ឆ្នាំ២០២២ ប្រៀបដូចជាឆ្នាំនៃការកើតឡើងវិញម្តងទៀតនៃប្រព័ន្ធសុខភាពសាធារណៈ និងសុខុមាលភាពក្នុងប្រទេសកម្ពុជា។ ក្រោយពីការទន្ទ្រានរបស់មេរោគកូវីដ១៩ កម្ពុជាបានបង្កើនភាពរីកចម្រើនលើផ្នែកនិងវិស័យជាច្រើនដូចជា ផ្នែកសុខភាព ប្រព័ន្ធអប់រំកម្រិតថ្នាក់មូលដ្ឋាន ការអភិវឌ្ឍន៍និងគាំពារកុមារ​ ហើយវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ [ប្រភព៖ ធនាគារពិភពលោក, ខែមេសា ឆ្នាំ​២០២៣] ។ ក្នុងទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបានសមទ្ធផលល្អផ្នែកសុខភាព ដែលបានធ្វើអោយមានបំលាស់ប្តូរល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ។ កម្ពុជាសម្រេចបានការអភិវឌ្ឍន៍ផ្នែកសុខភាព និងសុខុមាលភាពប្រជាជនយ៉ាងគួរឲ្យកត់សម្គាល់ ហើយបាននាំផ្លូវទៅកាន់គោលដៅ “សុខភាពល្អសម្រាប់គ្រប់គ្នា” [ប្រភព៖ វេជ្ជបណ្ឌិត Ailan Li តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, ខែមេសា ឆ្នាំ២០២៣]​ ។

អង្គការហ្គូដណេប៊ឺសកម្ពុជា បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរល្អ និងការអភិវឌ្ឍន៍ល្អ ដើម្បីទ្រទ្រង់ការលូតលាស់ស្មើរសាច់​ (pro-poor growth) ដែលមានន័យថាប្រជាជនក្រីក្រអាចទទួលបានប្រយោជន៍ពីការអភិវឌ្ឍន៍គ្រប់វិស័យ ហើយមានគុណសម្បត្តិពីការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ កំណែរទម្រង់សំខាន់ៗ និងការជួយគាំទ្ររបស់ពួកយើង គឺផ្តោតសំខាន់ទៅលើការធានាឲ្យបាននូវប្រភពនៃសុខភាពល្អ ហើយអភិវឌ្ឍន៍សិទ្ធទទួលបានជំនួយសាធារណៈប្រកបដោយគុណភាព ដោយសារសេដ្ឋកិច្ចគ្រួសាររបស់​ប្រជាពលរដ្ឋបានធ្លាក់ចុះដុនដាបជាគំហុក និងមានការលូតលាស់ឡើងវិញក្នុងសណ្ឋានយ៉ាងយឺតយ៉ាវបន្ទាប់ពីការរីករាលដាលនៃជម្ងឺកូវីដ១៩ និងសង្គ្រាមរវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន ដែលបានបណ្តាលអោយមានបន្ទុកបន្ថែមលើហិរញ្ញវត្ថុរបស់គ្រួសារនីមួយៗ ក្នុងប្រទេសកម្ពុជា។ កត្តាគំរាមកំហែងខាងលើនាំឲ្យមានការខ្វះខាតមិនអាចចំណាយលើសេវាកម្ម សំម្ភារៈត្រឹមត្រូវ ដើម្បីការពារសុខភាព​ ពីព្រោះគ្រាន់តែរកថវិការ សម្រាប់ទិញអាហារចំអែតក្រពះក៏លំបាកជាខ្លាំងសម្រាប់ពួកគាត់។

