អ្នកជំនាន់ក្រោយរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺសកម្មហើយមានការគិតយ៉ាងទូលំទូលាយគួរឲ្យកត់សំគាល់។ ពួកគាត់តែងតែទទួលស្វាគមន៍ចំណេះដឹងថ្មីៗ ហើយមានភាពក្លាហានក្នុងការចាកចេញពីការរស់នៅដដែលៗក្នុងបច្ចុប្បន្ន ដើម្បីសិក្សានិងរុករកទិដ្ឋភាពក៏ដូចជាពិភពលោកខាងក្រៅដែលខុសប្លែកវិញ។

ដោយមើលឃើញពីសន្ទុះនៃថាមពលក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងការពឹងផ្អែកលើខ្លួនឯងរបស់យុវជន រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមគាំទ្រយុវជនយ៉ាងពេញទំហឹង ហើយក៏កំពុងស្វែងរកវិធីគាំទ្របែបចម្រុះដើម្បីគាំទ្របន្ថែម។ ក្នុងទស្សវត្សចុងក្រោយនេះ វិស័យអប់រំនៃប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ច្រើន មិនថាការសិក្សាកម្រិតទាប ឬ កម្រិតខ្ពស់ក្តី ប៉ុន្តែល្បឿននៃការរីកចម្រើននៅតែមានកម្រិត បើធៀបជាមួយតម្រូវការរបស់យុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ សិស្សានុសិស្សកម្ពុជាភាគច្រើនខិតខំប្រឹងប្រែងរៀនសូត្រជាខ្លាំងនៅក្នុងថ្នាក់រៀន ប៉ុន្តែដោយសារតែកត្តាសិស្សចំនួនច្រើនពេក និងកង្វះវិធីសាស្ត្របង្រៀនបែបចម្រុះ បណ្ដាលឲ្យការចូលរួមក្នុងថ្នាក់ក៏ដូចជាកម្លាំងចិត្តក្នុងការសិក្សារបស់ពួកគាត់ធ្លាក់ចុះ។

កន្លងមកអង្គការហ្គូដណេប៊ឺសកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះយុវជននិងកុមារកម្ពុជា ដោយចាត់ទុកការគាំទ្រយុវជននិងកុមារ ជាការងារចម្បងរបស់ពួកយើងជានិច្ច ដើម្បីធ្វើឲ្យប្រទេសកម្ពុជាក្លាយជាកន្លែងដែលមនុស្សអាចរស់នៅបានប្រកបដោយក្តីសង្ឃឹម។ កម្មវិធីគាំពារកុមារ កម្មវិធីស្វែងរកការគាំទ្រមតិ សុទ្ធសឹងតែជាកម្មវិធីដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបង្កើតឡើង ដើម្បីគាំទ្រដល់យុវជន និងកុមារជាចំពោះ។ ពួកយើងធ្វើការផ្តោតលើ និងអនុវត្តកម្មវិធីទាំងនេះយ៉ាងយកចិត្តទុកដាក់ហើយលម្អិតបំផុត ពីព្រោះពួកយើងចង់ឃើញមនុស្សជំនាន់ក្រោយរបស់ប្រទេសកម្ពុជា មានភាពលេចធ្លោនៅក្នុងយុគសម័យបច្ចេកវិទ្យា ជាយុគសម័យដែលមនុស្សគ្រប់គ្នាត្រូវការ ដើម្បីឈានទៅដល់ការអប់រំនិងព័ត៌មាន។

