នៅថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2024 ក្រុមអ្នកស្ម័គ្រចិត្តនៃមូលនិធិមីរែ មកពីប្រទេសកូរ៉េ បានចុះទស្សនាអគារសិក្សាមីរែ ដែលគាំទ្រដោយមូលនិធីមីរែ ដែលត្រូវបានបើកសម្ភោធដាក់ប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនកុមារ ក៏ដូចជាសហគមន៍កាលពីខែកក្កដា។ គម្រោងសាលានៃក្តីស្រម៉ៃហាជុន របស់មូលនិធិមីរែ បានចូលរួមចំណែកសាងសង់អគារសិក្សាថ្មីមួយ ដែលមានបន្ទប់សិក្សាចំនួន 4​ បន្ទប់ បំពាក់ដោយឧបករណ៍ និងសម្ភារបរិក្ខារថ្នាក់រៀនប្រកបដោយផាសុខភាព ក្នុងសាលាបឋមសិក្សាពង្រ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកទឹកចិត្តដល់កុមារក្នុងសហគមន៍ឱ្យមានក្តីសង្ឃឹម មានឆន្ទៈក្នុងការអប់រំ និងមានអនាគតកាន់តែប្រសើរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកស្ម័គ្រចិត្តនៃមូលនិធិមីរែ បានចុះពិនិត្យមើលលទ្ធផលគម្រោង និងសមិទ្ធិផលនានា ហើយបានចំណាយពេលជាមួយកុមារក្នុងសាលារៀនដែលដឹងគុណ និងសប្បាយរីករាយជាមួយនឹងបរិយាកាសអប់រំថ្មី។

ជាងនេះទៅទៀត ក្រុមអ្នកស្ម័គ្រចិត្តក៏បានឆ្លៀតឱកាសចុះសួរសុខទុក្ខកុមារសហគមន៍ និងគ្រួសារ ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការរីកលូតលាស់ ការអភិវឌ្ឍន៍របស់កុមារ និងតម្រូវការបច្ចុប្បន្នដែលពួកគាត់ត្រូវការដើម្បីទទួលបានជីវិតកាន់តែប្រសើរឡើង។ ក្រុមអ្នកស្ម័គ្រចិត្តក៏បានចុះទៅពិនិត្យកម្រោង និងស្ថានភាពនៃការអភិវឌ្ឍន៍សហគមន៍ក្នុងសហគមន៍ថ្មគោល និងបានស្គាល់ពីគម្រោងស្ថានីយ៍លាងដៃល្អ ដែលលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់កុមារអំឡុងពេលសិក្សា ផងដែរ។  

 ដំណើរទស្សនកិច្ចនេះពិតជាមានអត្ថន័យ និងមានផ្លែផ្កាខ្លាំងណាស់។ ក្រុមអ្នកស្ម័គ្រចិត្ដមានការរំភើបរីករាយដែលឃើញសុភមង្គលរបស់កុមារបន្ទាប់ពីទទួលបានការគាំទ្រអគារសិក្សា រួមជាមួយនឹងការអប់រំគុណភាពដែលពួកគាត់អាចសំឡឹងឃើញនាពេលអនាគត។ ពួកយើងទាំងអស់គ្នាសង្ឃឹមថានឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធអប់រំ គម្រោងសុខភាព និង ទឹកស្អាតអនាម័យល្អ ក្នុងសាលារៀន បន្ថែមទៀត សម្រាប់គាំទ្រកុមារឱ្យសម្រេចបានក្តីស្រមៃរបស់ពួកគេ។