កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់អគារសិក្សាថ្មីមួយ ជូនសាលាបឋមសិក្សាពង្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា អាជ្ញាធរក្នុងតំបន់ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស សិស្សានុសិស្ស សមាជិកសហគមន៍ និងបុគ្គលិករបស់អង្គការហ្គូដណេប៊ឺសកម្ពុជា សរុបចំនួន ៥៧៨នាក់បានអញ្ជើញមកចូលរួមជាភ្ញៀវកិត្តិយស។

តាមរយៈជំនួយ និងការគាំទ្រពីមូលនិធិ មីរ៉ែ និងកិច្ចសហការណ៍ល្អរបស់ដៃគូក្នុងតំបន់ អង្គការហ្គូដណេប៊ឺសកម្ពុជាសម្រេចបានគម្រោងសាងសង់អគារសិក្សាមួយខ្នង ៤បន្ទប់ បំពាក់ដោយតុ កៅអី ក្តារខៀន និងសម្ភារៈជំនួយការសិក្សាជាច្រើនផ្សេងទៀត ដើម្បីលើកទឹកចិត្តសិស្សានុសិស្សចំនួន ២៥០នាក់ និងប្រជាជនសហគមន៍ឱ្យមានក្តីសង្ឃឹម ឆន្ទៈក្នុងការសិក្សា និងមានអនាគតល្អ។

កម្មវិធីបើកសម្ពោធបានចាប់ផ្តើមដោយកិច្ចស្វាគមន៍របស់លោក កែវ តារារស្មី ទៅកាន់ឯកឧត្តម អ៊ុំ រាត្រី លោក ចាំង ដុងវ៉ុន និងភ្ញៀវកិត្តិយសគ្រប់រូប និងចែករំលែកចំណាប់អារម្មណ៍របស់លោកថា៖ “ស្រុកអូរជ្រៅទទួលបានឱកាសល្អ ដោយបានសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា ដែលជាដៃគូល្អ និងមានភាពជោគជ័យក្នុងការអនុវត្តន៍គម្រោងអភិវឌ្ឍន៍ជាពិសេសក្នុងវិស័យអប់រំ ដែលជម្រុញប្រសិទ្ធភាព និងគុណភាពការសិក្សា។ បន្ទាប់ពីប្រសាសន៍របស់លោកអភិបាលស្រុក កុមារី ស៊ីវ៉ន ចាន់ពុទ្ធិដា ដែលជាតំណាងរបស់សាលាបឋមសិក្សាពង្រ ឡើងថ្លែងអំណរគុណចំពោះការគាំទ្រដោយបាននិយាយថា៖ “ខ្ញុំពិតជាមានមោទនភាពចំពោះអង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែផ្តល់ក្តីសង្ឃឹមដល់កុមារនៅតំបន់ដាច់ស្រយាល ឱ្យទទួលបានឱកាស សម្ភារៈ និងការអប់រំប្រកបដោយគុណភាព។ សូមអរគុណអង្គការហ្គូដណេប៊ឺសកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះសហគមន៍របស់យើង”។​

លោកចាំង ដុងវ៉ុន ស្វាគមន៍ភ្ញៀវកិត្តិយស ហើយបានមានប្រសាសន៍ថា៖“ខេត្តបន្ទាយមានជ័យមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់អង្គការហ្គូដណេប៊ឺសកម្ពុជា ព្រោះយើងបានចាប់ផ្តើមគម្រោងដំបូងបំផុតនៃប្រទេសកម្ពុជា នៅក្នុងខេត្តនេះ កាលពីឆ្នាំ ២០០២​។ អង្គការហ្គូដណេប៊ឺសកម្ពុជាសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលខេត្ត និងមន្ទីអប់រំខេត្តដែលតែងតែផ្តល់ការសហការល្អមកកាន់អង្គការហ្គូដណេប៊ឺសកម្ពុជាតាំងពីដើមរហូតមកទល់ពេលនេះ។ ទន្ទឹមនឹងនេះ ខ្ញុំបាទសូមផ្ញើសេចក្តីដឹងគុណទៅកាន់លោក គីម សេចាន់ និងមូលនិធិមីរ៉ែ របស់អង្គការហ្គូដណេប៊ឺសអន្តរជាតិសម្រាប់សេចក្តីស្រលាញ់ និងចំណាប់អារម្មណ៍ក្នុងការគាំទ្រអភិវឌ្ឍបរិស្ថានសិក្សានៅក្នុងប្រទេសកម្ពុជា។ ជាចុងក្រោយខ្ញុំសូមសម្តែងក្តីអបអរសាទចំពោះសិស្សានុសិស្សគ្រប់រូបនៅក្នុងសាលាបឋមសិក្សាពង្រ ចាប់ពីពេលនេះតទៅ អ្នកគឺជាម្ចាស់នៃអគារសិក្សាថ្មីនេះ ខ្ញុំសង្ឃឹមថាអ្នកនឹងប្រើប្រាស់អគារនេះដើម្បីស្ថាបនាអនាគតរបស់អ្នក ហើយក៏សង្ឃឹមថាអ្នកនឹងរួមគ្នាមើលថែរក្សាអគារនេះបានយ៉ាងល្អប្រសើរ។

ជាកិច្ចបន្ទាប់ ជំនួសមុខឱ្យសាលាបឋមសិក្សាពង្រ ក៏ដូចជាសហគមន៍អូរជ្រៅទាំងមូល ឯកឧត្តម អ៊ុំ រាត្រី ឡើងប្រគល់មេដាយមាស​ជូនលោកចាំង ដុងវ៉ុន និងផ្ញើរលិខិតថ្លែងអំណរគុណទៅកាន់មូលនិធិមីរ៉ែ តំណាងឱ្យការដឹងគុណចំពោះសន្តានចិត្ត និងការគាំទ្ររបស់ពួកគាត់មកកាន់សហគមន៍អូរជ្រៅ។​

ជាកិច្ចបញ្ចប់ ភ្ញៀវកិត្តិយសគ្រប់រូប ចូលរួមកម្មវិធីកាត់ខ្សែរបូ ចុះទស្សនកិច្ចអគារសិក្សាថ្មី និងរៀបចំកម្មវិធីចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់សាលាបឋមសិក្សាពង្រ។