ពួកយើងមានបំណងធ្វើឱ្យប្រជាជនកម្ពុជា មានអារម្មណ៍ថាត្រូវបានគេផ្តល់តម្លៃ មើលឃើញ និងទទួលស្តាប់ តាមរយៈការចូលរួមចំណែកបែបវិជ្ជមាន ហើយពួកយើងស្វះស្វែងក្នុងការកសាងសាលារៀនដែលពោពេញទៅដោយកត្តាជំរុញភាពក្លាហាន និងពាក្យថាអនាគតល្អនៅក្នុងនោះ។ អង្គការហ្គូដណេប៊ឺសកម្ពុជា និងដៃគូសហការបានបង្កើតបរិយាកាសនៃក្តីស្រលាញ់ និងក្តីសង្ឃឹមជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាគោកចេះ ខេត្តកណ្តាល ក្នុងកំឡុងពេលកម្មវិធីឆ្លងចូលឆ្នាំថ្មីឆ្នាំសាកល ២០២៤។

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចុះធ្វើទស្សនកិច្ច គាំទ្រពីធនាគារ ឌី ជី ប៊ី ខេម ខាប់ភីថល និងអាជ្ញាធរប្រចាំតំបន់ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់កាដូ រួមមានសម្ភារៈសិក្សា ៣០០ឈុត និងសំលៀកបំពាក់ចំនួន ២៥០សម្រាប់ ទៅកាន់សិស្សានុសិស្សឆ្នើម ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍខ្លួនឯងបានយ៉ាងល្អប្រសើរ។ អាណាព្យាបាល និងក្រុមគ្រួសាររបស់សិស្សានុសិស្សក៏ទទួលបានកាដូពីកម្មវិធីនេះផងដែរ។

នៅក្នុងកម្មវិធីប្រគល់កាដូ លោក រស់ ធារិទ្ធ ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ឌី ជី ប៊ី ខេម ខាប់ភីថល បានចែករំលែកសារលើកទឹកចិត្តទៅកាន់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកចេះថា “ខ្ញុំសង្ឃឹមថាសិស្សគ្រប់គ្នានឹងបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយក្លាយជាធនធានមានទេពកោសល្យដែលនឹងជួយគាំទ្រសហគមន៍ និងប្រទេសរបស់ខ្លួន ហើយពួកយើងនឹងផ្តល់ការគាំទ្របន្ថែមនាពេលអនាគត”។ បន្ថែមលើនោះទៅទៀត លោក ប៊ិច សូភុន ប្រធានក្រុមប្រឹក្សាឃុំគោកចេះ បានសម្តែងសេចក្តីស្ងប់ស្ងែងទៅកាន់ធនាគារឌី ជី ប៊ី ខេម ខាប់ភីថល និងអង្គការហ្គូដណេប៊ឺសកម្ពុជាថា “កម្មវិធីនេះ គាំទ្ររដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍របស់យើង។ សូមអរគុណចំពោះចិត្តសប្បុរស និងការរួមចំណែករបស់អ្នកគ្រប់គ្នា”។

ការចុះចែកកាដូលើកនេះបានបំផុសឲ្យសិស្សានុសិស្សទាំងអស់មានផ្នត់គំនិតសប្បុរសធម៌ ហើយមានការត្រៀមខ្លួនដើម្បីចាប់ផ្តើមឆ្នាំសិក្សាថ្មី។ ពួកយើងរីករាយដែលបានក្លាយជាផ្នែកមួយនៃសុភមង្គលរបស់កុមារ ហើយសង្ឃឹមថាការរួមចំណែកជាវិជ្ជមាននេះអាចមានឥទ្ធិពលយូរអង្វែង ដល់ភាពរីកចម្រើនរបស់សិស្សានុសិស្ស។

   

ធនាគារឌី ជី ប៊ី ខេម ខាប់ភីថល បានសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជាតាំងពីឆ្នាំ ២០០២ ក្នុងការផ្តល់នូវមធ្យោបាយបង្កើនប្រាក់ចំណូលក្នុងសហគមន៍កម្ពុជាតាមរយៈគម្រោងហ្គូដលីង ដើម្បីលើកកម្ពស់សហគមឲ្យអាចពឹងពាក់លើខ្លួនឯង និងមានឯករាជ្យភាពសេដ្ឋកិច្ច។ បន្ថែមលើនោះទៅទៀត ធនាគារឌី ជី ប៊ី ខេម ខាប់ភីថល បានគាំទ្រគម្រោង និងកម្មវិធីអប់រំកម្រិតបឋមជាច្រើន ដើម្បីបង្កើត ការផ្លាស់ប្តូរល្អក្នុងវិស័យអប់រំសម្រាប់ប្រជាជនកម្ពុជា។

ចាប់តាំងពីឆ្នាំ២០២២ អង្គការហ្គូដណេប៊ឺសកម្ពុជាបានចាប់ផ្ដើមបង្កើតការផ្លាស់ប្តូរល្អនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកម្មវិធីអភិវឌ្ឍន៍សហគមន៍ជាច្រើនកម្មវិធីដូចជា កម្មវិធីគាំពារកុមារ កម្មវិធីអប់រំ កម្មវិធីសុខភាព កម្មវិធីទឹកស្អាតនិងអនាម័យ កម្មវិធីបង្កើនប្រាក់ចំណូល កម្មវិធីស្វែងរកការគាំទ្រមតិ កម្មវិធីសង្គ្រោះបន្ទាន់ និងការងារក្រៅគម្រោងផ្សេងៗទៀតដើម្បីសម្រាលផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ និងភាពអាសន្នដែលកើតមានឡើងភ្លាមៗនៅក្នុងសហគមន៍ ក្រោមកិច្ចសហការពីរដ្ឋាភិបាល អង្គការពាក់ព័ន្ធ អ្នកពាក់ព័ន្ធ និងដៃគូនានា ដើម្បីបង្កើតសង្គមមួយប្រកបដោយសុភមង្គល គ្មានភាពក្រីក្រ។