‘សេរីភាពពេញលេញក្នុងការជជែកអំពីអនាគត’ គឺជាមធ្យោបាយដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបន្តបង្កើត ការផ្លាស់ប្តូរល្អសម្រាប់ប្រទេសកម្ពុជា ហើយវាពិតណាស់ នេះគឺជាឪកាសដើម្បីប្រមូលផ្តុំគ្រប់កម្មវិធីអភិវឌ្ឍន៍ និងសកម្មភាពដែលជួយលើកទឹកចិត្តដល់ពលរដ្ឋសហគមន៍ឲ្យចូលរួមជាមួយដំណើរការ កម្មវិធីទឹកស្អាតនិងអនាម័យល្អ​។ ដើម្បីជួយឲ្យប្រជាជនអាចរស់នៅបានយ៉ាងសុខស្រួលឃ្លាតឆ្ងាយពីទុក្ខកង្វល់, ពួកយើងកាត់បន្ថយសេចក្តីព្រួយបារម្ភ របស់គាត់ តាមរយៈបណ្តុំកម្មវិធីសម្របសម្រួលដូចជា (កម្មវិធីអភិវឌ្ឍន៍ប្រភពទឹក) ពង្រីកលទ្ធភាពទទួលបានទឹកស្អាត ផ្សព្វផ្សាយការយល់ដឹងពីទឹកស្អាតនិងអនាម័យល្អតាមសាលាបឋមសិក្សា និងផ្សព្វផ្សាយការយល់ដឹងពីទឹកស្អាតនិងអនាម័យល្អតាមមណ្ឌលសុខភាព។ ការជួយប្រទេសកម្ពុជា ដើម្បីបង្កើតប្រព័ន្ធសុខភាពល្អសម្បូរបែប ក៏ដូចជាបរិស្ថានរស់នៅស្អាតមានអនាម័យ បានក្លាយជាគោលបំណងចម្បងរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ហើយគោលបំណងនេះនឹងបន្តដំណើរការនាថ្ងៃអនាគតទៀតដែរ។

ការចុះធ្វើអន្តរាគមន៍

វាជាកត្តាចាំបាច់ដែលគ្រប់ស្ថាប័ន និងអង្គភាពទាំងអស់ ត្រូវបញ្ចូលកម្មវិធីអនាម័យទឹកស្អាត (WASH) ចូលក្នុងទស្សនវិស័យ និងផែនការសកម្មរបស់ខ្លួន ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍន៍ផ្នែកសុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ពីព្រោះ អនាម័យនិងទឹកស្អាត (WASH) គឺជាឬសគល់នៃសុខភាពល្អ។ អង្គការហ្គូដណេប៊ឺសកម្ពុជាតែងតែមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ភាពជាដៃគូល្អឲ្យសង្គមកម្ពុជាជានិច្ច។ យើងដំណើរការគម្រោងអភិវឌ្ឍន៍ក្នុងរយៈពេលវែង ហើយកិច្ចការគាំទ្រផ្នែកសុខាភិបាលរបស់ពួកយើង គឺបានទទួលស្គាល់ និងចូលរួមសហការពីភ្នាក់ងារក្នុងនិងប្រចាំតំបន់។ អង្គការហ្គូដណេប៊ឺសកម្ពុជាចាប់ផ្តើមការអនុវត្តន៍គម្រោងការបង្កើនការយល់ដឹង និងការការពារខ្លួនឯង ពីព្រោះមនុស្សយើងជាកត្តាដែលផ្ដើមមូលហេតុនៃផលប៉ះពាល់ ហើយក៏ជាអ្នកដែលទទួលរងគ្រោះពីវិប។ ពលរដ្ឋសហគមន៍ត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកម្មវិធីអប់រំ ការពិភាក្សា និងការបណ្តុះបណ្តាលដែលបំពាក់ទៅដោយព័ត៌មានវិទ្យា និងឧបករណ៍ជំនួយ ដើម្បីទទួលបានចំណេះដឹងអំពីវិធីរស់នៅប្រកបដោយសុខុមាលភាព និងការអនុវត្តន៍ដែលត្រឹមត្រូវក្នុងជីវិតប្រចាំថ្ងៃ។​ លើសពីនោះទៅទៀត អង្គការហ្គូដណេប៊ឺសកម្ពុជាបានផ្តល់នូវសម្ភារៈ និងឧបករណ៍ជំនួយការអនុវត្តន៍ជាច្រើនផ្សេងទៀត ដល់ប្រជាពលរដ្ឋ ដោយយល់ឃើញថាការផ្គត់ផ្គង់គ្រប់គ្រាន់នឹងជម្រុញអោយការអនុវត្តន៍កាន់តែមានប្រសិទ្ធិភាព។ ពួកយើងគាំទ្រ និងផ្តល់ជំនួយជាសម្ភារៈបរិក្ខារ ការអប់រំណែនាំ ដល់ប្រជាជន សាលារៀន និងមណ្ឌលសុខភាពដើម្បីធានាឲ្យបាននូវនិរន្តរភាពនៃការអភិវឌ្ឍន៍។

