កិច្ចសហប្រតិបត្តិការរវាង សាមសុងកម្ពុជា និងអង្គការហ្គូដណេប៊ឺសកម្ពុជាក្នុងការផ្តល់សម្ភារៈសិក្សា និងប្រគល់ថេប្លេតម៉ាកសាមសុង ជូនដល់សាលារៀននិងសិស្សានុសិស្សបានផ្តល់ឱកាស ដើម្បីរីកចម្រើន និងបង្កើតដំណើរសិក្សាបែបឌីជីថលសម្រាប់កុមារកម្ពុជា។

កាលពីថ្ងៃទី ១៥ ខែមីនា​ ឆ្នាំ២០២៤ ក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកនូវក្ដីស្រលាញ់របស់ខ្លួន ក្រុមហ៊ុន សាមសុងកម្ពុជា ចែកសម្ភារៈសិក្សាចំនួន ៣៧០ ឈុត ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ជើងឯក ហើយក៏បានប្រគល់ថេប្លេតម៉ាកសាមសុងចំនួន ៤០គ្រឿងជូនអង្គការហ្គូដណេប៊ឺសកម្ពុជាផងដែរ ក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគាត់។

នៅក្នុងកម្មវិធី លោក ឈី វណ្ណ: នាយកសាលាបឋមសិក្សាជើងឯក បានស្វាគមន៍ និងសម្តែងនូវចំណាប់អារម្មណ៍ថា “ជំនួសមុខឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់រូប ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន សាមសុងកម្ពុជា និងអង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះអនាគតកុមារ និងលើកទឹកចិត្តពួកគាត់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ តាមរយៈការឧបត្ថម្ភជាសម្ភារៈសិក្សាដល់សិស្សានុសិស្សដូចនេះ។

លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ទស្សនវិស័យរបស់សាមសុង គឺអនាគតកុមារកម្ពុជា ដូច្នេះហើយយើងស្វះស្វែងគាំទ្រកុមារកម្ពុជា ឱ្យទទួលបាននូវសម្ភារៈសិក្សាក៏ដូចជាឧបករណ៍ស្រាវជ្រាវដែលផ្សារភ្ជាប់នូវបច្ចេកវិទ្យាគ្រប់គ្រាន់សម្រាប់ជំនួយដល់ការសិក្សា​ ការរីកលូតលាស់ផ្នែកសតិបញ្ញា និងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ” ។

លោក Kasper Min Simonsen ប្រធាននាយកដ្ឋានមូលនិធិ ប្រចាំអង្គការហ្គូដណេប៊ឺសកម្ពុជា បានសម្តែងចំណាប់អារម្មណ៍ និងសេចក្តីថ្លែងអំណរគុណចំពោះក្រុមហ៊ុនសាមសុងកម្ពុជា ដោយមានប្រសាសន៍ថា៖ “សាមសុងកម្ពុជា គឺជាដៃគូសហការជាទីមោទនភាពរបស់ពួកយើង។ ខ្ញុំបាទស្ងប់ស្ងែង ដល់ឆន្ទៈក្នុងការគាំទ្រវិស័យអប់រំ ការរួមចំណែក និងការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ជាវិជ្ជមានរបស់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនសាមសុងបានបង្ហាញ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកដ៏សប្បុរសរបស់អ្នក ដល់សាលាជើងឯក និងអង្គការហ្គូដណេប៊ឺសកម្ពុជា”។