ឌៀប កាណូរ៉ា និងសហការីរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានបើកអង្គប្រជុំជាមួយប្រធានសហគមន៍ថ្មគោល ប្រធានសហគមន៍ឯកភ្នំ និងបុគ្គលិកអង្គការហ្គូដណេប៊ឺសកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពរស់នៅរបស់ប្រជាជន កុមារ អ្នកទទួលអត្ថប្រយោជន៍ផ្សេងទៀតក្នុងសហគមន៍ និងដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍។ បន្ថែមលើនោះទៅទៀត ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបុគ្គលិករបស់អង្គការហ្គូដណេប៊ឺសកម្ពុជាបានចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរក្នុងឃុំអន្លុងរុន ដើម្បីស្វែងយល់ពីដំណើរការ និងការអភិវឌ្ឍន៍នានា បញ្ហាប្រឈម និងសំណេះសំណាលពីកិច្ចសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជានាពេលកន្លងមកនៅក្នុងមូលដ្ឋាន។

ដំណើរចុះទស្សនិច្ចដើម្បីត្រួតពិនិត្យកម្មវិធីអភិវឌ្ឍន៍សហគមន៍ថ្មគោល បានដំណើរការទៅយ៉ាងល្អប្រសើរ។ ក្រសួងអភិវឌ្ឍន៍ជនបទ ស្ញប់ស្ញែងភាពប្រកបដោយវិជ្ជាជីវៈរបស់អង្គការហ្គូដណេប៊ឺសម្ពុជា ក្នុងការបង្កើតគម្រោងល្អៗដើម្បីគាំទ្រប្រជាជនសហគមន៍ និងកិច្ចសហការល្អជាមួយអាជ្ញាធរ និងសហគមន៍។ ក្រសួងអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តអង្គការហ្គូដណេប៊ឺសកម្ពុជានិងបុគ្គលិកក្នុងការបន្តការងារ​ ហើយបន្តគាំទ្រសហគមន៍ក្នុងខេត្តបាត់ដំបង។