យើងបានចាត់ទុកអន្តរាគមន៍បន្ថែម ថាជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការទូលំទូលាយដែលបានចាប់ផ្តើមពីមុន ហើយនឹងបន្តបន្ទាប់ពីការបញ្ចប់ជាផ្លូវការនៃគម្រោងរបស់យើង។

សមិទ្ធិផលការងារ

១. ការអប់រំ និងការបង្កើនការយល់ដឹងអំពីកម្មវិធី ទឹកស្អាតនិងអនាម័យល្អ (WASH)

អង្គការហ្គូដណេប៊ឺសកម្ពុជាបានចាប់ផ្តើមជំហានដំបូងក្នុងការអភវិឌ្ឍន៍ជីវិតប្រកបដោយសុខុមាលភាពជាមួយសិស្សានុសិស្សនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ ពួកយើងតភ្ជាប់ប្រជាជនក្នុងសហគមន៍ទៅនឹងការគិតគូរបស់សាកលលោក ហើយពួកយើងភ្ជាប់កុមារកម្ពុជាទៅនឹងអង្គការសុខភាពពិភពលោក។ កុមារាកុមារី ត្រូវបានបំផុសគំនិតឱ្យយល់ដឹងអំពីសិទ្ធទទួលបានការការពារ និងការពារអ្នកដ៏ទៃ ដោយសារព្រឹត្តិការណ៍អប់រំ និងជំនួបដែលរៀបចំឡើងដោយអង្គការហ្គូដណេប៊ឺសកម្ពុជា។ ពួកយើងអប់រំពលរដ្ឋ អំពីកត្តាប្រឈមដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ពួកគេ និងអប់រំអោយពួកគាត់ឲ្យចេះស្វែងយល់ពីវិធីការពារ និងកាត់បន្ថយគ្រោះមហន្តរាយពីកត្តាប្រឈមទាំងអស់នោះ។ ពួកយើងមិនបានធ្វើការអភិវឌ្ឍន៍ដោយគ្រាន់តែផ្តល់ចំណេះដឹង ព័ត៌មាន ឬទ្រឹស្តីតែមួយមុខនោះទេ គឺពួកយើងផ្តល់ជាការអនុវត្តន៍ជាក់ស្តែងជាមួយឧបករណ៍ សម្ភារៈជំនួយគ្រប់គ្រាន់ ដើម្បីបង្កើតទម្លាប់ល្អដែលអាចនាំឲ្យមានការផ្លាស់ប្តូរល្អលើសុខភាពរបស់ប្រជាជន។បន្ថែមពីនេះ សកម្មភាពយល់ដឹងអំពីទឹកស្អាតនិងអនាម័យល្អ (WASH) បានចែកសម្ភារៈ និងរបស់ប្រើប្រាស់ ដល់សិស្សានុសិស្ស ដើម្បីលើកទឹកចិត្តពួកគាត់ឲ្យអនុវត្តទម្លាប់ល្អទាំងនោះ នៅតាមផ្ទះនិងតាមសាលា។ សកម្មភាពដែលបានរៀបរាប់ខាងលើបានធ្វើឲ្យមានការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ការទទួលទាន និងការគិតដែលជំរុញឲ្យសហគមន៍ទទួលបានភាពស្អាតមានអនាម័យ សុភមង្គល សុខុមាលភាព។