ការចុះអន្តរាគមន៍
ឆ្លើយតបជាមួយនឹងសន្ទុះនៃអន្តរកម្មការអប់រំ និងបំណងប្រាថ្នារបស់សិស្សានុសិស្សជំនាន់ថ្មី អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្ថែមសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍ចូលក្នុងកម្មវិធីអប់រំ, បង្កើននិងរក្សាគុណភាពខ្ពស់នៃការអនុវត្តកម្មវិធី រួមជាមួយនឹងការអភិវឌ្ឍន៍គម្រោងថ្មីដើម្បីគាំទ្រសាលារៀន និងសិស្សានុសិស្ស។ ពួកយើងសហការជាមួយបណ្តាសាលា ដើម្បីបង្កើតកម្មវិធីអប់រំថ្មីៗ ក្នុងគោលបំណងសម្រួលសិស្សានុសិស្សកម្ពុជាឲ្យទទួលការសិក្សាបែបផ្តោតលើខ្លួនឯង លើសពីនោះទៅទៀតគឺដើម្បីឲ្យពួកគាត់ទទួលបាននូវការសិក្សាបែបចម្រុះ និងបានចូលរួមក្នុងថ្នាក់ឌីជីថលកម្រិតខុសប្លែកគ្នាជាច្រើន។ បន្ថែមលើនោះទៅទៀត អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្តរៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹង, សកម្មភាពស្វែងរកការគាំទ្រមតិ, កម្មវិធីយល់ដឹងពីវប្បធម៌ចម្រុះ និងបទពិសោធន៍ថ្មីៗជាច្រើនផ្សេងទៀតដើម្បីលើកទឹកចិត្ត លើកកម្ពស់ និងតម្រង់ទិសពួកគេឲ្យមានការអភិវឌ្ឍន៍ក្លាយទៅជាអ្នកជំនាន់ក្រោយប្រកបដោយស្មារតីខ្ពស់។ កម្មវិធីដែលបានលើកឡើងខាងឡើងបានផ្តល់កម្លាំងចិត្តយុវជន និងកុមារឲ្យមានឆន្ទៈមុតមាំក្នុងការបន្តដំណើរឆ្ពោះទៅមុខ ដើម្បីសម្រេចក្តីសុបិន និងសេចក្តីប្រាថ្នារបស់ពួកគាត់។

សមិទ្ធផលការងារ
សូមឲ្យលទ្ធផលបែបវិជ្ជមានទទួលបានការស្វាគមន៍។ បន្ទាប់ពីបានប្រើប្រាស់រយៈពេលជាច្រើនខែក្នុងការរៀបចំគម្រោង និងសហការជាមួយអាជ្ញាធរមូលដ្ឋាន សាលារៀនគោលដៅ អ្នកស្ម័គ្រចិត្តសហគមន៍ និងសិស្សានុសិស្ស, អង្គការហ្គូដណេប៊ឺសកម្ពុជា អនុវត្តកម្មវិធីអប់រំចំនួនពីរបានល្អ និងជោគជ័យតាមការរំពឹងទុក ក្នុងការគាំទ្រយុវជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។ ពួកយើងបានប្រតិបត្តិកម្មវិធី “ការសិក្សាបែបចម្រុះ” ជាមួយសិស្សានុសិស្សចំនួន ១៩៦នាក់ នៃសាលាបឋមសិក្សាឬស្សីសាញ់ ហើយពួកយើងបានបានរៀបចំកម្មវិធី “បណ្តាញយុវជនសកល” ជាមួយសិស្សានុសិស្សនៃសហគមន៍ដង្កោ និងសហគមន៍អូរជ្រៅសរុបចំនួន ៩០នាក់។ បន្ទាប់ពីបានចូលរួមកម្មវិធី, សិស្សនៃសាលាគោលដៅបានចែករំលែកមតិយោបល់អំពីកម្មវិធី “ការសិក្សាបែបចម្រុះ” ថាពួកគេចូលចិត្តការរៀបចំថ្នាក់រៀនថ្មី កម្មវិធីសិក្សាចម្រុះ និងការដឹកនាំបង្រៀនរបស់គ្រូប្រកបដោយវិជ្ជាជីវៈ។ ចំណែកយុវជនសហគមន៍វិញ ពួកគាត់បាននិយាយថាកម្មវិធី “បណ្តាញយុវជនសកល” ជាកម្មវិធីល្អ កម្មវិធីនេះលើកទឹកចិត្តពួកគាត់ឲ្យក្លាហាន, ផ្សារភ្ជាប់ពួកគាត់ទៅនឹងពិភពលោកខាងក្រៅ ហើយបានផ្តល់នូវការយល់ដឹង អំពីគំនិតនៃការរួមរស់និងការចេះអាណិតអាសូរជាសកល។

