សុខភាពមាត់ធ្មេញមានសភាពខុសប្លែកគ្នា និងតែងមានបម្រែបម្រួលក្នុងដំណើរជីវិតរបស់មនុស្ស ចាប់តាំងពីវ័យទារករហូតដល់វ័យចំណាស់។ សុខភាពមាត់ធ្មេញមានសារៈសំខាន់សម្រាប់សុខភាពទូទៅ ហើយគាំទ្រដល់បុគ្គលម្នាក់ៗ ក្នុងការចូលរួមសកម្មភាពសង្គម និងសម្រេចឲ្យបាននូវសក្តានុពលរបស់ពួកគាត់ [អង្គការសុខភាពពិភពលោក]។
នៅប្រទេសកម្ពុជា ជាពិសេសក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការហ្គូដណេប៊ឺសកម្ពុជា ប្រជាជន (ជាពិសេសកុមារ) កំពុងប្រឈមមុខនឹងកត្តាហានិភ័យនៃជំងឺមាត់ធ្មេញដែលបណ្តាលមកពីអាកប្បកិរិយានៃការទទួលទាន (ស្ករ គ្រឿងស្រវឹង និងថ្នាំជក់), កង្វះការយល់ដឹងអំពីសុខភាពមាត់ធ្មេញ និងការអនុវត្តសុខភាពមាត់ធ្មេញមិនសូវបានល្អ។ ម៉្យាងវិញទៀត ការចំណាយលើការថែទាំសុខភាពមាត់ធ្មេញ ការត្រួតពិនិត្យជាប្រចាំ និងការព្យាបាលបានយ៉ាងត្រឹមត្រូវ គឺមានតម្លៃថ្លៃ លើសពីសមត្ថភាពរបស់ប្រជាពលរដ្ឋ។
អង្គការហ្គូដណេប៊ឺសកម្ពុជាធ្វើការងារ ដើម្បីបង្កើតការផ្លាស់ប្តូរល្អក្នុងវិស័យសុខភាពសម្រាប់សហគមន៍ ហើយសុខភាពមាត់ធ្មេញគឺជាគោលការណ៍នៃវិស័យសុខភាពដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការគាំទ្រសហគមន៍។ ពួកយើងយកចិត្តទុកដាក់ និងធ្វើការដើម្បីគាំទ្រស្នាមញញឹមសហគមន៍ តាមរយៈការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពសម្រាប់សុខភាពមាត់ធ្មេញ។
អន្តរាគមន៍
អនុវត្តតាមផែនការសកម្មភាពជាតិកម្ពុជាសម្រាប់សុខភាពមាត់ធ្មេញ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីខែមិថុនា ឆ្នាំ២០២៣ អង្គការហ្គូដណេប៊ឺសកម្ពុជាប្រើ “វិធីសាស្រ្តបណ្តាញ” ក្នុងការធ្វើទំនាក់ទំនងជាមួយដៃគូសហការគ្រប់ស្ថាប័ន ក្រោមគោលបំណងបង្កើនការគាំទ្រការអនុវត្តសុខភាពមាត់ធ្មេញល្អ និងសហការជាមួយ Mission of Mobile (MoM) ដើម្បីធ្វើការថែទាំសុខភាពមាត់ធ្មេញកុមារនៅក្នុងសហគមន៍ទាំងប្រាំមួយ ជារៀងរាល់ឆ្នាំ។ កិច្ចសហការរបស់ពួកយើង គាំទ្រលើការពិនិត្យស្ថានភាពសុខភាពមាត់ធ្មេញបច្ចុប្បន្នរបស់ប្រជាជនសហគមន៍ ផ្តល់ការព្យាបាល ពិនិត្យរោគ រៀបចំកម្មវិធីយល់ដឹងអំពីសុខភាពមាត់ធ្មេញ និងផ្តល់សម្ភារៈអនុវត្តអនាម័យមាត់ធ្មេញល្អ ដើម្បីការពារ លើកស្ទួយនិងបង្កើតស្នាមញញឹមប្រកបដោយសេចក្តីសុខ និងសុខភាពល្អជូនដល់ពលរដ្ឋសហគមន៍។
សមិទ្ធិផលសំខាន់ៗ