២. យុទ្ធនាការ ដើម្បីទឹកស្អាតនិងអនាម័យក្នុងសហគមន៍

យុទ្ធនាការដើម្បីទឹកស្អាត និងអនាម័យក្នុងសហគមន៍ គឺជាសកម្មភាពអភិវឌ្ឍន៍ដែលរៀបចំឡើង ដើម្បីអញ្ជើញប្រជាជនក្នុងភូមិគោលដៅឲ្យមកទទួលបានការយល់ដឹងជ្រាលជ្រៅ អំពីកម្មវិធីឧបត្ថម្ភការគាំពារកុមារ គោលគំនិតនៃកុមារចុះឈ្មោះ និងកម្មវិធីជំនួយដែលអង្គការហ្គូដណេប៊ឺសមានសម្រាប់លើកទឹកចិត្តឲ្យពួកគាត់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកសុខភាព ទឹកស្អាតនិងអនាម័យល្អ។ ការជួបជុំនេះនាំប្រជាជនក្នុងសហគមន៍ទៅកាន់ការចេះត្រៀមខ្លួន និងការយល់ច្បាស់អំពីជីវិតដែលមានសុវត្ថិភាព និងសុខុមាលភាព។ អ្នកចូលរួមកម្មវិធីរបស់យើង ភាពច្រើនជាប្រជាជនខ្សត់ខ្សោយមិនសូវមានព័ត៌មានអំពីការមើលថែរក្សាសុខភាព និងកត្តាគំរាមកំហែងសុខភាពជុំវិញខ្លួនពួកគេស្រាប់។ ពួកយើងតែងតែដាក់កម្មវិធីសម្អាតនិងអនាម័យចូលក្នុងយុទ្ធនាការជានិច្ច ដើម្បីផ្សព្វផ្សាយការយល់ដឹង និងលើកកម្ពស់ការអនុវត្តន៍ត្រឹមត្រូវជាមួយពលរដ្ឋសហគមន៍ដែលជាទូទៅប្រើប្រាស់ជីវិតប្រចាំថ្ងៃតាមទម្លាប់ចាស់ៗ វប្បធម៌ចាស់ៗដែលសូម្បីបង្គន់អនាម័យ ទឹកស្អាត ក៏មិនមានសម្រាប់ប្រើប្រាស់។ បន្ទាប់ពីយុទ្ធនាការត្រូវបានបញ្ចប់ យើងសង្កេតឃើញថាសហគមន៍របស់យើងមានការអភិវឌ្ឍន៍ ហើយប្រជាជនបានយល់ដឹងអំពីអត្ថប្រយោជន៍ក្នុងកម្មវិធីគាំពារកុមារ កម្មវិធីមើលថែសុខភាព និងអនាម័យល្អ។ ក្រោយពេលចូលរួមពួកគាត់បានផ្លាស់ប្តូរទម្លាប់នៃការរស់នៅទៅកាន់ភាពល្អប្រសើរ វិជ្ជមាន​ ហើយបាននាំគ្នាចូលរួមកាពារ និងលើកទឹកចិត្តសមាជិកគ្រួសារឲ្យអនុវត្តន៍ទម្លាប់ល្អនោះផងដែរ។​

