រឿងរ៉ាវល្អក្នុងត្រីមាសទី ៣៖ កម្មវិធីពិនិត្យ និងព្យាបាលសុខភាពជូនប្រជាជនសហគមន៍

អង្គការហ្គូដណេប៊ឺសកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងវិស័យសុខាភិបាល ជាពិសេសលើការពង្រឹកសេវាសុខភាពសាធារណៈ បន្ទាប់ពីការរាត្បាតនៃជំងឺកូវីដ-១៩ និងអស្ថិរភាពសេដ្ឋកិច្ច ដែលនាំឱ្យមានបញ្ហាសុខភាពជាច្រើនកើតឡើង។ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដែលមានកំណើនការបាត់បង់ការងារ អស្ថិរភាពប្រាក់ចំណូល ប្រជាជនសហគមន៍សម្រេចចិត្ត រក្សាប្រាក់ចំណូលទុកសម្រាប់ចំណាយចំបាច់ដូចជាម្អូបអាហារ ថ្នាំសង្កូវ ជាជាងចំណាយលើការពិនិត្យសុខភាព ឬការពិគ្រោះយោបល់សុខភាពជាមួយអ្នកជំនាញ ពួកគាត់មានចំណូលតិចជាងមុខ ហើយប្រាក់សន្សំដែលធ្លាប់មានក៏ត្រូវដកយកមកចំណាយក្នុងកំឡុងការរីករាត្បាតនៃជម្ងឺកូវីដអស់។

សម្រាប់កុមារ អង្គការហ្គូដណេប៊ឺសកម្ពុជាគាំទ្រការពិនិត្យសុខភាពប្រចាំឆ្នាំ លើកកម្ពស់សុខភាពក្នុងសាលារៀន សាងសង់បន្ទប់សង្គ្រោះបឋម លើកកម្ពស់ការយល់ដឹងអំពីទឹកស្អាត អនាម័យល្អ បង្កើនសកម្មភាពកីឡា ផ្តល់វីតាមីន និងផ្តល់ការព្យាបាលផ្សេងៗទៀត តាមតម្រូវការជាក់ស្តែងរបស់កុមារម្នាក់ៗ។ រីឯនៅតាមមណ្ឌលសុខភាពវិញ អង្គការហ្គូដណេប៊ឺសកម្ពុជាបានគាំទ្រក្នុងការកែលម្អរ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្ត គ្រឿងបរិក្ខារ ប្រព័ន្ធចម្រោះទឹកស្អាត ជូនមន្ទីពេទ្យ មណ្ឌលសុខភាព និងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពសេវាសុខភាពសាធារណៈសម្រាប់សហគមន៍។

ដើម្បីស្តារឡើងវិញនូវសុខុមាលភាព និងនិរន្តរភាពសហគមន៍ នៅក្នុងត្រីមាសទី៣នេះ អង្គការហ្គូដណេប៊ឺសកម្ពុជា បានពង្រីកទំហំការគាំទ្ររបស់ខ្លួនឱ្យបានទៅដល់មនុស្សធំ(កំពុងពេញវ័យធ្វើការងារ) និងមនុស្សចាស់ងាយរងគ្រោះ ដែលពុំមានលទ្ធិភាពចំណាយលើថ្លៃធ្វើដំណើរ និងសេវាសុខភាពនៅមណ្ឌលសុខភាព។ អង្គការហ្គូដណេប៊ឺសកម្ពុជាបានបង្កើតគម្រោងថ្មីហៅថា ‘គម្រោងសេវាសុខភាពគាំទ្រដោយអង្គការហ្គូដណេប៊ឺសកម្ពុជា’ ដែលជាគម្រោងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលសុខភាព មានគោលបំណងផ្តល់ការពិនិត្យ និងពិគ្រោះសុខភាពដល់ប្រជាពលរដ្ឋចំនួន ៨០០ នាក់នៅក្នុងសហគមន៍តំបន់ជាយក្រុង ដែលមានការអភិវឌ្ឍន៍តិច។

អន្តរាគមន៍របស់យើង។

អង្គការហ្គូដណេប៊ឺសកម្ពុជា បានសហការណ៍ជាមួយមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីដំណើរការកម្មវិធីពិនិត្យ និងព្យាបាលសុខភាព។ បន្ទាប់ពីមានកិច្ចប្រជុំជាមួយដៃគូសហការណ៍ប្រកបដោយផលិតភាព ពួកយើងបានសម្រេចផ្តល់សេវាសុខភាពសំខាន់ៗចំនួនបីដោយឥតគិតថ្លៃ នៅក្នុងកម្មវិធីពិនិត្យ និងព្យាបាលសុខភាពនេះ រួមមានការពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម ជំងឺមហារីកសុដន់ ជំងឺមាត់ស្បូន និងជំងឺមាត់ធ្មេញជាលទ្ធិផលជូនប្រជាជនគោលដៅ។ លើយពីនោះទៅទៀតអង្គការហ្គូដណេប៊ឺសកម្ពុជាបានបង្កើតភាពជាមួយអាជ្ញាធរមូលដ្ឋាន មេឃុំសង្កាត់ មេភូមិ និងយុវជនស្ម័គ្រចិត្តផងដែរ។ ពួកគាត់បានចូលរួមផ្សព្វផ្សាយអំពីកម្មវិធី ផ្សព្វផ្សាយការយល់ដឹងអំពីសុខភាព បង្ហាញអំពីសារៈសំខាន់នៃការពិនិត្យសុខភាព និងជួយសម្របសម្រួលការចុះឈ្មោះត្រួតពិនិត្យព្យាបាល ជូនប្រជាជននៅក្នុងសង្កាត់ចំនួនបីផ្សេងៗគ្នាក្នុងខណ្ឌដង្កោ។

