អង្គការហ្គូដណេប៊ឺសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសព័ត៌មាននៃការបោះពុម្ភ ‘របាយការណ៍ប្រចាំឆ្នាំ ២០២១’ ។ នៅឆ្នាំ ២០២១ ហ្គូដណេប៊ឺសកម្ពុជា បានចុះឈ្មោះ និងឧបត្ថម្ភកុមារចំនួន ១២ ៨៩១ នាក់ នៅក្នុងគម្រោងគាំទ្រកុមារ ហើយកុមារ ១៣ ៩៣៣​ នាក់ ត្រូវបានការពារពីអំពើហិង្សា ការរំលោភបំពាន ការរើសអើង និងការគំរាមកំហែងផ្សេងៗទៀត ដែលជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលនៃគម្រោងរបស់អង្គការ ។

សម្រាប់គម្រោងជីវិតរស់នៅប្រកបដោយនិរន្តរភាព និងប្រសើរជាងមុន ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងទៀត ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា បានផ្តល់ការគាំទ្រលើផ្នែក ទឹកស្អាត និងអនាម័យ និងសុខភាព។ ប្រជាជនចំនួន ៥៦៧០៤ នាក់ បានទៅ មណ្ឌលសុខភាពដែលមានសេវាកម្មប្រសើរជាងមុន និងប្រជាជនចំនួន ៧៤៤០៥ នាក់ បានប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍អនាម័យ។ ចំណែកឯនៅក្នុងគម្រោងអប់រំវិញ ហ្អូដណេប៊ឺសកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់កុមារចំនួន ៥៦២១៤​ នាក់ ដើម្បីឲ្យទទួលការអប់រំដែលមានគុណភាព។

ក្នុងឆ្នាំ ២០២១ គឺជាពេលវេលាដ៏លំបាក ដោយសារការរីករាលដាលនៃជំងឺ កូវីដ១៩។ អង្គការហ្គូដណេប៊ឺសកម្ពុជា បានឧបត្ថម្ភជាបរិភោគ និងសម្ភារអនាម័យ ដើម្បីការពារពីឆ្លងរីករាលដាល ជំងឺកូវីដ ១៩ ដល់ប្រជាជនចំនួន ១១៥២៦នាក់ ដែលត្រូវការជំនួយជាបន្ទាន់។ លើសពីនេះទៅទៀត ហ្គូដណេប៊ឺសកម្ពុជា ក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុផងដែរ ដោយបានលើកទឹកចិត្តប្រជាជនចំនួន ៤១១១ នាក់ ចូលរួមក្នុងការការពារបរិស្ថាន ដើម្បីបង្កើនចំណេះដឹងពីបញ្ហា ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង និងលើកកម្ពស់ការប្រើប្រាស់ធនធានដែលអាចកែច្នៃឡើងវិញ។

សមិទ្ធិផលទាំងអស់នេះមិនអាចសម្រេចបានដោយ អង្គការហ្គូដណេប៊ឺសកម្ពុជា តែម្នាក់ឯងទេ។ ដៃគូសំខាន់ៗចំនួន ១៦៤៦ បានចូលរួមយ៉ាងសកម្មនៅក្នុង កម្មវិធីអភិវឌ្ឍន៍សហគមន៍ របស់ អង្គការហ្គូដណេប៊ឺសកម្ពុជា ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋចំនួន ៨៦៨ នាក់បានចូលរួម និងពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់ពួកគេ ដោយមានគាំទ្រពីគម្រោងបង្កើតប្រាក់ចំណូល។

ដូច្នេះ យើងសូមណែនាំទៅកាន់ អ្នកទាំងអស់គ្នាពីសកម្មភាពរបស់ ហ្គូដណេប៊ឺសកម្ពុជា នៅក្នុងឆ្នាំ ២០២១ ដែលបានលម្អិតនៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះ។ សូមទាញយកឯកសារ (ជាភាសាអង់គ្លេស) នៅទីនេះ!