៣. ផ្តល់សេវាកម្មគាំពារសុខមាលភាពនិងអនាម័យ

ជារៀងរាល់ឆ្នាំ មួយឆ្នាំពីរដង ពួកយើងបានធ្វើការសហការជាមួយមណ្ឌលសុខភាពក្នុងតំបន់ និងក្រុមលោកគ្រូអ្នកគ្រូពេទ្យ ដើម្បីរៀបចំកម្មវិធីឧបត្ថម្ភសេវាកម្មសុខភាពនិងអនាម័យដែលផ្តល់ការពិនិត្យ គាំពារ និងព្យាបាលជំងឺ ជូនដល់កុមារក្នងគម្រោង ដែលទទួលបានសេវាពិនិត្យសុខភាព និងព្យាបាលជាប្រចាំយ៉ាងទៀតទាត់ ដោយមានប្រសិទ្ធភាពដល់ទីកន្លែងគោលដៅទាំងអស់ក្នុងសហគមន៍ទាំង ៦ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ មណ្ឌលគិរី ក្រចេះ រតនៈគិរី​ និងរាជធានីភ្នំពេញ។ កម្មវិធីផ្តល់សេវាកម្មសុខភាពនេះ បង្កើតឡើងក្នុងគោលបំណងបំពេញតម្រូវការផ្នែកវេជ្ជសាស្រ្តជាមូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពដល់កុមារសហគមន៍។ អង្គការហ្គូដណេប៊ឺសកម្ពុជា និងដៃគូសហការបានធ្វើដំណើរផ្តល់សេវាត្រួតពិនិត្យសុខភាព ផ្តល់ការប្រឹក្សាយោបល់ និងថ្នាំពេទ្យពលរដ្ឋក្នុងតំបន់ ដើម្បីលើកកម្ពស់ស្ថានភាពសុខុភាពនាពេលបច្ចុប្បន្ន។ តាមរយៈសេវាកម្មផ្នែកសុខភាពនេះ ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ទទួលបានចំណេះដឹង អំពីសារៈសំខាន់នៃគោលគំនិត “ការពារប្រសើរជាងព្យាបាល” បានដឹងអំពីវិធីការពារខ្លួនគាត់ និងកូនៗពីជម្ងឺកាចសាហាវ ហើយជាចុងក្រោយពួកគាត់ អាចរកបានទីពឹងពាក់ពុំនាក់អាស្រ័យដែលគួរជ្រក ពេលជួបបញ្ហា ឬស្ថិតនៅក្នុងពេលគ្រោះថ្នាក់។ គួរឲ្យកត់សម្គាល់ ក្នុងឆ្នាំនេះមានកុមារច្រើនជាងមួយម៉ឺននាក់ បានទទួលសេវាកម្មការពារ និងព្យាបាលដែលបណ្តាលអោយពួកគេអាចរស់នៅដោយសុវត្ថិភាព ពីការគំរាមកំហែងដែលមិនអាចទាយទុកមុន និងធ្វើឲ្យពួកគេអាចរស់នៅបានប្រកបដោយសុខុមាលភាព និងស្នាមញញឹម។

៤. លំហាត់ប្រាណអនុវត្តន៍ WASH នៅក្នុងសហគមន៍

ដើម្បីលើកកម្អស់ទឹកស្អាតអនាម័យល្អក្នុងសហគមន៍ អង្គការហ្គូដណេប៊ឺសកម្ពុជា អាជ្ញាធរក្នុងតំបន់និងដៃគូសហការ បានរៀបចំសិក្ខាសាលាជាមួយពលរដ្ឋសហគមន៍ ដើម្បីធ្វើការវាយតម្លៃ រំលឹក និង​ផ្តួចផ្តើមបង្កើតលក្ខណៈវិនិច្ឆ័យថ្មីក្នុងការលើកទឹកចិត្ត ក៏ដូចជាទាក់ទាញពលរដ្ឋសហគមន៍ឲ្យចូលរួមអនុវត្ត។ ពួកយើងជជែកគ្នាពីអនាគត។ ពួកយើងអភិវឌ្ឍន៍យុទ្ធសាស្ត្រ ដើម្បីអនុវត្តន៍ហើយធ្វើការស្រាវជ្រាវ ដើម្បីសម្រេចឲ្យបាននូវកម្មវិធីអភិវឌ្ឍន៍ដ៏មានប្រសិទ្ធភាពស្ថិតស្ថេរ រួមជាមួយនឹងចំនុចគួរឲ្យព្រួយបារម្ភដែលកំពុងកើតមានឡើង ដើម្បីធានាថាសហគមន៍របស់យើងសុវត្ថិភាពនិងសន្តិភាពផ្នែកប្រព័ន្ធសុខាភិបាល។ ប្រជាជននិងកុមារសហគមន៍ដែលមានឆន្ទៈក្នុងការបង្កើតការផ្លាស់ប្តូរល្អ បានទទួលមេរៀនល្អ បានចូលរួមសិក្ខាសាលាដែលបំពាក់ដោយឧបករណ៍ជំនួយទាន់សម័យសម្រាប់ធ្វើការអនុវត្តន៍ ទទួលបានគន្លឹះសំខាន់ក្នុងការបន្តបេសកកម្ម ហើយជាចុងក្រោយពួកគេទទួលបានសម្ភារៈ និងរបស់ប្រើប្រាស់យកនៅអនុវត្តនៅតាមគេហដ្ឋាន។ កម្មវិធីលំហាត់ប្រាណអនុវត្តន៍ WASH បានបង្កើតចំនួនអ្នកចាប់អារម្មណ៍ចូលរួម និងធ្វើអោយការយល់ដឹងអំពីកម្មវិធីទឹកស្អាតនិងអនាម័យរីកដុះដាលកាន់តែខ្លាំង។ លើសពីនោះទៅទៀតកម្មវិធីនេះបានធ្វើអោយពលរដ្ឋសហគមន៍បានសម្រាលពីការព្រួយបារម្ភ និងសេចក្តីទុក្ខព្រួយទាំងឡាយដែលពួកគេធ្លាប់មាន។ ពួកគេមានសុភមង្គលក្នុងការដែលបានរស់នៅក្នុងបរិស្ថាន ប្រកបដោយសុខុមាលភាពដែលបង្កើតឡើងដោយពួកគាត់ខ្លួនឯង។​

