ភាពក្រីក្រ គឺជាបាតុភូតពហុវិមាត្រដែលប៉ះពាល់ដល់ផ្នែកជាច្រើននៃជីវិត រួមទាំងសុខភាព ការអប់រំ និងការចូលរួមផ្សេងៗ [UNICEF 2019-2023]។ នៅក្នុងប្រទេសកម្ពុជា មានគ្រួសារ ភូមិនិងសហគមន៍ជាច្រើនដែលកំពុងប្រឈមមុខជាមួយបាតុភូតនេះ។ ជីវិតជួបការលំបាក ពីព្រោះខ្ទង់ចំណូលនិងខ្ទង់ចំណាយមិនសមាមាត្រគ្នា។ ប្រជាជនកម្ពុជាមិនអាចទប់ទល់ជាមួយតម្លៃក្នុងការរស់នៅនោះទេ។ បញ្ហាប្រឈមនេះធ្វើឲ្យមានបញ្ហាសង្គម និងសេដ្ឋកិច្ចជាច្រើន ហើយពេលខ្លះអាចឈានទៅដល់ជម្លោះ និងការបំពាននៅក្នុងសង្គម។

ប្រជាជនទទួលបានប្រាក់ខែស្តួចស្តើងពីការងារប្រើប្រាស់កម្លាំងពលកម្ម ជាពិសេស ក្នុងតំបន់ជនបទ បុគ្គលិករកចំនូលបានចន្លោះពី ១២០ ទៅ ២០០​ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ​ [Wageindicator.org 2023] ។  ប្រាក់បៀវត្សកម្រិតនេះ មិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្លៃអាហារ ប្រេងសាំង ការសិក្សា និងការថែទាំសុខភាពដែលកើនឡើងនោះទេ ហើយជាលទ្ធផលកុមារ និងយុវជនសម្រេចចិត្តបញ្ចប់ការសិក្សា ប្រជាជនរស់នៅជាមួយនឹងជំងឺឈឺថ្កាត់ សារពាង្គកាយលូតលាស់មិនពេញលេញ បញ្ហាសុខភាព និងគ្មានសុភមង្គល ដោយសារត្រូវរស់នៅបែកគ្នា ឬ ត្រូវធ្វើការងារខុសច្បាប់ ដែលមានហានិភ័យខ្ពស់។

អង្គការហ្គូដណេប៊ឺសកម្ពុជា (GNC) កំពុងស្វែងរកដំណោះស្រាយក្នុងការបង្កើតឲ្យមានសហគមន៍ប្រកបដោយនិរន្តភាពដែលប្រជាជនមានជីវិតល្អប្រសើរជាមួយសេដ្ឋកិច្ចស្ថិរភាព និងហិរញ្ញវត្ថុគ្រប់គ្រាន់ រស់នៅយ៉ាងសន្តិភាពជាមួយការអភវិឌ្ឍន៍សមរម្យ និងអាចរស់នៅបានដោយមិនចាំបាច់បៀតបៀនធម្មជាតិ និងមនុស្សជុំវិញខ្លួន។ អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្សារភ្ជាប់ឱកាសបង្កើនប្រាក់ចំនូល ដល់ពលរដ្ឋសហគមន៍ដោយគំនិតអាជីវកម្ម ជំនាញ វគ្គបណ្តុះបណ្តាល និងមូលធន (ថវិកានិងសម្ភារៈ) អមជាមួយការចូលរួមពីដៃគូស្ថាប័នពាក់ព័ន្ធ។ វិធីសាស្រ្តនេះបម្រើជាយាន ដល់ការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាព។

ការចុះអន្តរាគមន៍