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ សហគមន៍របស់អង្គការហ្គូដណេប៊ឺសកម្ពុជាទាំងអស់ រួមគ្នាដំណើរការគ្លីនិកសុខភាពមាត់ធ្មេញចល័ត ជូនដល់សាលារៀន ភូមិឃុំផ្ទាល់ ដើម្បីកាត់បន្ថយ បង្ការការកើតជម្ងឺមាត់ធ្មេញ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាជុំវិញសុខភាពមាត់ធ្មេញ ដល់កុមារនិងប្រជាជនសហគមន៍។ ក្នុងនោះ មានសហគមន៍អូរជ្រៅដែលបានចាត់វិធានការ ក្នុងការគាំទ្រសុខភាពមាត់ធ្មេញដល់ប្រជាជនសហគមន៍ជុំវិញស្រុក ក្នុងកំឡុងពេលទិវាសុខភាពមាត់ធ្មេញពិភពលោក និងការយល់ដឹងអំពីសុខភាពមាត់ធ្មេញសាកល។
ចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី២0 ខែមីនា ឆ្នាំ២០២៤ សហគមន៍អូរជ្រៅបានបន្តដំណើរការគ្លីនិកមាត់ធ្មេញចល័តនៅក្នុងឃុំចំនួនប្រាំផ្សេងគ្នា ដើម្បីបង្កើតសហគមន៍ប្រកបដោយស្នាមញញឹម និងសុខភាពមាត់ធ្មេញល្អ។ ក្រោមភាពជាដៃគូជាមួយ Mission of Mobile (MoM) គ្លីនិកមាត់ធ្មេញចល័ត ផ្តល់សេវាពិនិត្យសុខភាពមាត់ធ្មេញទូទៅ ដកធ្មេញ ព្យាបាលឬសធ្មេញ កែលម្អធ្មេញពុក វះកាត់ ធ្វើមាត្រដ្ឋាន ប៉ូលាធ្មេញ ផ្តល់ថ្នាំព្យាបាល និងណែនាំពីវិធីដើម្បីការពារសុខភាពមាត់ធ្មេញ។
ជាលទ្ធផល កុមារនិងប្រជាជនសហគមន៍អូរជ្រៅចំនួន ៦៥០នាក់ (៣៧២ ភេទស្រី) បានទទួលសេវាសុខភាព និងការព្យាបាលដល់កន្លែង ដោយឥតគិតថ្លៃ។ កុមារ និងប្រជាជនសហគមន៍រីករាយ នឹងសេវាសុខភាពមាត់ធ្មេញ ចំណេះដឹងថ្មី និងមានសុខភាពល្អក្នុងការបន្តអភិវឌ្ឍសក្តានុពលរបស់ពួកគាត់ប្រកបដោយទំនុកចិត្តលើខ្លួនឯង។
ករណីសិក្សា
អ្នកស្រី ផាន សុផា អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិបឹងខ្ទំ ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានកូនស្រីឈ្មោះ ឆព័ណ្ណ ស្រីនី ជាកុមារទទួលជំនួយក្នុងអង្គការហ្គូដណេប៊ឺសកម្ពុជា (មានលេខសម្គាល់ KHM-0119-001828) បានមានប្រសាសន៍ថា កូនរបស់គាត់បានទទួលសេវាព្យាបាលមាត់ធ្មេញជាប្រចាំ និងជារៀងរាល់ឆ្នាំ។ មិនត្រឹមតែសេវាព្យាបាលប៉ុណ្ណោះទេ កូនស្រីរបស់គាត់ក៏ទទួលបានច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ថ្នាំព្យាបាលជម្ងឺមាត់ធ្មេញ និងបានចូលរួមក្នុងកម្មវិធីបង្កើនការយល់ដឹងពីវិធីសម្អាតធ្មេញថែមទៀតផងដែរ។ ពិសេសជាងនេះទៅទៀត អ្នកស្រីបានបញ្ជាក់ថា កូនស្រីរបស់គាត់ចេះសម្អាតធ្មេញបានយ៉ាងល្អប្រសើរណាស់ នាពេលនេះ។
សាអប់រំ
“ទិវាសុខភាពមាត់ធ្មេញឆ្នាំ ២០២៤ – មាត់ធ្មេញរីករាយគឺ…រាងកាយក៏រីករាយ”