អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងការពង្រីកលទ្ធភាពទទួលបានគ្រឿងបរិក្ខារសម្អាតដៃទៅកាន់សហគមន៍ ជាពិសេសកុមារនៅតាមសាលារៀន ដើម្បីលើកទឹកចិត្ត និងជម្រុញប្រជាជនសហគមន៍ឲ្យសម្អាតដៃបានញឹកញាប់ ហើយរក្សាទម្លាប់អនុវត្តអនាម័យល្អជាប្រចាំ។ ដោយមានការគាំទ្រពី Lions Club អង្គការហ្គូដណេប៊ឺសកម្ពុជាសម្រេចការសាងសង់កន្លែងសម្អាតដៃល្អ ក្នុងសាលាបឋមសិក្សាចំនួនបីកន្លែងនៃសហគមន៍ថ្មគោល ហើយបានប្រកាសដាក់ឲ្យសិក្សានុសិស្សប្រើប្រាស់ជាផ្លូវការនៅកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះ។

Lions Club និងអង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់កន្លែងសម្អាតដៃល្អអូរតាគី កន្លែងសម្អាតដៃល្អឯកភ្នំ និងកន្លែងសម្អាតដៃល្អគ្រួស ជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដោយក្តីសោមនស្សរីករាយ និងសេចក្តីអបអរសាទរ។​ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងសាលាបឋមសិក្សាអូរតាគី ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់លោកស្រី ស៊ូ ហេជុង អ្នកតំណាងឲ្យក្រុម Lions Club ​លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េនៅកម្ពុជា លោក រៀម សូវៀត នាយកសាលាបឋមសិក្សាអូរតាគី លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងក្រុមម្ចាស់ឧបត្ថម្ភមកពីប្រទេសកូរ៉េជាច្រើនរូបផងដែរ។

ក្រៅពីពិធីប្រគល់ – ទទួលកន្លែងសម្អាតដៃល្អ ពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ ក្រុមទស្សនកិច្ចបានឈ្លៀតឱកាសដ៏ល្អមួយនេះ ធ្វើការប្រគល់អំណោយជាសម្ភារៈសិក្សាចំនួន ២០០ឈុត ជូនសិស្សានុសិស្សដែលបានចូលរួមកម្មវិធីគ្រប់រូប ដោយសង្ឃឹមថាអំណោយទាំងអស់នោះអាចជួយធ្វើឲ្យពួកគាត់ស្រលាញ់ការសិក្សា អនុវត្តអនាម័យល្អនៅក្នុងសាលារៀនដោយក្តីរីករាយ។

នៅក្នុងកម្មវិធី លោកនាយកសាលា លោក​ រៀម សូវៀត បានឡើងសម្តែងសេចក្តីអំណរអរគុណទៅកាន់ម្ចាស់ឧបត្ថម្ភ និងអង្គការហ្គូដណេប៊ឺសកកម្ពុជា សម្រាប់ការគាំទ្រមកកាន់សាលារៀន និងសិស្សានុសិស្ស។ គាត់មានប្រសាសន៍ថា ‘គម្រោងសាងសង់កន្លែងសម្អាតដៃល្អ ជាគម្រោងថ្មីមួយទៀតដែលសាលារៀនរបស់ពួកយើងបានទទួលពីអង្គការហ្គូដណេប៊ឺសកម្ពុជា បន្ថែមលើការគាំទ្រផ្សេងៗកន្លងមក។ ការគាំទ្ររបស់អង្គការហ្គូដណេប៊ឺសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់សិស្ស និងគ្រូបង្រៀន។ ក្នុងនាមជានាយកសាលារៀន ខ្ញុំនឹងថែរក្សាកន្លែងលាងដៃនេះឲ្យបានល្អប្រសើរ និងលើកទឹកចិត្តសិស្សគ្រប់រូបឱ្យអនុវត្តអនាម័យដៃជាប្រចាំ’។

ចំណែកលោកស្រី ស៊ូ ហេជុង វិញ លោកស្រី បានបង្ហាញចំណាប់អារម្មណ៍ និងការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ ថ្មរគោល សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ក៏ដូចជាការខិតខំប្រឹងប្រែងដើម្បីជួយឲ្យបេសកកម្មរបស់ Lions Club ទទួលបានភាពជោគជ័យ និងអាចគាំទ្រប្រទេសកម្ពុជាតាមការរំពឹងទុក។ គាត់បានបន្តថា ‘ពួកយើងសង្ឃឹមថាកន្លែងសម្អាតដៃល្អនេះ នឹងផ្តល់អត្ថប្រយោជន៍ទៅដល់សិស្សានុសិស្សជាច្រើន ឲ្យលាងដៃបានគ្រប់ពេល។ យើងសង្ឃឹមថាសិស្សានុសិស្សនឹងអនុវត្តអនាម័យល្អយ៉ាងប្រសើរ ដើម្បីទទួលបានសុខភាពល្អ។ នៅពេលពួកគាត់មានសុខភាពល្អ ពួកគាត់នឹងទទួលបានលទ្ធផលសិក្សាល្អ។ ខ្ញុំសង្ឃឹមថាសិស្សានុសិស្សទាំងអស់នឹងក្លាយជាធនធានមនុស្សគុណភាព និងជាក្តីសង្ឃឹមថ្មីសម្រាប់ប្រទេសកម្ពុជានាពេលអនាគត។