១. គម្រោង “ការសិក្សាបែបចម្រុះ”
ការសិក្សាបែបចម្រុះ គឺជាវិធីសាស្រ្តសិក្សាប្រកបដោយភាពច្នៃប្រឌិត ដែលរួមបញ្ចូលវិធីសាស្រ្តបង្រៀនបែបបុរាណជាមួយនឹងការរៀនបែបឌីជីថល ដើម្បីបង្កើតបទពិសោធន៍សិក្សា ដោយផ្តោតលើសិស្សខ្លាំងជាងមុន។ អង្គការហ្គូដណេប៊ឺសកម្ពុជាបានអនុវត្តគម្រោងសិក្សាបែបចម្រុះនេះ ជាលើកដំបូងជាមួយសាលាបឋមសិក្សាឬស្សីសាញ់ក្នុងទីក្រុងភ្នំពេញ ដោយពឹងផ្អែកលើគំរូ បំលាស់ទីក្នុងថ្នាក់រៀន (Station Rotation Model) ដែលជាទម្រង់មួយក្នុងចំណោមទម្រង់ត្រូវបានអនុវត្តសម្រាប់ការសិក្សាបែបចម្រុះ។ ពួកយើងបង្កើតរចនាសម្ព័ន្ធថ្នាក់រៀនប្រកបដោយផាសុកភាព និងពហុមុខងារជូនដល់សិស្សានុសិស្ស ដើម្បីអាចចូលរួមជាមួយមេរៀនបែបចម្រុះ និងការអនុវត្តផ្សេងទៀតបានយ៉ាងសប្បាយរីករាយ និងមិនមានភាពធុញទ្រាន់។ ក្នុងថ្នាក់រៀនរបស់ពួកយើងមានទីតាំងបីផ្សេងៗគ្នា រួមមានទីតាំងសម្រាប់រៀនជាមួយគ្រូបង្គោល ទីតាំងសម្រាប់រៀនខ្លួនឯងដោយប្រើប្រាស់កុំព្យូទ័រ និងទីតាំងសម្រាប់អនុវត្តមេរៀន យ៉ាងគ្រប់ជ្រុងជ្រោយ តាមពេលវេលាដែលបានផ្តល់ឲ្យ។

២. កម្មវិធីបណ្តាញយុវជនសាកល
យោងតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ អង្គការហ្គូដណេប៊ឺសកម្ពុជាផ្សារភ្ជាប់យុវជននិងកុមារកម្ពុជាជាមួយពិភពឌីជីថល ការអប់រំល្អប្រសើរ និងឱកាសទទួលបានបទពិសោធន៍ថ្មីនៃយុវជនភាពរបស់ពួកគាត់។ កម្មវិធីបណ្តាញយុវជនសាកល (GYN) គឺជាកម្មវិធីដែលជំរុញឲ្យយុវជនមានទំនាក់ទំនងជាមួយមិត្តភក្តិចម្រុះជាតិសាសន៍ និងផ្សារភ្ជាប់ពួកគាត់ទៅនឹងបញ្ហាសង្គម តាមរយៈវេទិកាអនឡាញ។ គោលបំណងរបស់កម្មវិធីបណ្តាញយុវជនសកល គឺដើម្បីអភិវឌ្ឍបុគ្គលឲ្យអាចដឹកនាំខ្លួនឯង មានទំនួលខុសត្រូវ ចូលរួមដោះស្រាយបញ្ហាសាកល ហើយលើកទឹកចិត្តឲ្យពួកគាត់រស់នៅក្នុងសង្គមដែលពុំមានអ្វីអាចរារាំងពួកគាត់ពីជីវិតល្អប្រសើរ។ តាមរយៈកម្មវិធីនេះ យុវជនកម្ពុជាបានជួបសំណេះសំណាលជាមួយយុវជនមកពីប្រទេសផ្សេងៗ ស្វែងយល់ពីវប្បធម៌ចម្រុះ ដើម្បីពង្រឹងស្មារតីនៃការគោរពសិទ្ធិមនុស្ស និងភាពចម្រុះជាតិសាសន៍ ខណៈពេលដែលកំពុងបង្កើតមិត្តភាពថ្មី។

