ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្ណាល័យដើម្បីធានាដល់សិស្សានុសិស្សនូវលទ្ធភាពទទួលបានការសិក្សាដែលមានគុណភាពខ្ពស់ ចំណែកការប្រើប្រាស់ឧបករណ៍ជំនួយ និងឧបករណ៍ឌីជីថលដែលមានប្រសិទ្ធភាព ដូចជាទូរទស្សន៍ អាចលើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា និងបង្កើនលទ្ធផលសិក្សាបានយ៉ាងល្អប្រសើរ។
កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន SAMSUNG បានរៀបចំសកម្មភាពទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) ដោយសហការជាមួយសហគមន៍ដង្កោនៃអង្គការហ្គូដណេប៊ឺសកម្ពុជា (Good NeighborsCambodia)។ ស្របតាមចក្ខុវិស័យរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពអប់រំ និងរួមបញ្ចូលឧបករណ៍ឌីជីថលនៅក្នុងសាលារៀនសាធារណៈក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន SAMSUNG បានបរិច្ចាគទូរទស្សន៍ឆ្លាតវៃចំនួន ១១ គ្រឿងដល់សាលាបឋមសិក្សាចំនួន ៤ ក្នុងខណ្ឌដង្កោ រួមមានសាលាបឋមសិក្សាវត្តហារ ព្រៃស ឫស្សីសាញ់់ និងសាលាបឋមសិក្សាជើងឯក។ លើសពីនេះ ក្រុមហ៊ុន SAMSUNG បានផ្តល់ជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សគ្រប់គ្នា ដើម្បីរៀបចំខ្លួនសម្រាប់ឆ្នាំសិក្សាថ្មីដែលនឹងមកដល់ខាងមុខនេះ។
កម្មពិធីប្រគល់ទូរទស្សន៍លើកនេះ ធ្វើឡើងនៅសាលាបឋមសិក្សាវត្តហារ ក្រោមវត្តមានរបស់អ្នកគ្រូ ខន សុវិជ្ជា តំណាងសាលាវត្តហា។ តំណាងក្រុមហ៊ុនសាមសុង លោក លី គោវិទ្ធ ប្រធានគ្រប់គ្រងទីផ្សារគ្រឿងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា និងឡាវ; លោក ឆម មុនី ប្រធាននាយកដ្ឋានប្រតិបត្តិកៅ អង្គការហ្គូដណេប៊ឺសកម្ពុជា; រួមជាមួយបុគ្គលិក សាមសុង (SAMSUNG) និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ២៦៧ នាក់។
ព្រឹត្តិការណ៍នេះបានចាប់ផ្តើមដោយការស្វាគមន៍យ៉ាងកក់ក្តៅ និងរបាយការណ៍វឌ្ឍនភាពនៃការអភិវឌ្ឍន៍សាលារៀនពីអ្នកគ្រូ សុ វិជ្ជា ដែលបានថ្លែងអំណរគុណដល់ក្រុមហ៊ុន SAMSUNG និង អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលបានរួមចំណែកក្នុងការលើកកម្ពស់ការអប់រំនៅសាលាបឋមសិក្សាវត្តហារ។ បន្ទាប់មក លោក ឆម មុនី បានលើកឡើងពីតួនាទីយ៉ាងសកម្មរបស់ អង្គការហ្គូដណេប៊ឺសកម្ពុជា ក្នុងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការសាងសង់បណ្ណាល័យ និងការធ្វើសមាហរណកម្មនៃការអប់រំឌីជីថល។ លោកបានទទួលស្គាល់ការរួមចំណែកយ៉ាងសំខាន់របស់ SAMSUNG ក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា ដោយជួយប្រទេសកម្ពុជាឈានទៅជិតការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក លី គោវិទ្ធ ប្រធានគ្រប់គ្រងទីផ្សារគ្រឿងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា និងឡាវ បានសម្តែងការពេញចិត្តចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីកុមារ និងអ្នកចូលរួមគ្រប់រូប។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន SAMSUNG ក្នុងការធានាថាកុមារនៅក្នុងប្រទេសកម្ពុជាទទួលបានការអប់រំប្រកបដោយគុណភាព និងការអប់រំតាមប្រព័ន្ធឌីជីថល ដែលដើរតួយ៉ាងសំខាន់ក្នុងការរីកចម្រើនលូតលាស់ និងអនាគតរបស់កុមារ។ បន្ថែមពីនេះ គាត់ក៏បានលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចាប់ផ្តើមស្គាល់ និងបន្សាំខ្លួនជាមួយនឹងពិភពឌីជីថលផងដែរ។
ជាកិច្ចបញ្ចប់នៃកម្មវិធី ក្រុមហ៊ុន SAMSUNG បានប្រគល់ទូរទស្សន៍ឆ្លាតវៃ និងសម្ភារៈសិក្សាដល់សាលា និងសិស្សានុសិស្ស។ បន្ទាប់មក ភ្ញៀវជាអធិបតីទាំងអស់ បានទស្សនាបណ្ណាល័យ និងការិយាល័យរបស់គ្រូបង្រៀន ជាកន្លែងដែលត្រូវដំឡើងទូរទស្សន ដើម្បីគាំទ្រដល់ការគ្រប់គ្រងសាលារៀន និងបង្កើនសមត្ថភាពរបស់គ្រូបង្រៀនក្នុងការប្រើប្រាស់កុំព្យូទ័រ ទូរទស្សន៍ កម្មវិធីមូលដ្ឋាន និងមាតិកាអនឡាញ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់សិស្ស និងលទ្ធផលសិក្សានៅក្នុងថ្នាក់រៀន និងបណ្ណាល័យ។










