កម្មវិធីអភិវឌ្ឍន៍សហគមន៍ឯកភ្នំ
កុមារដែលរស់នៅសហគមន៍អណ្តែតទឹក មិនមានលទ្ធភាពក្នុងការទទួលបានសេវាចាំបាច់ផ្សេងៗនោះទេ រាប់បញ្ចូលទាំងការអប់រំជាដើម។ ដោយហេតុថា មធ្យាបាយធ្វើដំណើរតែមួយគត់គឺការជិះទូក ព្រោះផ្លូវគោកមិនអាចធ្វើដំណើរបានឡើយ ហើយវាជាកត្តាចំបងដែលកុមារមួយចំនួនធំមិនបានចូលសិក្សា។ ជាការឆ្លើយតប យើងបានស្វែងរកមូលនិធិសម្រាប់ទិញទូក ជូនសហគមន៍ដើម្បីដោះស្រាយការធ្វើដំណើររបស់កុមារទៅសាលារៀន។
ទន្ទឹមនឹងនេះ អនាម័យក៏ជាកត្តាប្រឈមមួយផងដែរ។ ក្មេងស្រីៗ មិនសូវទទួលបានពត៍មានត្រឹមត្រូវទាក់ទងនឹងតំហែរទាំសុខភាព និងអនាម័យឡើយ ជាពិសេសក្នុងកំឡុងពេលពូកគេពេញវ័យ ហើយត្រូវរៀបការទាំងមិនទាន់គ្រប់អាយុ។ មុខរបរសម្រាប់គ្រួសារនីមួយៗ មានមិនច្រើនទេ គឺមានតែការចិញ្ចឹមត្រី ឬ អន្ទង់។
យើងចាប់ផ្តើមសកម្មភាពជាមួយសហគមន៏នេះតាំងពីឆ្នាំ២០១៣ លើកកំពស់សុខភាព និងអនាម័យដល់កុមារ សិទ្ធិកុមារ ភាពជាអាណាព្យាបាល និងការគ្រប់គ្រងហិរញ្ញវត្ថុ។ បច្ចុប្បន្ន សមាជិកក្នុងសហគមន៏គោលដៅរបស់យើង អាចស្នើរកំចីដើម្បីចាប់ផ្តើម ឬ ពង្រីកអាជីវកម្មខ្នាតតូចរបស់ខ្លួនបាន។
ការិយាល័យរបស់យើងមានអគារសម្រាប់ថ្នាក់មត្តេយ្យកុមារតូចៗ រួមទាំងថ្នាក់បណ្តុះបណ្តាលជំនាញវីជ្ជាជីវៈ ដូចជា ថ្នាក់កុំព្យូទ័រ ភាសារអង់គ្លេស និងកាត់ដេរ។