 ពួកយើងផ្សារភ្ជាប់ប្រជាជនក្នុងសហគមន៍ ជាពិសេសមេគ្រួសារទៅនឹងឱកាសបង្កើនប្រាក់ចំនូលដែលមិនទាមទារការលះបង់ច្រើនដើម្បីក្តោបក្តាប់ ផ្ទុយទៅវិញពួកគេអាចទទួលបានកម្រៃច្រើន។ អង្គការហ្គូដណេប៊ឺសកម្ពុជាបំពេញភារកិច្ចជាមួយគ្រួសារតាមភូមិ នៅទីជនបទនៃប្រទេសកម្ពុជា ដើម្បីជួយពួកគេឲ្យសម្រេចបាននូវនិរន្តរភាព និងលទ្ធភាពគ្រប់គ្រាន់ តាមរយៈសុខុមាលភាព ប្រព័ន្ធធារាសាស្រ្ត សាលារៀន ការបណ្តុះបណ្តាល និងការពង្រឹងអំណាច។  ដោយមានការចូលរួមពីដៃគូសហការ និងការរួមចំណែករបស់ក្រសួងពាក់ព័ន្ធ ពួកយើងបានផ្តល់ចំណេះដឹង និងវគ្គបណ្តុះបណ្តាលអំពីអាជីវកម្ម និងសហគ្រិនភាពទៅដល់សហគមន៍ ដើម្បីពង្រឹងសមត្ថភាពនិងអំណាច តាមតម្រូវការទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។ បន្ថែមលើនោះទៅទៀត យើងគាំទ្រប្រជាជនសហគមន៍ក្នុងការស្វែងរកទីផ្សារជាក់លាក់សម្រាប់សមិទ្ធផល ផលិតផល និងសេវាកម្មអាជីវកម្មរបស់ពួកគាត់ ហើយពួកយើងបង្រៀនពីរបៀបធ្វើទីផ្សារ និងបង្កើតសហគមន៍សម្រាប់អាជីវកម្ម ឬ ហាងរបស់ពួកគេជាលំដាប់បន្ទាប់។  កម្មវិធីអភិវឌ្ឍន៍បានផ្តល់ឱកាសដើម្បីរៀនជំនាញថ្មីៗ និងបានណែនាំឲ្យយល់ដឹងពីសកម្មភាពបង្កើនប្រាក់ចំណូល។ ទន្ទឹម​នឹង​នោះ​ដែរ ប្រជាជនទទួល​បាន​អាជីព​ថ្មីដែលនាំឲ្យមាន​ប្រាក់​ចំណូល។

 

សមិទ្ធិផលការងារ
 អង្គការហ្គូដណេប៊ឺសកម្ពុជាមានសេចក្តីរីករាយជាខ្លាំងណាស់ ពេលដែលសហគមន៍អាចមើលឃើញក្តីសង្ឃឹមថ្មី ហើយបានចែករំលែកក្តីសង្ឃឹមនោះជាមួយសមាជិកគ្រួសាររបស់ពួកគាត់។ ពួកយើងបានដំណើរការអាជីវកម្មសង្គមចំនួនប្រាំផ្សេងគ្នានាពេលថ្មីៗនេះរួមមាន “សហគមន៍ដឹកជញ្ជូនហ្គូដលីង” ដែលមានសមាជិកច្រើនជាង ១០០នាក់ធ្វើការលើការដឹកជញ្ជូនជាមួយចំនូលចន្លោះពី ៤០០ ទៅ ៦០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ។ យើងមាន “ស្ថានីយទឹកល្អ” សហគ្រិនសង្គមធ្វើការលើផ្នែកផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ទៅដល់ផ្ទះនិងសាលារៀន។ លើសពីនោះទៀត ពួកយើងបានចាប់ផ្តើម “កសិដ្ឋានចិញ្ចឹមឃ្មុំ“ និង “កសិដ្ឋានចិញ្ចឹមមាន់“ ជាមួយពលរដ្ឋសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល ពីបរិយាកាសរស់នៅ និងធម្មជាតិជុំវិញដែលអំណោយផលល្អ។ ជាចុងក្រោយ​ នៅសហគមន៍បណ្តែតទឹកដែលហុំព័ទ្ធទៅដោយទឹកគ្រប់រដូវកាល ពួកយើងបានបង្កើតសហគមន៍រកប្រាក់ចំណូលបន្ថែមផ្អែកលើការរួមគ្នាធ្វើឧបករណ៍នេសាទ ដើម្បីដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ ក្នុងគោលបំណងលើកស្ទួយជីវភាពអ្នកភូមិ និងអ្នកនេសាទ ដែលក្នុងខណៈនោះផងដែរ សមាជិកសហគមន៍យើងអាចមានប្រាក់ចំណូលបន្ថែម។

