អង្គការហ្គូដណេប៊ឺសកម្ពុជាបានបញ្ចប់ការសាងសង់គម្រោងទឹកស្អាតមួយកន្លែង ស្ថិតក្នុងភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ហើយបានរៀបចំកម្មវិធីបើកសម្ភោធ និងប្រគល់ស្ថានីយទឹកល្អនោះជូនប្រជាជនសហគមន៍ប្រកបដោយក្តីសោមនស្សរីករាយ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានសហការជាមួយរដ្ឋាភិបាល និងដៃគូសហការក្នុងតំបន់ ដើម្បីរៀបចំកម្មវិធីបើកសម្ភោធស្ថានីយទឹកល្អស្រែចារ ជាមួយភ្ញៀវកិត្តិយសដែលជាប្រជាជនសហគមន៍ចំនួន ១៦៣នាក់ និងក្រោមអធិបតីភាពរបស់ឯកឧត្តម សួស សិរីសួស្តី អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក លឹម ជាវហាវ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ លោក សំ ណាល់ អភិបាលស្រុកស្នួល លោក ធូ យូលី ប្រធានក្រុមប្រឹក្សាឃុំស្រែចារ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េនៅកម្ពុជា អាជ្ញាធរក្នុងតំបន់ និងគណៈកម្មការស្ថានីយទឹកល្អ។

ជំនួសមុខឲ្យប្រជាជនក្នុងឃុំស្រែចារ លោក ធូ យូលី ស្វាគមន៍អង្គកម្មវិធីទាំងមូលជាមួយរបាយការណ៍អភិវឌ្ឍន៍របស់ឃុំ ដោយបានបង្ហាញអំពីសមទ្ធិផលការអភវិឌ្ឍន៍ដែលបានទទួលពីការគាំទ្ររបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងសេចក្តីថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភជាស្ថានីយទឹកល្អនៅក្នុងភូមិស្អាតដែលផ្តល់ទឹកស្អាតជូនប្រជាជនដើម្បីពិសា ហើយអាចរស់នៅងាយស្រួលជាងមុន។

បន្ទាប់មកទៀត លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា បានឡើងសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់គណៈអធិបតីនិងអ្នកចូលរួមគ្រប់គ្នា សម្តែងការដឹងគុណចំពោះដៃគូពាក់ព័ន្ធគ្រប់រូបសម្រាប់ការជួយជ្រុមជ្រែងសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា ចែករំលែកពីបេសកកម្ម និងឆន្ទៈក្នុងការបន្តគាំទ្រសហគមន៍ស្នួល ហើយជាចុងក្រោយ លោកបានអបអរសាទរប្រជាជនសហគមន៍សម្រាប់ការទទួលបានស្ថានីយទឹកល្អ ដែលមានគុណតម្លៃស្មើរនឹងក្តីសង្ឃឹម និងសុខភាពថ្មីរបស់ប្រជាជន។

 

កម្មវិធីបានបន្តដោយប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តម សួស សិរីសួស្តី ដែលបានចែករំលែកអំពីសារៈសំខាន់នៃទឹកស្អាត សំណូមពរប្រជាពលរដ្ឋគ្រប់រូបឲ្យឈប់បំពុលទឹក និងបានសម្តែងក្តីកោតសសើរចំពោះបុគ្គលិកអង្គការហ្គូដណេប៊ឺសកម្ពុជាដែលបានខិតខំប្រឹងប្រែងធ្វើការងារដើម្បីសហគមន៍ទាំងមូល។

អង្គការហ្គូដណេប៊ឺសកម្ពុជាបានធ្វើការ ដើម្បីលើកស្ទួយទឹកគុណភាពសម្រាប់ប្រជាជនកម្ពុជា ជាពិសេសនៅទីជនបទ និងតំបន់ដាច់ស្រយាល ដែលការយល់ដឹងអំពីទឹកនៅមានកម្រិត ពួកយើងធ្វើការលើផ្នែកនេះយ៉ាងយកចិត្តទុកដាក់ព្រោះពួកយើងដឹងថាគឺជាតម្រូវការចាំបាច់បំផុតសម្រាប់ជីវិត ហើយការទទួលទានទឹកសុវត្ថិភាព គឺចាំបាច់សម្រាប់សារពាង្គកាយ សតិបញ្ញា និងសុខភាពទូទៅរបស់មនុស្សគ្រប់រូប។