ទឹកស្អាតគឺជាសម្បត្តិមានតម្លៃមហាសាល និងមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាជននៅតំបន់ជនបទនៃប្រទេសកម្ពុជា។ ដូច្នេះហើយអង្គការហ្គូដណេប៊ឺសកម្ពុជា បានស្ថាបនា និងបង្កើតឱកាសទទួលបានទឹកស្អាតដោយងាយស្រួស ជូនដល់សហគមន៍ក្នុងខេត្តរតនគិរី តាមរយៈមូលនិធិ និងការគាំទ្ររបស់ FILA Group។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ អង្គការហ្គូដណេប៊ឺសកម្ពុជាបានរៀបចំកម្មវិធីប្រគល់ – ទទួលប្រព័ន្ធចម្រោះទឹកស្អាតជូនដល់មណ្ឌលសុខភាព និងប្រជាជនក្នុងតំបន់ ជាផ្លូវការក្រោមអធិបតីភាពលោក ហ៊ិន វិន អភិបាលរងស្រុកកូនមុំ, លោក កង សារឿន អភិបាលនៃគណៈអភិបាលស្រុកបរកែវ ដៃគូពាក់ព័ន្ធ និងប្រជាជនក្នុងតំបន់ជាសរុបចំនួន ២០៥ នាក់។

កម្មវិធីត្រូវបានចាប់ផ្តើមឡើងជាមួយប្រសាសន៍របស់លោក ហ៊ិន វិន ពណ៌នាអំពីជីវិតរស់នៅរបស់ប្រជាជនក្នុងពេលកន្លងមក។ គាត់បានមានប្រសាសន៍ថា ខេត្តរតនគិរីជាតំបន់ដាច់ស្រយាល ការយល់ដឹងរបស់ប្រជាជនអំពីទឹកស្អាត អនាម័យ និងសុខមាលភាពនៅមានកម្រិតទាប។ ភាគច្រើនពួកគាត់បរិភោគ និងប្រើប្រាស់ទឹកពីអណ្តូង ស្រះ ឬ ទឹក ដែលបានមកពីប្រភពមិនច្បាស់លាស់ផ្សេងទៀតដោយផ្ទាល់ ដោយមិនមានការចម្រោះត្រឹមត្រូវ។ បន្ទាប់មកទៀត លោក ហ៊ិន វិន បានសម្តែងក្តីអបអរសាទចំពោះមណ្ឌលសុខភាព និងប្រជាជនទាំងអស់ សម្រាប់ការទទួលបានប្រព័ន្ធចម្រោះទឹកទំនើប មានគុណភាព ដើម្បីបន្សុតទឹកមុនពេលពិសា និងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ បន្ថែមលើនោះទៅទៀត ជំនួសមុខឲ្យប្រជាពលរដ្ឋគ្រប់រូបដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធចម្រោះទឹកថ្មី លោក ហ៊ិន វិន បានថ្លែងសេចក្តីអំណរអរគុណចំពោះ FILA Group រួមជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា សម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្រប្រជាពលរដ្ឋក្នុងស្រុកកូនមុំ ឲ្យមានសុខភាពល្អហើយមានជីវភាពរបស់នៅល្អប្រសើរឡើង។

​​​​

អង្គការហ្គូដណេប៊ឺសកម្ពុជាមានសេចក្តីសោមនស្សរីករាយដែលឃើញប្រជាជនសហគមន៍ទទួលបានក្តីសង្ឃឹមថ្មីក្នុងវិស័យសុខាភិបាល ហើយមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃការរួមចំណែករបស់ FILA Group ក្នុងប្រជាជនកម្ពុជាលើកនេះ។ ការគាំទ្រជាប្រព័ន្ធចម្រោះទឹកស្អាតនឹងជួយនាំឲ្យមានការផ្លាស់ប្តូរល្អនៅក្នុងតំបន់ ពីព្រោះទឹកស្អាតគឺជាប្រភពចម្បងនៃសុខភាព ហើយលទ្ធភាពទទួលបានទឹកល្អស្អាតសម្រាប់ប្រើប្រាស់ គឺជាសិទ្ធដែលប្រជាពលរដ្ឋគ្រប់រូបគួរទទួលបាន។ ពួកយើងទាំងអស់គ្នាសង្ឃឹមថាការឧបត្ថម្ភលើកនេះអាចជួយកាត់បន្ថយបញ្ហាសុខភាព ហើយអាចផ្តល់ក្តីសង្ឃឹម និងសុភមង្គលជូនដល់សហគមន៍។