អង្គការហ្គូដណេប៊ឺសកម្ពុជា សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្ម (អាយធីអាយ) និងក្រុមហ៊ុន EC Refrigeration Co.,LTD បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ការផ្តល់ជូនឱកាសអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ” ពីគម្រោងS4C និងគម្រោងរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា សម្រាប់សិស្សវិទ្យាល័យចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី12 នៅវិទ្យាល័យបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សសរុបចំនួន ៧០០នាក់។ កម្មវិធីនេះមានគោលបំណងពង្រីកលទ្ធភាពប្រើប្រាស់ និងព័ត៌មាន នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជន។ លើសពីនេះទៅទៀត លោកគ្រូដែលមកពី វិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្ម បានធ្វើការណែនាំកាន់តែច្បាស់សម្រាប់សិស្ស អំពីមុខវិជ្ជាសំខាន់ៗចំនួនបី រួមមាន  ផ្នែកម៉ាស៊ីនត្រជាក់ អគ្គិសនី និងព័ត៌មានវិទ្យា ព្រមទាំងសេវាកម្មទូទៅរបស់វិទ្យាស្ថាននេះផងដែរ។

បច្ចុប្បន្ននេះ មុខជំនាញទាំងបីខាងលើត្រូវបានគាំទ្រដោយ កម្មវិធីអប់រំបែបទំនើប ដោយមានការឧបត្ថម្ភពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រុមហ៊ុនអិលជីអេឡិចត្រូនិក (LG Electronics) និងសមាគមន៍មនុស្សធម៌កូរ៉េ (CCK) ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ លោក ធៀវ អៀង នាយកប្រតិបត្តិនៃក្រុមហ៊ុន EC Refrigeration Co.,LTD​ បានចែករំលែកបទពិសោធន៍ជោគជ័យ ក្នុងការសិក្សាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈនៅ វិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្ម និងវិធីដែលលោករក្សាភាពជោគជ័យរហូតដល់ក្លាយជាម្ចាស់ក្រុមហ៊ុន។