អង្គការហ្គូដណេប៊ឺសកម្ពុជាបានគាំទ្រប្រជាជនជាចម្បង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ជំនឿ និងសញ្ជាតិ។ អង្គការហ្គូដណេប៊ឺសកម្ពុជា តែងតែខិតខំប្រឹងប្រែងដើម្បីផ្តល់អត្ថប្រយោជន៍ ប្រកបដោយនិរន្តរភាពដល់ប្រជាជនសហគមន៍ និងដៃគូពាក់ព័ន្ធគ្រប់រូបជានិច្ច។ ដូចច្នេះហើយទើបពួកយើងបានសម្រេច បន្តអនុវត្តគម្រោងគាំពារសុខភាពមាតា និងទារកក្នុងសហគមន៍តំបន់ភ្នំ បើទោះបីគម្រោងគិរីត្រូវបានបញ្ចប់ការលពីខែទី​៣១ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងណាក៏ដោយ។

គម្រោងគិរី លើកកម្ពស់សុខភាពមាតានិងកុមារនៅក្នុងសហគមន៍តំបន់ភ្នំដើម្បីធានាថាអ្នកម្តាយ និងកុមារអាយុក្រោម៥ឆ្នាំ​គ្រប់រូប ទទួលបានសេវាសុខភាពប្រកបដោយគុណភាព។ គោលបំណងរបស់គម្រោងគិរីគឺដើម្បីលើកស្ទួយគ្រួសារសុភមង្គល ជាមួយការសម្រាលដែលមានហានិភ័យទាប និងសហគមន៍ប្រកបដោយការអំរំ។ គម្រោងគិរីគាំទ្រប្រជាជនសហគមន៍ដែលជាជនជាតិភាគតិច និងជនងាយរងគ្រោះនៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ច្រើនជាង​៣ម៉ឺន ៥ពាន់នាក់ ជារៀងរាល់ឆ្នាំ។

គម្រោងគិរីបានអភិវឌ្ឍគម្រោង គាំទ្រប្រជាជន សហការជាមួយបុគ្គល និងស្ថាប័នឯកទេសសុខាភិបាល ហើយបានបង្កើតទំនាក់ទំនងល្អប្រសើរជាមួយប្រជាជនសហគមន៍ដែលផ្តល់ទំនុកចិត្តលើគម្រោង​ក្នុងឆ្នាំកន្លងទៅ។​​ ភាពជាដៃគូល្អ និងប្រសិទ្ធភាពគម្រោងសុខភាពមាតា និងទារក នាំឱ្យមានកំណើនតម្រូវការការគាំទ្របន្ត និងបន្ថែមមកកាន់ អង្គការហ្គូដណេប៊ឺសកម្ពុជា។ សំលេងសំណូមពរ និងឆន្ទៈរបស់ប្រជាជនសហគមន៍ក្នុងការចូលរួមក្នុងគម្រោង ជម្រុញអង្គការហ្គូដណេប៊ឺសកម្ពុជា សម្រេចបន្តបេសកកម្មរបស់ខ្លួនក្នុងខេត្តរតនគិរីដោយមិនមានភាពស្ទាក់ស្ទើរ។

អន្តរាគមន៍របស់អង្គការហ្គូដណេប៊ឺសកម្ពុជា

អង្គការហ្គូដណេប៊ឺសកម្ពុជា បន្តអនុវត្តគម្រោងសុខភាពមាតានិងទារកដើម្បីពង្រឹងសុខភាព សុខុមាលភាពប្រជាជនប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់។ ចាប់ផ្តើមពីការទំនាក់ទំនងដើម្បីអញ្ជើញបុគ្គលិកគម្រោងគិរី ចូលរួមការបន្តបេសកកម្មថ្មី ចាប់ផ្តើមបង្កើតរចនាសម្ព័ន្ធរបស់ក្រុមការងារ និងការអនុវត្តការងារ ហើយជាចុងក្រោយពួកយើងនាំគ្នាស្ថាបនាគម្រោងនេះឱ្យទៅក្លាយជាកម្មវិធីអភិវឌ្ឍន៍សហគមន៍មួយទៀតរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ដោយត្រូវបានពួកយើងហៅថាសហគមន៍រតនគិរី។

នៅក្នុងភារកិច្ចបន្តគម្រោងគាំទ្រសុខភាពមាតា និងទារក សហគមន៍រតនគិរីបានធ្វើការក្នុងការចាប់ផ្តើមការសហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗសាជាថ្មីម្តងទៀត ដើម្បីបង្កើតផែនការគោលរយៈពេលវែង និងចាប់ផ្តើមបង្កើតវគ្កបណ្តុះបណ្តាលជំនាញជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ស្រុកប្រតិបត្តិ មន្ទីរពេទ្យ មណ្ឌលសុខភាព បុគ្គលិកពេទ្យ ក្រុមគាំទ្រសុខភាពភូមិ (VHSGs) និងប្រជាជនសហគមន៍។ ​លើសពីនេះ យើងបានបន្ថែមផែនការទីផ្សារ និងការទំនាក់ទំនងតាមអ៊ីនធឺណិត និងក្រៅបណ្តាញទៅក្នុងផែនការ ដើម្បីបង្កើនការយល់ដឹង និងអញ្ជើញអ្នកជិតខាងគ្រប់រូបឱ្យសហការ និងការគាំទ្របន្ថែមទៀត។

