ដើម្បីទទួលបានការអភិវឌ្ឍន៍ និងអនាគតល្អ វិស័យអប់រំជាវិស័យដែលគ្រប់គ្នាមិនគួរមើលរំលង។ ការអប់រំល្អអាចកែច្នៃធនធានមនុស្ស ហើយការគាំទ្រដើម្បីទទួលបានការអប់រំល្អអាចធ្វើឲ្យមានការផ្លាស់ប្តូរលើច្រើនផ្នែក។ អង្គការហ្គូដណេប៊ឺសកម្ពុជា យល់យ៉ាងច្បាស់អំពីឥទ្ធិពលដែលបានរៀបរាប់ខាងលើ ហើយបានធ្វើការដើម្បីការអប់រំល្អក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការផ្ទាល់ និងតាមរយៈភាពជាដៃគូជាមួយរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងបណ្តាសាលារៀន។ អង្គការហ្គូដណេប៊ឺសកម្ពុជាផ្តល់អាហារូបករណ៍ បង្កើតគម្រោងការសិក្សាបែបចម្រុះ បង្កើតវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភអំណោយជាសាច់ប្រាក់ និងសម្ភារៈ ជូនដល់យុវជន និងកុមារកម្ពុជា ដើម្បីទទួលបានភាពជោគជ័យក្នុងការអភិវឌ្ឍន៍ខ្លួន ។ ជាពិសេស ពួកយើងកំពុងជួយកម្ពុជាធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ហើយជួយប្រជាជនសហគមន៍ និងកុមារនៅតាមតំបន់ក្រីក្រ ឲ្យរស់នៅក្នុងបរិយាកាសល្អប្រសើរ។ ថ្មីៗនេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានឧបត្ថម្ភបរិក្ខារសាលារៀនរួមមាន តុសិស្ស ក្តាខៀនប្រើហ្វឺត កង្ហារ សាងសង់កន្លែងលាងដៃ បង្គន់អនាម័យសម្រាប់សិស្សប្រុស សម្ភារៈបណ្ណាល័យ សៀវភៅកុមារក្នុងបណ្ណាល័យ ម៉ាស៊ីនព្រីនឯកសា និងកំព្យូទ័រសម្រាប់លោកគ្រូអ្នកគ្រូ ជាទឹកប្រាក់សរុបចំនួន ១១, ១៥៦.៣៥ ដុល្លាសហរដ្ឋអាមេរិក ជូនដល់សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។

 

នៅថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ដោយមានការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អង្គការហ្គូដណេប៊ឺសកម្ពុជាបានផ្តល់ និងបានរៀបចំកម្មវិធីប្រគល់-ទទួលបរិក្ខារសិក្សានិងបរិក្ខារអនាម័យជូនដល់សាលារៀន ក្រោមអធិបតីភាពរបស់ លោកជំទាវ ទូច សុផារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហូយ សុភាព អគ្គនាយករង លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េ នៅកម្ពុជា លោកស្រី សុខ មីចា អនុប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េ នៅកម្ពុជា ប្រធានការិយាល័យអប់រំស្រុក អាជ្ញាធរមូលដ្ឋាន នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ២៣០នាក់ ដើម្បីអបអរសាទរសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលទទួលបានបរិយាកាសសិក្សាថ្មីប្រកបដោយផាសុកភាព និងជំនួយដល់ប្រសិទ្ធភាពការសិក្សា ក៏ដូចជាការបង្រៀន។

តំណាងឲ្យសិស្សានុសិស្សជាង ២០០នាក់ និងតំណាងឲ្យប្រជាជននៅក្នុងភូមិកោះថ្មី ទាំងមូល លោក សួន សុភាព នាយកសាលាបឋមសិក្សាប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី បានឡើងបង្ហាញពីរបាយការណ៍ដំណើរការអភិវឌ្ឍន៍របស់សាលារៀន និងបានសម្តែងសេចក្តីថ្លែងអំណរគុណទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ឱកាស និងអរគុណដល់អង្គការហ្គូដណេប៊ឺសកម្ពុជាចំពោះការគាំទ្រ និងការរួមចំណែកដែលមិនអាចកាត់ថ្លៃបាននេះ។ គាត់បានបន្តថា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សគ្រប់រូបនៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន កោះថ្មី និងប្រើប្រាស់បរិក្ខារសាលារៀនប្រកបដោយប្រសិទ្ធភាព និងយ៉ាងប្រុងប្រយ័ត្នពីមួយជំនាន់ ទៅមួយជំនាន់ទៀត។

