កម្មវិធីអភិវឌ្ឍន៍សហគមន៍កោះញែក និងស្នួល
ប្រជាជនជាងពាក់កណ្ដាលដែលកំពុងរស់នៅក្នុងសហគមន៍នៃតំបន់ភ្នំដាច់ស្រយាល គឺជាក្រុមជនជាតិដើមភាគតិច ក្នុងនោះរួមមាន ជនជាតិព្នង ក្រោល ស្ទៀង និងទំពួន ជាដើម។ គ្រោះរាំងស្ងួតគឺជាបញ្ហាប្រឈមចម្បងសម្រាប់ប្រជាជនរស់នៅទីនោះ ដែលបានកើតឡើងជារៀងរាល់ឆ្នាំចាប់ពីខែមករា ដល់ខែឧសភា ដែលចន្លោះខែនេះប្រភពទឹករីងហួតអស់។ យើងត្រូវទិញទឹកពីអ្នកផ្គត់ផ្គង់ក្រៅតំបន់សហគមន៍គោលដៅរបស់យើង។
បញ្ហាប្រឈមមួយទៀត គឺជាទម្លាប់ដែលពិបាកនឹងធ្វើការផ្លាស់ប្រែ។ សហគមន៍គោលដៅរបស់យើងរស់នៅក្នុងបរិស្ថានមួយដែលគ្មានអនាម័យ និងបរិភោគទឹកដែលបានមកពីប្រភពអសុវត្ថិភាព។ ការបន្ទោរបង់ពាសវាលពាសកាល និងសំណល់ពីសត្វចិញ្ចឹមនៅជុំវិញផ្ទះ ក៏ជាហេតុធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
ដូច្នេះការងារអាទិភាពសម្រាប់ពួកយើងនៅពេលនេះ គឺអន្តរាគមន៍ទឹកស្អាត និងអនាម័យ។ យើងបានបង្កើនការយល់ដឹងអំពីសុខភាព គម្រោងទឹកស្អាត និងបរិស្ថាន លើកកម្ពស់ការប្រើបង្គន់អនាម័យ និងទឹកចម្រុះ។ យើងសាងសង់ស្ថានីយទឹកដើម្បីចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់ សាងសង់បង្គន់អនាម័យ និងអាងស្តុកទឹកនៅក្នុងសាលាតាមតំបន់ដើម្បីលើកកម្ពស់អនាម័យដល់សហគមន៍។