ម្យ៉ាងវិញទៀត ដោយសាពេលនេះ កម្រោងរបស់ពួកយើងបានក្លាយទៅជាកម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការហ្គូដណេប៊ឺសកម្ពុជ ពួកយើងបានបង្កើត គម្រោង​ សកម្មភាពអភិវឌ្ឍន៍ និងកម្មវិធីគាំទ្រសហគមន៍បន្ថែមនៅក្នុងខេត្តរតនគិរី។ ដូចជាមកទល់ពេលនេះ ពួកយើងបានអនុវត្តកម្មវិធីទឹកស្អាតអនាម័យល្អ កម្មវិធីគាំទ្រជាសម្ភាជាដើម ។ អង្គការហ្គូដណេប៊ឺសកម្ពុជា មានគោលបំណងដើម្បីលើកកម្ពស់សហគមន៍រតនគិរីយ៉ាងយកចិត្តទុកដាក់ និងមានប្រសិទ្ធភាពខ្ពស់ ដូចក្នុងសហគមន៍ទាំងប្រាំមួយផ្សេងទៀតដែរ។

សមិទ្ធិផលសំខាន់ៗ

ក្រោមកិច្ចសហការណ៍ជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សហគមន៍រតនគិរីបានអញ្ជើញដៃគូចំនួន ៥០នាក់ឱ្យចូលរួមនៅក្នុងដំណើរការបន្តគម្រោងគាំទ្រសុខភាពមាតា និងទារក ហើយពួកយើងបានចាប់ផ្តើមប្រឹក្សា និងពិភាក្សាលើសកម្មភាពថ្នាក់អប់រំសុខភាពមាតា និងទារក ដំណាក់កាលទី៣។ រួមជាមួយគ្នានោះផងដែរ តាមរយៈភាពជាដៃគូល្អ សហគមន៍រតនគិរីអញ្ជើញបានក្រុមអ្នកគាំទ្រសុខភាពភូមិចំនួន ២០នាក់ចូលរួមធ្វើផែនការសកម្មភាប និងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីថ្នាក់គិរីដំណាក់កាលទី ៣ យ៉ាងជោគជ័យ មុនពេលពួកគាត់គ្រប់រូបចាប់ផ្តើមយុទ្ធនាកាថ្នាក់គិរីដំណាក់កាល់ទី៣ សម្រាប់ប្រជាជនសហគមន៍មកពី១០ភូមិផ្សេងៗគ្នា ក្នុងឃុំ លំផាត់ បរកែវ អូរយ៉ាដាវ និងកូនមុំ​ កាលពីខែមិថុនា ឆ្នាំ២០២៤។

ដើម្បីចាប់ផ្តើមបេសកកម្មសម្រាប់ឆមាទី២ ដែលដំណាក់កាលបន្ទាប់ក្នុងឆ្នាំ ២០២៤ សហគមន៍រតនគិរី បានសហការណ៍គ្នាជាមួយការិយាល័យសុខាភិបាលស្រុកបានឡុង និងស្រុកបរកែវ ក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆមាស ស្តីពីវឌ្ឍនភាពគម្រោងគិរី របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ជាមួយមណ្ឌលសុខភាពចំនួន ២៩ផ្សេងៗគ្នានៅក្នុងខេត្តរតនគិរីដើម្បីត្រួតពិនិត្យនិងធ្វើរង្វាយតម្លៃអំពីដំណើរការអនុវត្តគម្រោង ប្រកាសបង្ហាញពីសមិទ្ធិផលការងារប្រចាំឆមាស ធ្វើបច្ចុប្បន្នភាពសម្ភារៈបរិក្ខាសុខាភិបាល និងដើម្បីឆ្លុះបញ្ចាំងពីមេរៀន យុទ្ធសាស្ត្រ សូចនាករ រំលឹកពីទំនួលខុសត្រូវរបស់ដៃក្នុងផែនការបន្ទាប់។ ជារួមអង្គប្រជុំទាំងមូលបានត្រៀមខ្លួនរួចរាល់សម្រាប់ឆាមាសទី២ ក្នុងឆ្នាំ ២០២៤។​

ពាក្យគន្លឹះ
ពួកយើងយកឈ្នះភាពលំបាកបាន តាមរយៈកិច្ចសហការណ៍ និងការរួមបញ្ចូលគ្នារវាងអង្គការហ្គូដណេប៊ឺសកម្ពុជា ដៃគូសហការណ៍ និងប្រជាជនសហគមន៍។ ពួកយើងរួមគ្នាដើម្បីបង្កើតគម្រោង និងសង្គមប្រកបដោយនិរន្តរភាព។