អង្គការហ្គូដណេប៊ឺសកម្ពុជាមានកាតព្វកិច្ច និងមានឆន្ទះខ្ពស់ក្នុងការបង្កើតឲ្យមានសហគមន៍ប្រកបដោយនិរន្តភាពដែលប្រជាជនមានជីវិតល្អប្រសើរជាមួយសេដ្ឋកិច្ចស្ថិរភាព និងហិរញ្ញវត្ថុគ្រប់គ្រាន់ រស់នៅយ៉ាងសន្តិភាពជាមួយការអភវិឌ្ឍន៍សមរម្យ។ ហើយក្នុងបំណាច់ឆ្នាំ២០២៣ ពួកយើងមានកិត្តិយសក្នុងការរៀបចំកម្មវិធីបើកសន្និបាតលើកទី១ របស់សហគមន៍ដឹកជញ្ជូនហ្គូដលីង ជាមួយប្រជាជនសហគមន៍ និងដៃគូសហការ។

កាលពីថ្ងៃទី ១ ខែធ្នូ សហគមន៍ហ្គូដលីង (គម្រោងរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា) បានរៀបចំកម្មវិធីសន្និបាតរបស់ខ្លួនដែលប្រារព្ធឡើងនៅសាលប្រជុំសាលាខណ្ឌដង្កោ ក្រោមវត្តមានរបស់លោក Jang Dongwon នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា- GNC, លោកស្រី Che Jungwon នាយិការងប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ – KOICA, លោក ទុយ ច័ន្ទ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ សមាជិករបស់សហគមន៍ហ្គូដលីង និងភាគីពាក់ព័ន្ធជាមួយគម្រោងគ្រប់រូប។

នៅក្នុងកម្មវិធី លោក ទុយ ច័ន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការហ្គូដណេប៊ឹសកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ខណ្ឌដង្កោ និងគាំទ្រប្រជាជនសហគមន៍យ៉ាងជាប់លាប់។ លោកបានបន្តដោយការថ្លែងអំណរគុណចំពោះអ្នកបើកបរគ្រប់រូបសម្រាប់ឆន្ទៈ ក្នុងការអភិវឌ្ឍន៍ការជីវភាពរបស់ពួកគេ ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។ ជាចុងក្រោយគាត់បានមានប្រសាសន៍លើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ឱ្យខិតខំផ្លាស់ប្តូរជីវិតរបស់ពួកគេ និងបន្តសហការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា ។

 

ជាមួយការកោតសរសើរដ៏ខ្ពង់ខ្ពស់ កម្មវិធីបានបន្តជាមួយនឹងការប្រកាសផ្តល់រង្វាន់ដល់អ្នកបើកបរដែលបានបញ្ចប់ការ ទូទាត់សងត្រឡប់ដោយជោគជ័យ ថ្នាក់ដឹកនាំក្រុមសហការ និងអ្នកដែលបំពេញភារកិច្ចបានល្អ (អ្នកដែលបានផ្តល់របាយការណ៍ចំណូល-ចំណាយប្រចាំខែបានត្រឹមត្រូវ)។ បន្តដោយកម្មវិធីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល សមាជិកទាំងអស់បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ដែលនឹងមកកាន់តួនាទីជាអ្នកដឹកនាំឆ្នាំក្រោយ។ មានបេក្ខជន ១០នាក់ បានស្ម័គ្រចិត្ដសម្រាប់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល ហើយបន្ទាប់ពីអ្នកបើកបរ ចំនួន ៩៤ នាក់បានបោះឆ្នោតរួចមក មានបេក្ខជន ៥ រូប ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាល ហើយលោក ចក់ បូណ៌មី ទទួលបានសំលេងគាំទ្រច្រើនជាងគេ គាត់បានប្រារព្ធកាតព្វកិច្ចថ្មីរបស់គាត់ជាមួយនឹងការប្រសាសន៍យ៉ាងមានអត្ថន័យថា «ខ្ញុំសូមកោតសរសើរ និងអរគុណចំពោះអ្នកបើកបរទាំងអស់ ហើយខ្ញុំប្តេជ្ញាបម្រើសហគមន៍ដឹកជញ្ជូនឱ្យដំណើរការកាន់តែប្រសើរ»។

ពួកយើងនឹងបន្តលើកទឹកចិត្ត និងគាំទ្រដល់សហគមន៍ដឹកជញ្ជូនហ្គូដលីង ចំពោះការខិតខំប្រឹងប្រែងក្នុងការដំណើរការដោយខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាជិកក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មី ដូចដែលពួកយើងតែងសង្ឃឹមថាពួកយើងនឹងសម្រេចបានគោលដៅរួមរបស់យើងជាមួយសម្រាប់សហគមន៍កម្ពុជា។

* អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងអនុវត្ត ‘ការពង្រីកការងារ និងបង្កើនប្រាក់ចំណូលសំរាប់យុវជន តាមរយៈសហគមន៍ដឹកជញ្ជូន(គម្រោងហ្គូដលីង) “ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)”។