៥. ការជួយផ្គត់ផ្គង់ជាសម្ភារៈ និងគ្រឿងបរិក្ខារ

ការអប់រំ និងការបណ្តុះបណ្តាល អំពីទឹកស្អាតអនាម័យល្អតែម្យ៉ាងមិនគ្រប់គ្រាន់សម្រាប់ធ្វើអោយមានការផ្លាស់ប្តូរល្អក្នុងសហគមន៍ឡើយ ពីព្រោះការយល់ដឹងស៊ីជម្រៅ ពុំអាចការងារមនុស្សពីគ្រោះថ្នាក់និងជំងឺ ប្រកបដោយប្រសិទ្ធភាពខ្ពស់នោះឡើយ បើមិនមានសម្ភារៈ និងឧបករណ៍សម្រាប់អនុវត្តន៍គ្រប់គ្រាន់។ ដោយសារកត្តាសេដ្ឋកិច្ចហិរញ្ញវត្ថុ ពលរដ្ឋសហគមន៍របស់យើងមានតម្រូវការផ្នែកបច្ចេកទេស ឧបករណ៍ជំនួយ ប្រព័ន្ធគាំទ្រ សម្ភារៈបរិក្ខារ អ្នកពិគ្រោះផ្តល់ប្រឹក្សា និងកម្មវិធីជំនួយជាច្រើន ដើម្បីចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ។ អង្គការហ្គូដណេប៊ឺសកម្ពុជា បានខិតខំប្រឹងប្រែងផ្គត់ផ្គង់ឲ្យពលរដ្ឋសហគមន៍មានលទ្ធិភាពទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ សម្ភារៈបរិក្ខា ប្រព័ន្ធចម្រោះទឹក ការណែនាំ និងរបស់ផ្តល់ជំនួយដល់ការអភិវន្ឍន៍ទៅកាន់ប្រជាជនក្នុងសហគមន៍តាមរយៈសាលារៀន និងមណ្ឌលសុខភាពយ៉ាងដិតដល់ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍និងអនុវត្តន៍។ ពួកយើងបានចែកចាយសាប៊ូដុំ ឧបករណ៍សម្រាប់សម្អាតដៃ តម្លើងទឹកស្អាតជាមួយសេវាកម្មត្រូវពិនិត្យ ​និងជួសជុលយ៉ាងទៀតទាត់ ដើម្បីកំណត់ឲ្យបាននូវប្រសិទ្ធភាពនិងស្ថិរភាពនៃកម្មវិធី WASH ហើយដើម្បីធានាថាប្រជាជននៅតែមានមនសិកាចង់ចូលរួម ចង់ផ្លាស់ប្តូររបៀបរបបរស់នៅរបស់ពួកគេ។ ពួកយើងផ្សព្វផ្សាយលទ្ធិភាពទទួលបានទឹកស្អាតមានសុវត្ថិភាព អមជាមួយការអនុវត្តន៍អនាម័យល្អក្នុងចំណោមសិស្សានុសិស្សនៅតាមសាលាបឋមសិក្សាតាមរយៈកម្មវិធី “គម្រោងទឹកល្អសាលារៀន”។ ក្រៅពីប្រព័ន្ធទឹកស្អាត និងឧបករណ៍បរិក្ខារ អង្គការហ្គូដណេប៊ឺសកម្ពុជាបានចែកចាយដបទឹកអនាម័យដល់សិស្សានុសិស្ស ដើម្បីធានាការបរិភោគទឹកល្អត្រឹមត្រូវ និងលើកកម្ពស់កម្រិតសុខភាពនិងការអប់រំរបស់សិស្ស។