ករណីសិក្សា
“ពួកយើងផ្សារភ្ជាប់ទំនាក់ទំនង, ពួកយើងផ្លាស់ប្តូរ”

ទីតាំងរស់នៅ និងរយៈចម្ងាយបានរារាំងប្រជាជនមួយចំនួនពីការអប់រំល្អ ចំណេះដឹងទូទៅ ការយល់ដឹងពីបញ្ហាសាកល និងទំនាក់ទំនងជាមួយអ្នកដែលមាន ឬ ក្តោបក្តាប់ព័ត៌មាន។ នៅទីនោះយុវជន និងកុមាររីកលូតលាស់ជាមួយប្រព័ន្ធអប់រំបែបចាស់ ហើយសិក្សាតាមសៀវភៅ ឬ ឧបករណ៍ជំនួយគ្មា​នទំនើបភាពដែលវាមានស្រាប់នៅតាមបណ្ណាល័យ។ ចំពោះបញ្ហាសង្គមវិញ ពួកគាត់ពុំបានយល់ដឹងស៊ីជម្រៅអំពីវិបត្តិ និងផលប៉ះពាល់ ឬ វិធីសាស្ត្រក្នុងការទប់ស្កាត់វាឡើយ។ ពួកគាត់អាចដឹង ពេលមានបញ្ហាបានកើតឡើង ឬ វាកំពុងតែបង្ករផលលំបាកដល់គាត់។

កុមារា យិន ហាក់សេង សិស្សថ្នាក់ទី ៦ នៃសាលាបឋមសិក្សាអូហ្គុរ៉ា ត្រកៀត ក្នុងសហគមន៍ដង្កោ មានបទពិសោធន៍ក្នុងកម្មវិធី “បណ្តាញយុវជនសាកល” ហើយបានកត់សម្គាល់ថា គាត់គួរតែរួមចំណែកជាមួយមនុស្សជុំវិញ និងសង្គមឲ្យបានច្រើនជាងមុន។ បន្ទាប់ពីបានចូលរួមកម្មវិធី បណ្តាញយុវជនសាកលក្នុងឆ្នាំ ២០២៣ គាត់បាននិយាយថា “ខ្ញុំបានរៀនមេរៀនជាច្រើន ហើយទទួលបានបទពិសោធន៍ថ្មីពាក់ព័ន្ធនឹងជីវភាពរស់នៅក្នុងសង្គមបច្ចុប្បន្ន វប្បធម៌កូរ៉េ (អាហារ សំលៀកបំពាក់ និងលំនៅដ្ឋានបែបប្រពៃណីកូរ៉េ) និងបានយល់ដឹងអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពទាំង ១៧ របស់អង្គការសហប្រជាជាតិ។ គាត់បានបន្ថែមថា “នៅក្នុងកម្មវិធីខ្ញុំបានអនុវត្តវិធី ដើម្បីសម្រេចបានតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ហើយខ្ញុំប្តេជ្ញាថានឹងបន្តអនុវត្តវានៅក្នុងជីវិតប្រចាំថ្ងៃ។ ខ្ញុំនឹងដាំដើមឈើបន្ថែម សម្អាតបរិស្ថានជុំវិញ និងមិនកាប់ឆ្ការព្រៃឈើឡើយ”។

ពាក្យបណ្តុះគំនិត
“យុវជន និងកុមារសហគមន៍ត្រូវតែទទួលបានសិទ្ធិមានទំនួលខុសត្រូវលើជីវិតប្រចាំថ្ងៃ ហើយអាចរស់នៅក្នុងសង្គមដែលពុំមានអ្វីមករារាំងពួកគាត់ពីការរស់នៅល្អ”។