ភាពក្រីក្រគឺជាបញ្ហាដ៏ស្មុគស្មាញមួយ ហើយបញ្ហានេះកើតមានក្នុងគ្រប់វិស័យទាំងអស់។ អង្គការហ្គូដណេប៊ឺសកម្ពុជា ខិតខំប្រឹងប្រែងដោះស្រាយឬសគល់នៃភាពក្រីក្រនេះ តាមវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយផ្ដោតលើការអភិវឌ្ឍប្រាំទម្រង់ដូចជា ការអភិវឌ្ឍផ្នែករាងកាយ បញ្ញា អារម្មណ៍ សង្គម និងស្មារតី។ ការអភិវឌ្ឍបែបបំផ្លាស់ប្រែ គឺជាដំណើរការដែលកុមារ និងសហគមន៍អាចកំណត់ឬសគល់នៃភាពក្រីក្រ និងដោះស្រាយបញ្ហាទាំងនេះដោយការផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថ។ ដូច្នេះ ការអភិវឌ្ឍបែបបំផ្លាស់ប្រែនេះ ចូលរួមចំណែកដោះស្រាយភាពក្រីក្រ​តាមរយៈកិច្ចអន្តរាគមន៍គ្រប់ជ្រុងជ្រោយដែលកំណត់គោលដៅលើទិដ្ឋភាពទាំងប្រាំដែលបានបញ្ជាក់ខាងលើ។ ដើម្បីអនុវត្តការអភិវឌ្ឍបែបបំផ្លាស់ប្រែនេះបាន អង្គការហ្គូដណេប៊ឺសកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកស្ដីពីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងការផ្លាស់ប្ដូរជាមូលដ្ឋាន ព្រមទាំងធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍ ដើម្បីផ្ដល់អំណាចដល់កុមារ ក្រុមគ្រួសារ និងសហគមន៍ តាមរយៈការផ្ដល់ចំណេះដឹង និងធនធាន ដើម្បីពង្រឹងគុណភាពជីវិត និងសុខុមាភាពរបស់កុមារ។