៦. គម្រោងអភិវឌ្ឍន៍​អនាម័យល្អនៅក្នុងសហគមន៍ ឧបត្ថម្ភដោយ K-GMAC

ចាប់តាំងពីឆ្នាំ ២០០២ ពួកយើងបានបន្តធ្វើការអភិវឌ្ឍន៍សហគមន៍កម្ពុជាតាមរយៈការផ្គត់ផ្គង់ថ្នាំពេទ្យ សេវាសុខភាព ទឹកស្អាតនិងអនាម័យ ហើយ K-GMAC គឺជាដៃគូគាំទ្រដ៏សំខាន់របស់អង្គការហ្គូដណេប៊ឺសកម្ពុជា ចាប់តាំងពីឆ្នាំ២០២០រហូតមកដល់សព្វថ្ងៃនេះ។ K-GMAC មិនត្រឹមតែជួយឧបត្ថម្ភជាសំលៀកបំពាក់និងកុក្កតាដល់កុមារាកុមារីកម្ពុជាតែប៉ុណ្ណោះនោះទេ គាត់បានផ្គត់ផ្គង់ជាសម្ភារៈអនាម័យ និងបន្ទប់ទឹកស្អាតដល់ពលរដ្ឋសហគមន៍ ក្នុងខេត្តបាត់ដំបង ដើម្បីបង្កើតបរិស្ថានរស់នៅដែលល្អគួរឲ្យចង់រស់នៅថែមទៀតផង។ គម្រោងនេះផ្សព្វផ្សាយការអប់រំអំពី WASH និងអនាម័យនៅក្នុងសហគមន៍ ដំឡើងបង្គន់សុវត្ថិភាពសម្រាប់គ្រួសារដែលងាយរងគ្រោះ និងរក្សាការអនុវត្តល្អឲ្យមានស្ថិរភាពដោយវគ្គបណ្តុះបណ្តាល ការត្រួតពិនិត្យ និងការគាំទ្របន្ថែម។ លើសពីនោះទៅទៀតគម្រោងនេះជាគម្រោងដែលមានចីរភាព ក្រុមគាំទ្រសុខភាពប្រចាំភូមិនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងសកម្មភាពនានាដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់អនាម័យទឹក និងអនាម័យក្នុងសហគមន៍។​ ហើយអាជ្ញាធរមូលដ្ឋាននឹងបន្តសហការជាមួយគ្រប់មជ្ឈដ្ឋាន និងគ្រប់ផ្នែកពាក់ព័ន្ធក្នុងការកៀងគរធនធាន ដើម្បីលើកកម្ពស់អនាម័យទឹកស្អាតក្នុងឃុំអូរតាគី។

ករណីសិក្សា

អ្នកស្រី ម៉ង សុខសាន្ត អាយុ ៣៤ ឆ្នាំ និងស្វាមី លោក រឿត សារួត រស់នៅជាមួយកូនស្រីតែម្នាក់ នៅក្នុងភូមិត្រាង ឃុំអូតាគី ស្រុកថ្មរគោល ខេត្តបាត់ដំបង។ បើប្រៀបធៀបជាមួយខ្ទង់ចំណាយប្រចាំថ្ងៃ ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់គាត់មិនល្អនោះទេ ដោយសាអ្នកស្រីសុខសាន្ត ធ្វើការជាកម្មករសំណង់ ហើយស្វាមីរបស់នាងជាកសិករ និងពេលខ្លះជាកម្មករក្រៅម៉ោងដែលមិនមានប្រាក់ចំណូលទៀតទាត់។ ដោយសារកត្តាសេដ្ឋកិច្ចគ្រួសារមិនមានលំនឹង សមាជិកគ្រួសារ និងអ្នកជិតខាងរបស់អ្នកស្រី សុខសាន្ត ត្រូវអនុវត្តការបន្ទបង់ពាសវាលពាសកាលតាមព្រៃនិងវាលស្រែចំការនៅក្បែរភូមិ។ ការបន្ទបង់ពាសវាលពាសកាលបណ្តាលឲ្យបរិស្ថានរស់នៅរបស់អ្នកភូមិមិនមានផាសុកភាព ហើយធ្វើឲ្យពួកគេធ្លាក់ខ្លួនឈឺជាញឹកញាប់។ លើសពីនោះទៅទៀតការអនុវត្តន៍បែបនោះ នាំឲ្យមានគ្រោះថ្នាក់ដល់អ្នកស្រីសុខសាន្ត ដោយពេលយប់ងងឹត និងជាពិសេសពេលមានភ្លៀងធ្លាក់ គាត់រងដោយការរអិលដួលទៀតផង។

នៅក្នុងខែមេសា ឆ្នាំ២០២៣ លោក ញ៉ុង រឿប ប្រធានភូមិត្រាង បានធ្វើការវាយតម្លៃ ហើយបានជ្រើសរើសយកគ្រួសាររបស់អ្នកស្រី សុខសាន្ត ធ្វើជាក្រុមអ្នកទទួលជំនួយគោលដៅរបស់គម្រោង ខេជីម៉ាក់ (K-GMAC)។ អ្នកស្រី សុខសាន្ត ព្រមទាំងស្វាមីត្រូវបានភ្នាក់ងារគម្រោងអញ្ជើញឲ្យចូលរួមវគ្គអប់រំស្តីអំពីការយល់ដឹងទឹកស្អាតនិងអនាម័យល្អ (WASH) ហើយមកទទួលយកអំណោយឧបត្ថម្ភពីគម្រោង។ អង្គការហ្គូដណេប៊ឺសកម្ពុជាបានសាងសង់បន្ទប់ទឹកអនាម័យ ជូនគ្រួសាររបស់គាត់ដោយប្រើគម្រោងឧបត្ថម្ភធន និងការចូលរួមជាសាច់ប្រាក់ចំនួនប្រហែល ៣០ ដុល្លាសហរដ្ឋអាមេរិក។ បន្ទាប់ពីទទួលបានបន្ទប់ទឹក គ្រួសាររបស់គាត់មានការអនុវត្តន៍ការបន្ទោបង់ និងអនាម័យប្រចាំថ្ងៃល្អប្រសើរ។ ពួកគាត់មានសុខភាពល្អ មិនសូវឈឺថ្កាត់ ហើយមានជីវិតរស់នៅងាយស្រួលជាងមុន។

អ្នកស្រី ម៉ង សុខសាន្ត មានប្រសាសន៍ថា “ការមានបន្ទប់ទឹកប្រើប្រាស់ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះវាជួយកាត់បន្ថយការឆ្លងជំងឺ និងផ្តល់នូវសុវត្ថិភាព ក៏ដូចជាផាសុកភាពមកកាន់សមាជិកគ្រួសាររបស់នាង ហើយអ្នកជិតខាងក្នុងភូមិដែរ”។

ពាក្យបណ្តុះគំនិត

“គោលបំណងនៃការសម្អាត គឺមិនមែនគ្រាន់តែដើម្បីភាពស្អាតមានអនាម័យតែម្យ៉ាងនោះទេ ប៉ុន្តែដើម្បីមានអារម្មណ៍ថាខ្លួនមានសុភមង្គលរស់នៅក្នុងបរិស្ថានដែលខ្លួនកំពុងរស់នៅ”