  1. សហគមន៍ដឹកជញ្ជូនហ្គូដលីង
     អត្រាចំណូលនៅទីប្រជុំជនខ្ពស់ជាងទីជនបទ ប៉ុន្តែប្រជាជននៅទីនោះប្រឈមជាមួយទុក្ខលំបាកមិនខុសពីប្រជាជនរស់នៅនៅទីជនបទនោះឡើយ។ វិបត្តិចម្បងដែលប្រជាជននៅទីប្រជុំជនជួបប្រទះ គឺការពុំមានការងារធ្វើដែលបណ្តាលមកពីកំណើនអ្នកមិនមានជំនាញដែលបានផ្លាស់ទីមកពីតំបន់ជនបទដើម្បីរកចំណូល។ អង្គការហ្គូដណេប៊ឺសកម្ពុជា សហការជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីសិក្សាពីបច្ចុប្បន្នភាព និងឱកាសការងារឲ្យខ្លួនឯង ដើម្បីការពារប្រជាជនពីទុក្ខលំបាក។ សហគមន៍ដឹកជញ្ជូនហ្គូដលីងបង្កើតឡើងសម្រាប់ប្រជាជនសហគមន៍ដែលពុំបានសិក្សាខ្ពង់ខ្ពស់​ ហើយមានសមត្ថភាពក្នុងការបើកបរប្រកបដោយសុវត្ថិភាព។ បន្ថែមលើដើមទុនបង់រំលោះម៉ូតូ និងម៉ូតូកង់បី អង្គការហ្គូដណេប៊ឺសកម្ពុជាគាំទ្រសមាជិកជាមួយវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពជាម្ចាស់អាជីវកម្មដូចជា ជំនាញសេវាកម្មអតិថិជន ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញជួសជុលម៉ូតូនិងម៉ូតូកង់បី ជំនាញគ្រប់គ្រង​ និងវគ្គចាំបាច់សម្រាប់ការបង្កើនប្រាក់ចំណូលជាច្រើនផ្សេងទៀត។
  2. ស្ថាននីយទឹកល្អ
    ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់សហគមន៍ អង្គការហ្គូដណេប៊ឺសកម្ពុជាបានបង្កើតគម្រោង “ស្ថាននីយទឹកល្អ” ដែលដំណើរការ និងដឹកនាំដោយពលរដ្ឋសហគមន៍។ ជាមួយគម្រោងនេះ ប្រជាជនគ្រប់រូបបានរៀនជំនាញថ្មីពាក់ព័ន្ធជាមួយការចម្រោះសម្អាតទឹក និងបង្កើនសមត្ថភាពនិងភាពជឿជាក់លើខ្លួនឯង ដោយជាលទ្ធផលពួកគាត់បានបង្កើតមធ្យោបាយ និងចំណូលបន្ថែម ដើម្បីជួយសហគមន៍របស់ពួកគាត់។ គម្រោង “ស្ថាននីយទឹកល្អ” ជួយប្រជាជនក្នុងសហគមន៍ឲ្យយល់ដឹងកាន់តែច្រើន អំពីសុខភាព ការការពារខ្លួនឯង និងការអភិវឌ្ឍន៍ហិរញ្ញវត្ថុ។ ដោយមានធនធានគ្រប់គ្រាន់ ប្រជាជនសហគមន៍បង្កើនឆន្ទៈរបស់ខ្លួន ក្នុងការស្រឡាញ់ និងការពារខ្លួន ទន្ទឹមនឹងនោះ វាជំរុញឲ្យមានការយល់ដឹងអំពីការរកចំណូលបែបសង្គម និងមិនប៉ះពាល់ដល់បរិស្ថានរស់នៅ។
