អង្គការហ្គូដណេប៊ឺសកម្ពុជា បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់មណ្ឌលសិក្សាល្អមួយខ្នង ក្នុងអនុវិទ្យាល័យឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
អង្គការហ្គូដណេប៊ឺស គឺជាអង្គការអភិវឌ្ឍលក្ខណៈមនុស្សធម៌អន្តរជាតិ ដែលទទួលបានងារជាអ្នកប្រឹក្សាទូទៅជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងសង្គម។ ដោយមើលឃើញពីភាពខ្វះខាតផ្នែកសិក្សាកុំព្យូទ័រ និងបន្ទប់បណ្ណាល័យសម្រាប់សិស្សានុសិស្ស ឲ្យបានសិក្សាស្រាវជ្រាវ ដូច្នេះហើយ អង្គការហ្គូដណេប៊ឺសកម្ពុជាបានសម្រេចជួយកសាងអគារសិក្សាល្អមួយខ្នង មាន ២បន្ទប់ ជូនដល់អនុវិទ្យាល័យ ឃុំឃ្សឹម ដើម្បីឲ្យសិស្សានុសិស្សបានសិក្សាជំនាញកុំព្យូទ័រ និងសិក្សាស្វែងយល់បន្ថែមលើសៀវភៅ ឯកសារនានាដែលមានច្រើនក្បាលក្នុងបន្ទប់បណ្ណាល័យ។
ពិធីសម្ភោធ និងប្រគល់មណ្ឌលសិក្សាល្អមួយខ្នងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅក្នុងអនុវិទ្យាល័យឃ្សឹម ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះក្រោមវត្តមានលោកស្រី កុល សំបូរ អភិបាលរងស្រុកស្នួល ។ លោក ឆាំ មុនី ប្រធានផ្នែកប្រតិបត្តិនៃអង្គការហ្គូដណេប៊ឺសកម្ពុជា បានបញ្ជាក់ថា អង្គការហ្គូដណេប៊ឺស បានផ្តល់ឲ្យមនុស្សនៅជុំវិញពិភពលោក នូវគុណភាពជីវិតកាន់តែប្រសើរឡើង ក្នុងវិស័យសុខភាព ទឹកស្អាត និងអនាម័យ គម្រោងសុខមាលភាពរបស់កុមារ និងការអប់រំដែលជាវិស័យសំខាន់របស់អង្គការហ្គូដណេប៊ឺស បានធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាចាប់តាំងឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ននេះ។ ជានិច្ចជាកាលបានកំណត់យកវិស័យអប់រំជាចំបង ក្នុងចំណោមវិស័យនានាដែលមាន។ លោកបានបន្តថា អង្គការហ្គូដណេប៊ឺស គឺគោរពសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការជួយស្តារ ឲ្យចាកចេញពីភាពក្រីក្រ គ្រោះមហន្តរាយផ្សេងៗ និងជួយឲ្យប្រជាពលរដ្ឋអាចពឹងផ្អែកទៅលើខ្លួនឯងបាន និងជីវិតរស់នៅពោរពេញដោយក្តីស្រឡាញ់ និងក្តីសង្ឍឹម។
ក្នុងឱកាសនោះដែរលោកស្រី កូស សំបូរ អភិបាលរងស្រុកស្នួលបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ ជួយដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍របស់យើង ជាពិសេសថ្ងៃនេះបានជួយកសាង អគារសិក្សាល្អមួយខ្នងមាន ២បន្ទប់ ដែលកំពុងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ជូនដល់សិស្សានុសិស្ស នៅក្នុងអនុវិទ្យាល័យ ឃ្សឹម ដើម្បីសិក្សារៀនសូត្រឈ្វេងយល់បន្ថែមលើការសិក្សា។ លោកស្រី គុល សំបូរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដែលបានបញ្ជាទិញវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មកចាក់ជូនបងប្អូន មន្ត្រីរាជការ ប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ដូស ហើយនឹងឈានទៅដល់ការបើកសាលារៀនវិញផងដែរ បន្ទាប់ពីមានការបិទសាលារៀនអស់មួយរយៈពេលកន្លងមក។ នៅក្នុងឱកាសនោះដែរ គណអធិបតីបានជូនលិខិតសរសើរដល់មេភូមិទាំងប្រាំបី នៅក្នុងឃុំឃ្សឹម ស្រុកស្នួល។
គួរបញ្ជាក់ផងដែរថា អង្គការហ្គូដណេប៊ឺសកម្ពុជា ក៏បានធ្វើពិធីប្រគល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលសិក្សាល្អចំនួន ២ ស្ថិតនៅអនុវិទ្យាល័យ សុខសាន្ត និងវិទ្យាល័យហ៊ុនសែន កោះញែក ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ។