ចាប់តាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែកញ្ញា ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ (Mirae) ប្រចាំអង្គការហ្គូដណេប៊ឺសចំនួន ១៦ រូប ដឹកនាំដោយលោក កាំង សេឆាង បានចុះទស្សនកិច្ចមកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី និងបានធ្វើកម្មវិធីអប់រំ សម្រាប់សិស្សានុសិស្សចំនួន ១៦០នាក់នៅសាលាបឋមសិក្សាពង្រ។

ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ (MFSV) ប្រចាំអង្គការហ្គូដណេប៊ឺស បានចាប់ផ្តើមសកម្មភាពស្ម័គ្រចិត្ត ដោយផ្ដល់ជំនួយលើការសាងសង់អគារសិក្សា ក្នុងសាលាបឋមសិក្សាពង្រ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សាលាបឋមសិក្សាពង្រមានថ្នាក់រៀនត្រឹមតែចំនួន៤ ប៉ុណ្ណោះ ដែលចំនួននេះ មិនអាចផ្គត់ផ្គង់ឲ្យបរិយាកាសសិក្សាអាចទទួលបានគុណភាពល្អ ជូនដល់សិស្សានុសិស្សច្រើនជាង៤០០ នាក់បាននោះទេ។ ក្រោមជំនួយពីក្រុមស្ម័គ្រចិត្ត (MFSV), សាលារៀននឹងទទួលបានថ្នាក់រៀនចំនួន៤ បន្ទប់បន្ថែមទៀត នាឆ្នាំក្រោយ។ ពួកយើងរំពឹងថា សិស្សានុសិស្សគ្រប់រូបអាចសិក្សាក្នុងបរិស្ថានដែលល្អប្រសើរជាងមុន។

ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី លោក កាំង សេឆាង ប្រធានក្រុមអ្នកស្ម័គ្រចិត្ត (MFSV) មានប្រសាសន៍ថា “ខ្ញុំបាទសូមថ្លែងអំណរគុណ ដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាទីស្រលាញ់រាប់អានគ្រប់រូប ដែលបានទទួលស្វាគមន៍ពួកយើងយ៉ាងកក់ក្តៅ”។ ពួកយើងរំពឹងថា ទស្សនកិច្ចលើកនេះ នឹងបង្កើតឲ្យមានចំណងមិត្តភាពល្អគង់វង្សរវាង ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ ប្រចាំអង្គការហ្គូដណេប៊ឺស ជាមួយនឹងសាលាបឋមសិក្សាពង្រ។ ពួកយើងសង្ឃឹមថា គ្រប់គ្នា ព្រមទាំងសិស្សានុសិស្សទាំងអស់ អាចអភិវឌ្ឍ និងសិក្សាក្នុងបរិយាកាសដ៏ល្អប្រសើរនៅសាលានេះ ហើយនឹងក្លាយជាធនធានមនុស្សមានសមត្ថភាពខ្ពស់សម្រាប់ប្រទេសកម្ពុជា។

លើកនេះក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ ប្រចាំអង្គការហ្គូដណេប៊ឺស (MFSV) បានទស្សនកិច្ចសាលាចំនួនពីរគឺ សាលាបឋមសិក្សាពង្រដែលយើងជួយជាអគារសិក្សាថ្មី
និងសាលាបឋមសិក្សាកោះជីវាំងមានទីតាំងក្នុងសហគម៍បណ្តែតទឹក។ ក្រុមអ្នកស្ម័គ្រចិត្ត (MFSV) បានផ្តល់កម្មវិធីសិក្សាដូចជា ថ្នាក់វិទ្យាសាស្ត្រ ថ្នាក់គំនិតច្នៃប្រឌិតដែលបំពាក់ទៅដោយល្បែងលេងបែបវប្បធម៌កូរ៉េ និងថ្នាក់សិល្បៈគំនូរដល់សាលាបឋមសិក្សាទាំងពីរ។ បន្ថែមលើនោះទៅទៀត ប្រធានក្រុមអ្នកស្ម័គ្រចិត្តបានចុះសួរសុខទុក្ខ ដល់ផ្ទះរបស់កុមារក្នុងគម្រោង ដើម្បីចែកកាដូរ និងសំណេះសំណាលផ្តល់កំលាំងចិត្តដល់ក្តីស្រម៉ៃរបស់ពួកគេ។

តាមរយៈកម្មវិធីទាំងនេះ កុមារចំនួន ៩០នាក់ក្នុងសាលាបឋមសិក្សាពង្រ និងកុមារចំនួន៧០នាក់ក្នុងសាលាបឋមសិក្សាកោះជីវាំង បានកំសាន្តរីករាយ និងកសាងបទពិសោធន៍ថ្មីជាមួយល្បែងលេងកុមារ បែបវប្បធម៌កូរ៉េ។ ពួកយើងសូមធ្វើការកោតសសើរចំពោះដំណើរទស្សនកិច្ច និងជំនួយមកកាន់កុមារកម្ពុជាផងដែរ។

*សមាជិកក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ ប្រចាំអង្គការហ្គូដណេប៊ឺស (MFSV) ជាអតីតលោកនាយក និងលោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍ ហើយចុះជួយគាំទ្រកុមារ និងពលរដ្ឋសហគមន៍ដែលត្រូវការជំនួយ និងធ្វើសកម្មភាពស្ម័គ្រចិត្ត ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរល្អនៅក្នុងពិភពលោក។