ក្រោមជំនួយរបស់អង្គការជី អាយ ហ្សិត, ក្នុងឆមាសទីមួយឆ្នាំ២០២៣នេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគម្រោងទឹកស្អាត និងអនាម័យល្អនៅប្រទេសកម្ពុជា។  ជាមួយការយល់ដឹងយ៉ាងស៊ីជម្រៅពីអ្វីដែលបានកើតឡើង ក៏ដូចជាស្ថានភាពជាក់ស្តែងក្នុងសហគមន៍អភិវឌ្ឍន៍នីមួយៗ អង្គការហ្គូដណេប៊ឺសកម្ពុជា និងអង្គការ ជី អាយ ហ្សិតបានធ្វើការសហការណ៍គ្នា ដើម្បីបង្កើតការផ្លាស់ប្តូរល្អទៅលើសុខុមាលភាព និងសុខភាពរបស់ពលរដ្ឋសហគមន៍។ ពួកយើងរំពឹងថានឹងអាចសម្រេចបានគ្រប់បេសកកម្មទឹកស្អាត និងអនាម័យល្អទាំងអស់ដែលយើងបានគម្រោង។

នៅចុងខែមីនា និងដើមខែមេសា ឆ្នាំ ២០២៣, អង្គការហ្គូដណេប៊ឺសកម្ពុជាបានចាប់ផ្តើមចែកចាយការផ្គត់ផ្គង់ និងការយល់ដឹងអំពី “ទឹកស្អាតនិងអនាម័យល្អ (WASH)” ទៅសាលារៀន ក្នុងគោលបំណងលើកកម្ពស់ឲ្យសិស្សានុសិស្សអាចរស់នៅ និងមើលថែខ្លួនឯងបាន កំឡុងពេលសិក្សា។ ដោយមានការឧបត្ថម្ភសម្ភារៈពីអង្គការ ជី អាយ ហ្សិត, អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់គ្រឿងបរិក្ខារសម្រាប់លាងសម្អាតដៃចំនួន ១១០ និងសាប៊ូលាងសម្អាតដៃចំនួន ៦៥០០ ដុំដល់កុមារមកពីសាលាមតេ្តយ្យចំនួន ៦២ កន្លែងផ្សេងៗគ្នា ក្នុងស្រុកចំនួនប្រាំមួយរួមមាន៖ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ស្រុកថ្មគោលនិងស្រុកឯកភ្នំខេត្តបាត់ដំបង ស្រុកស្នួលខេត្តក្រចេះ ស្រុកកោះញែកខេត្តមណ្ឌលគិរី និងខណ្ឌដង្កោរាជធានីភ្នំពេញ។

បន្ថែមលើការផ្គត់ផ្គង់ផ្នែកសម្ភារៈ ពួកយើងបានចូលរួមពង្រឹងគោលគំនិតនៃភាពស្អាតមានអនាម័យ និងសុខភាពដែលល្អបំផុតនៅក្នុងសហគមន៍ ក្រោមកម្មវិធីអប់រំ និងវគ្គបណ្តុះបណ្តាល ដោយណែនាំពលរដ្ឋអោយយល់ដឹងអំពីទឹកស្អាត អនាម័យ ការលាងសម្អាតដៃ និងការប្រើប្រាស់ឧបករណ៍លាងសម្អាតប្រកបដោយប្រសិទ្ធភាព ដើម្បីធានានូវការអនុវត្តអនាម័យ និងអាចដឹងពីស្ថានភាពប្រឈមនានាដែលអាចកើតមានឡើងក្នុងសាលារៀន និងនៅតាមគេហដ្ឋាន។ ក្រៅពីនោះយើងក៏បានធ្វើការ ដើម្បីធានាថាប្រជាជនក្នុងសហគមន៍ទាំងអស់បានស្វែងយល់ អំពីសារៈសំខាន់នៃទម្លាប់មានអនាម័យក្នុងជីវិតប្រចាំថ្ងៃ ដើម្បីអោយពួកគេអាចបន្តដឹកនាំការផ្តាស់ប្តូរដែលលើកស្ទួយផ្នែកសុខភាព។

សកម្មភាពជំនួយរបស់យើងលើកនេះបានផ្តល់គុណសម្បត្តិទៅដល់សិស្សានុសិស្សចំនួន ២២៥២នាក់ ក្នុងនោះមានសិស្សស្រីចំនួន ១១៧៣នាក់។ បច្ចុប្បន្នកុមារគោលដៅគ្រប់គ្នាមានឧបករណ៍អនាម័យសម្រាប់អនុវត្តទម្លាប់ល្អមានអនាម័យ ក៏ដូចជាសម្រាប់ការពារខ្លួនពីបញ្ហាសុខភាព។ លើសពីនោះទៅទៀត កុមារទាំងអស់បានចែករំលែកបន្តទៅកាន់សមាជិកគ្រួសារ និងមិត្តភក្តិរបស់គាត់ដែលនាំអោយសមាជិកសហគមន៍ទាំងអស់មានភាពស៊ាំជាមួយការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព ការអនុវត្តន៍អនាម័យត្រឹមត្រូវ និងបរិស្ថានរស់នៅដែលប្រកបដោយសុខភាពហើយសុខុមាលភាពល្អ។ ជាចុងក្រោយ ពួកគេអាចរស់នៅយ៉ាងរីករាយជាមួយការអប់រំ និងការអភិវឌ្ឍន៍ល្អ។

ពួកយើងគាំទ្រផែនការសកម្មភាពថ្នាក់ជាតិ ស្តីពីសុខភាពសាលារៀន ឆ្នាំ២០២១-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា, យុទ្ធសាស្ត្រអភិវឌ្ឍន៍សាកលរបស់អង្គការហ្គូដណេប៊ឺស និង តម្រូវការអប្បបរមាស្តីពីទឹកស្អាត អនាម័យល្អ និងអនាម័យក្នុងសាលារៀន (ឈ្នះ) ពីក្រសួងអប់រំយុវជននិងកីឡា។