កាលពីថ្ងៃទី៧ ខែធ្នូ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រកាសផ្សព្វផ្សាយអំពីកម្មវិធីបញ្ចប់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” ដែលត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (ហៅកាត់ថា មជ្ឈមណ្ឌល HRD) និងក្រោមជំនួយឧបត្ថម្ភរបស់ធនាគារ ខេប៊ី គូកមីន។ កម្មវិធីនេះប្រព្រឹត្តជាមួយអ្នកចូលរួមចំនួន ១៣០នាក់ រួមមានអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្ដម ផាក ជុង វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា វត្តមានរបស់មន្ត្រីរាជកា ក្រុមហ៊ុនឯកជនក្នុងស្រុក រួមជាមួយសិក្សានុសិស្សដែលកំពុងបញ្ចប់ការសិក្សាចំនួន ៥៩នាក់ផ្សេងទៀតដែលបានអញ្ជើញចូលរួមកម្មវិធី ។

ចាប់ផ្តើមដោយសំឡេងទះដៃស្វាគមន៍ប្រកបដោយថាមពល សិស្សានុសិស្សរបស់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” បានឡើងធ្វើបទបង្ហាញ អំពីសមិទ្ធផលការសិក្សាប្រកបដោយភាពជឿជាក់ជាមួយបទបង្ហាញវីដេអូ និងការបង្ហាញគម្រោងដោយផ្ទាល់ស្តីពីការវិភាគទិន្នន័យ ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ (Android, iOS) រចនាសម្ព័ន្ធនៃប្លក់ឆេន (blockchain) និងសមិទ្ធផលផ្សេងៗដែលពួកគេសម្រេចបាន ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងឲ្យរដ្ឋាភិបាលកម្ពុជា បានសម្តែងសេចក្តីកោតស្ងប់ស្ងែងទៅកាន់ក្រុមហ៊ុន វែប ខាស (Webcash) ធនាគារ ខេប៊ី គូកមីន មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី សម្រាប់ការគាំទ្រ ដើម្បីអភិវឌ្ឍធនធានឯកទេសនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមថាសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានាពេលនេះនឹងក្លាយជាធនធានទេពកោសល្យសំខាន់ៗសម្រាប់ឌីជីថលនីយកម្មរបស់កម្ពុជា តាមផែនការរយៈពេលមធ្យមដល់រយៈពេលវែងរបស់វិស័យ 3D ដែលបានរៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនោះទៅទៀតឯកឧត្ដម ផាក ជុង វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “គម្រោងនេះ គឺជាគំរូដែលនាំឲ្យមានកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យរវាងក្រុមហ៊ុនឯកជន រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូង។ ខ្ញុំបាទ សង្ឃឹមថាគម្រោងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការស្ថាបនាធនធានមនុស្សឆ្នើមជាច្រើននៅក្នុងឧស្សាហកម្ម បច្ចេកវិទ្យាក្នុងកម្ពុជា”។

ជួសមុខឲ្យធនាគារខេប៊ី គូកមីន លោក ហឿន ហុន្នី អនុប្រធានប្រតិបត្តិរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក បានសម្តែងសេចក្តីអបអរសាទរដល់សិស្សានុសិស្សដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលធនធានឯកទេសជំនាន់ទី១១ ហើយបានសម្តែងនូវសេចក្តីរីករាយក្នុងការចូលរួមក្នុងគម្រោងដ៏មានអត្ថន័យ ដើម្បីការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាមួយនេះ។ គាត់បានបន្តសម្តែងការគាំទ្រលើគម្រោងដោយមានប្រសាសន៍ថា “ធនាគារខេប៊ី គូកមីន និងធនាគារ ខេប៊ីប្រាសាក់ ម.ក នឹងបន្តឧបត្ថម្ភគម្រោងនេះ ដើម្បីអភិវឌ្ឍន៍ធនធានឯកទេសក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថលក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំនេះរហូតដល់ឆ្នាំ ២០២៧”។

ចាប់តាំងពីឆ្នាំ ២០១២ ធនាគារខេប៊ី គូកមីន (ខេប៊ីប្រាសាក់ ម.ក) បានអនុវត្តសកម្មភាពទំនួលខុសត្រូវសង្គមសាជីវកម្មលើផ្នែកជាច្រើនផ្នែករួមមានដូចជាគាំទ្រសុខភាពអ្នកមានជម្ងឺបេះដូច ផ្តល់អាហារូបករណ៍ជូនសិស្សខ្វះខាត លើកកម្ពស់ការថែទាំសុខភាព និងការអប់រំសម្រាប់ជនក្រីក្រជាដើម។ ក្នុងឆ្នាំនេះធនាគារខេប៊ី គូកមីន បានគាំទ្រលើការកែលំអរសំណង់ក្នុងមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី និងធ្វើវឌ្ឍនភាពលើប្រតិបត្តិការវគ្គបណ្តុះបណ្តាល បង្កើតបរិយាកាសសិក្សាដែលមានផាសុកភាពជាងមុនសម្រាប់សិស្សានុសិស្សកម្ពុជាឲ្យទទួលបានប្រសិទ្ធិភាពការសិក្សាខ្ពស់ ពីព្រោះវាជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ស្ថាប័ន ។

តាំងពីឆ្នាំ២០០២ អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលជាដៃគូសហការរបស់គម្រោង ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលបាននិងកំពុងបន្តគម្រោងអភិវឌ្ឍន៍សហគមន៍កម្ពុជាលើវិស័យអប់រំ សុខភាព ទឹកស្អាតនិងអនាម័យ ការបង្កើនចំណូល ជាបន្តបន្ទាប់ដោយមានចូលរួមគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធ និងដៃគូសហការ ដើម្បីអភិវឌ្ឍពិភពលោកឲ្យទៅជាកន្លែងដែលគ្មានភាពស្រេកឃ្លាន និងជាកន្លែងដែលមនុស្សរស់នៅជាមួយគ្នាដោយសុខដុមរមនា។