ដើម្បីធានាបាននូវការផ្តល់សេវាសុខភាពប្រកបដោយប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកចូលរួមទាំងអស់ យើងខ្ញុំបានរៀបចំកម្មវិធីនេះចំនួនពីរដងក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៤ ដោយក្នុងខែនីមួយៗពួកយើងរៀបចំកម្មវិធីដែលមានរយៈពេលបីថ្ងៃ។ មុនពេលទទួលបានការពិនិត្យហ្មត់ចត់សម្រាប់ជំងឺទឹកនោមផ្អែម មហារីកសុដន់ និងមាត់ស្បូន និងការថែទាំធ្មេញ ពួកយើងបានរៀបចំវគ្គបណ្តុះបណ្តាលអំពីសុខភាពទូទៅជាមុនសិន ។ ជាងនេះទៅទៀត ជុំវិញកម្មវិធីនេះ មានបំពាក់ទៅដោយសម្ភារៈផ្សព្វផ្សាយអប់រំ និងផ្តល់ព័ត៌មានសុខភាពជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹង និងធ្វើឱ្យចងចាំបានយូ។

សមិទ្ធិផលសំខាន់ៗ

កម្មវិធីពិនិត្យ និងព្យាបាលសុខភាពឆ្នាំ ២០២៤ ដែលគាំទ្រដោយអង្គការហ្គូដណេប៊ឺសកម្ពុជាទទួលបានជោគជ័យលើសពីការរំពឹងទុក។ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ និងគាំទ្រប្រជាជនសហគមន៍ចំនួន ៩២៤ នាក់ (ស្រី ៥៨១ នាក់) នៅសង្កាត់ជើងឯក ព្រៃស និងសង្កាត់ស្ពានថ្ម ឱ្យទទួលបាននូវការពិនិត្យជំងឺទឹកនោមផ្អែម មហារីកសុដន់ និងមហារីកមាត់ស្បូន និងការថែទាំធ្មេញនៅមន្ទីរពេទ្យបង្អែកដង្កោ។ ប្រជាជនសហគមន៍គ្រប់រូបបានសម្តែងការដឹងគុណ និងសប្បាយរីករាយចំពោះការគាំទ្រ ចំណេះដឹងអំពី ការថែទាំសុខភាព និងបានស្វែងយល់ពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់ពួកគាត់។

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងកម្មវិធីពិនិត្យ និងព្យាបាលសុខភាពគាំទ្រដោយអង្គការហ្គូដណេប៊ឺសកម្ពុជា – គឺយើងជួយសង្គ្រោះជីវិតប្រជាជនម្នាក់បានទាន់ពេលវេលា! អង្គការហ្គូដណេប៊ឺសកម្ពុជា និងដៃគូរសហការណ៍បានបញ្ជូនអ្នកជំង្ងឺទៅមន្ទីរពេទ្យភ្លាមៗ ក្រោយបានពិនិត្យឃើញថាគាត់កំពុងប្រឈមនឹងជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។ ពួកយើងរីករាយដែលបានបញ្ជូនគាត់ទៅមន្ទីពេទ្យបានទាន់ពេលវេលា ព្រោះមិនមាននរណាអាចដឹងបាឡើយថា នឹងមានអ្វីកើតឡើង ប្រសិនបើអ្នកជំងឺម្នាក់នោះមិនបានមកទទួលសេវាពិនិត្យសុខភាពក្នុងកម្មវិធីរបស់ពួកយើង។ រឿងរ៉ាវល្អទាំងនេះធ្វើឱ្យអ្នកជំងឺ គ្រួសាររបស់គាត់ និងសហគមន៍ទាំងមូល រំភើបរីករាយ និងកោតសរសើរដល់ក្រុមការងារជាខ្លាំង។

មេរៀនដែលបានទទួល

បទពិសោធន៍ថ្មីៗបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូដ៏រឹងមាំ និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

បើគ្មានការជួយជ្រោមជ្រែងពីបុគ្គលិកសុខាភិបាល ប្រជាជន និងយុវជនក្នុងសហគមន៍ទេ អង្គការហ្គូដណេប៊ឺសកម្ពុជាពុំអាចទទួលបានព័ត៌មានអំពីសុខភាពប្រជាជនបានគ្រប់ជ្រុងជ្រោយ និងគាំទ្រសុខភាពប្រជាជនបានល្អប្រសើរយ៉ាងនេះនោះឡើយ។ លើសពីនេះទៀត ប្រសិនបើគ្មានកិច្ចប្រជុំ ការពិភាក្សា វគ្គតម្រង់ទិស វគ្គស្វែងយល់អំពីសុខភាពទូទៅរបស់ប្រជាជនមុនថ្ងៃកម្មវិធី និងការបំពាក់សម្ភារៈផ្សព្វផ្សាយអំពីសុខភាព បានដឹតដល់និងត្រឹមត្រូវ ប្រជាជនសហគមន៍ទាំងអស់នឹងមានបញ្ហាសុខភាព។

សម្រង់

“កម្លាំងកើតចេញពីសេចក្តីសប្បុរស និងការរួបរួម… នៅពេលមានការសហការណ៍ជួយឧបត្ថម្ភផ្សេងៗ យើងអាចសម្រេចបានភាពអស្ចារ្យជាច្រើន ហើយអាចជួយសង្គ្រោះជីវិតមនុស្សបាន”។

រឿងទាក់ទង