រួមជាមួយគ្នានោះផងដែរ លោកជំទាវ ទូច សុផារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា បរិយាកាសថ្នាក់រៀននៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី មានការប្រែប្រួលទៅរកភាពល្អប្រសើរគួរជាទីចាប់អារម្មណ៍ បើប្រៀបធៀបទៅនឹងស្ថានភាពមុនពេលទទួលបានការឧបត្ថម្ភ។ លោកជំទាវបានបន្តដោយការបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា លោកជំទាវមានចិត្តសប្បាយរីករាយដែលបានឃើញថាសិស្សានុសិស្សនៅតំបន់ជនបទនៃប្រទេសកម្ពុជាទទួលបានការយកចិត្តទុកដាក់ល្អ។ លោកជំទាវលើកទឹកចិត្តឲ្យសិស្សសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី ទាំងអស់មានការសាមគ្គីក្នុងការមើលថែរក្សាបរិក្ខារសាលារៀន ដាំផ្កាបន្ថែមក្នុងទីធ្លាសាលា និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សា និងមានអនាគតល្អ។ ទន្ទឹមនឹងនោះផងដែរលោកជំទាវ បានថ្លែងអំណរគុណចំពោះអង្គការហ្គូដណេប៊ឺសកម្ពុជា សម្រាប់ការបង្ហាញពីការយកចិត្តទុកដាក់ក្នុងការជួយដល់អ្នកជំនាន់ក្រោយរបស់ប្រទេសកម្ពុជា ក្នុងវិស័យអប់រំ។

ចំណែក លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េ នៅកម្ពុជាវិញ គាត់បានសម្តែងការអបអរសាទរចំពោះសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី ដែលទទួលបានបរិស្ថានសិក្សាល្អ និងមានផាសុកភាព។ លើសពីនោះទៅទៀត លោកនាយក បានថ្លែងអំណរគុណចំពោះឱកាសដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងការចូលរួម និងប្រគល់អំណោយនាពេលនេះ។ គាត់បានបន្តដោយមានប្រសាសន៍ថា “ក្នុងនាមជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េ នៅកម្ពុជា ខ្ញុំនឹងលើកទឹកចិត្តអង្គការមិនមែនរដ្ឋាភិបាលកូរ៉េ និងដៃគូសហការឲ្យបន្តរួមចំណែកជួយអភិវឌ្ឍន៍បន្ថែមនាពេលអនាគត”។

ជាចុងក្រោយអង្គពិធីទាំងមូលបានចុះទស្សនកិច្ចថ្នាក់រៀន ទីចាត់ការ បណ្ណាល័យ កន្លែងសម្អាតដៃ ដែលទើបបានបំពាក់បរិក្ខារសាលារៀនថ្មីៗ ហើយបានសំណេះសំណាលជាមួយសិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូគ្រប់ថ្នាក់ដើម្បីលើកទឹកចិត្តឲ្យប្រឹងប្រែងសិក្សារៀនសូត្រ និងចូលរួមថែរក្សាបរិក្ខារសាលាដើម្បីប្រើប្រាស់បានយូរអង្វែង។

តាំងពីឆ្នាំ២០០២ អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលជាដៃគូសហការរបស់គម្រោង ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលបាននិងកំពុងបន្តគម្រោងអភិវឌ្ឍន៍សហគមន៍កម្ពុជាលើវិស័យអប់រំ សុខភាព ទឹកស្អាតនិងអនាម័យ ការបង្កើនចំណូល ជាបន្តបន្ទាប់ដោយមានចូលរួមគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធ និងដៃគូសហការ ដើម្បីអភិវឌ្ឍពិភពលោកឲ្យទៅជាកន្លែងដែលគ្មានភាពស្រេកឃ្លាន និងជាកន្លែងដែលមនុស្សរស់នៅជាមួយគ្នាដោយសុខដុមរមនា។