  3. កសិដ្ឋានចិញ្ចឹមឃ្មុំ
    កសិដ្ឋានចិញ្ចឹមឃ្មុំ គឺជាកម្មវិធីបង្កើនប្រាក់ចំណូលដែលទទួលបានការចាប់អារម្មណ៍ច្រើន និងទទួលបានលទ្ធផលល្អជាងគេរបស់អង្គការហ្គូដណេប៊ឺសកម្ពុជានាពេលបច្ចុប្បន្ននេះ។ កសិដ្ឋានចិញ្ចឹមឃ្មុំនៅក្នុងសហគមន៍ឯកភ្នំបានដំណើរការយ៉ាងល្អប្រសើរនៅក្នុងការផលិតទឹកឃ្មុំ ដែលមានគុណភាពខ្ពស់ពីព្រៃរនាមជុំវិញសហគមន៍។ ដោយមានជំនួយពីដៃគូសហការមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អង្គការហ្គូដណេប៊ឺសកម្ពុជាបានធ្វើឲ្យសហគមន៍យល់ដឹង អំពីដំណើរការចិញ្ចឹមឃ្មុំ និងវិធីសាស្ត្រផលិតទឹកឃ្មុំគុណភាពខ្ពស់ សម្រាប់ដាក់លក់នៅលើទីផ្សារ។ បច្ចុប្បន្នទឹកឃ្មុំសហគមន៍ឯកភ្នំមានការដាក់លក់នៅលើទីផ្សារក្នុងស្រុក ហើយកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនទៅទីផ្សារនៅប្រទេសកូរ៉េ តាមរយៈម្ចាស់ជំនួយដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់សហគមន៍ ហើយបានចាប់អារម្មណ៍ទិញទឹកឃ្មុំធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់មិត្តភក្តិ និងគ្រួសារពេលពួកគាត់ត្រឡប់ទៅវិញ។ ប្រជាជនសហគមន៍កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីលើកកម្ពស់គុណភាពផលិតផល និងសាងកេរ្តិ៍ឈ្មោះរបស់ផលិតផលនៅក្នុងទីផ្សារ ដើម្បីទាញយកចំណូលត្រឡប់មកសហគមន៍ឲ្យកាន់តែច្រើន។ គម្រោង និងកម្មវិធីបង្កើនប្រាក់ចំណូលនេះ នឹងក្លាយជាកម្មវិធីលេចធ្លោដែលផ្តល់ក្តីសង្ឃឹមឲ្យសហគមន៍ឯកភ្នំមានឯករាជ្យភាពហិរញ្ញវត្ថុ និងការពឹងផ្អែកលើខ្លួនឯង។
  4. កសិដ្ឋានចិញ្ចឹមមាន់
    កសិដ្ឋានចិញ្ចឹមមាន់ គឺជាកម្មវិធីបង្កើតប្រាក់ចំណូលបែបកសិកម្មតាមផ្ទះមួយរបស់យើង ដែលជួយដល់ប្រជាពលរដ្ឋជាង ៤០ គ្រួសារនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។ អង្គការហ្គូដណេប៊ឺសកម្ពុជាផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប ដល់អ្នកដឹកនាំសហគមន៍កសិកម្ម​ ដើម្បីបង្កើតការបង្កើនប្រាក់ចំណូលរបស់ពួកគេ និងបានគាំទ្រសហគ្រិនក្នុងដំណើរការរៀបចំគម្រោងផែនការ ការអនុវត្តន៍គម្រោង និងការគ្រប់គ្រងអាជីវកម្មដែលពួកគេបានជ្រើសរើស។​ យើងនឹងបង្កើតភាពរុងរឿងនៅក្នុងសហគមន៍ជាមួយគ្នា។ សមិទ្ធផលរបស់គម្រោងនេះ គឺពលរដ្ឋសហគមន៍អាចស្វែងរកឃើញប្រភពនៃចំណូលបន្ថែមលើការងារប្រចាំ ដើម្បីផ្គត់ផ្គង់គ្រួសារ ហើយពួកគាត់ទទួលបានការងារថ្មីឲ្យសមាជិកគ្រួសារដែលចាំបាច់ត្រូវនៅផ្ទះមើលថែទាំកូនៗ។ ការចិញ្ចឹមមាន់ គឺជាគម្រោងដែលកំពុងបន្ត ហើយវានឹងក្លាយជាមធ្យោបាយដែលប្រកបដោយនិរន្តរភាពរបស់យើង ក្នុងការគាំទ្រដល់សហគមន៍ឲ្យពឹងផ្អែកលើខ្លួនឯង និងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ។
  5. សហគមន៍ផលិតឧបករណ៍នេសាទ
    ដោយផ្អែកលើអំណោយផលនៃតំបន់បណ្តែតទឹកដែលមានឱកាសច្រើនក្នុងការលក់ឧបករណ៍នេសាទនៅក្នុងសហគមន៍ អង្គការហ្គូដណេប៊ឺសកម្ពុជាបានបំផុសគំនិត​ថ្មី​ជូនពលរដ្ឋ​សហគមន៍​ ដើម្បី​ពង្រឹង​ជំនាញផលិតឧបករណ៍នេសាទ​ដែល​ពួកគេ​មាន និងនាំយកផលិតផលធ្វើដោយដៃ នាំ​ចូល​ទីផ្សារ​ដើម្បី​រក​ប្រាក់​ចំណេញ​បន្ថែម​ទៀត។ ពួកយើងប្រមូលផ្តុំក្រុមអ្នកផលិតផលឧបករណ៍នេសាទ ដើម្បីបង្កើតអាជីវកម្មលក្ខណៈជាក្រុមសម្រាប់ចំណូល ជំនាញ និងការងារបន្ថែមក្នុងពេលទំនេរ។ ដើម្បីកសាងដំណើរការអាជីវកម្មប្រកបដោយស្ថិរភាព ពួកយើងរៀបចំវគ្គបណ្តុះបណ្តាល បង្កើតគណៈកម្មការដឹកនាំសកម្មភាព និងលទ្ធភាពចូលដល់ទីផ្សារឲ្យប្រជាជនសហគមន៍។ អាជីវកម្មបង្កើតឧបករណ៍នេសាទនេះដំណើរការទៅមុខបានយ៉ាងល្អប្រសើរ ព្រោះផលិតផលរបស់ពួកយើងមានតម្លៃទាបជាងទីផ្សារ។ នៅក្នុងរដូវវស្សានៃប្រទេសកម្ពុជា ក្រុមអាជីវកររបស់យើងទទួលបានចំណូលច្រើនគួរឲ្យកត់សម្គាល់ ដោយលក់ដាច់អស់ពីស្តុក។ ថ្មីៗនេះចំនួនសមាជិកក្រុមអាជីវករ និងម៉ោងផលិតឧបករណ៍នេសាទរបស់យើងត្រូវបានកើនឡើងជាបន្តបន្ទាប់ ដោយសារមានតម្រូវការពីទីផ្សារក្រៅសហគមន៍ ហើយក្រុមរបស់យើងរីករាយនឹងទទួលយកការកម្មង់ ក៏ដូចជារកកម្រៃបន្ថែមជាមួយគ្រួសារនៅក្នុងភូមិរបស់ពួកគាត់។ ប្រជាជនក្នុងសហគមន៍មិនចាំបាច់ធ្វើដំណើររាប់រយគីឡូម៉ែត្រ ឬ ត្រូវឆ្លងទឹក ដើម្បីទៅធ្វើការនៅភូមិ និងតំបន់ផ្សេងទៀតទេ។
     


ករណីសិក្សា

“ពួកយើងទទួលបានទ្រព្យ ដែលបង្កើតឲ្យមានចំណូល”
ជីវភាពរស់នៅលើភូមិអណ្តែតទឹកមានសភាពលំបាកខ្លាំង ប្រជាជនសហគមន៍ត្រូវយកឈ្នះភាពអត់ឃ្លាន និងហានិភ័យផ្សេងៗ ដោយពឹងផ្អែកលើអាជីពតែមួយគត់ គឺការនេសាទ។ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ ១៩  អ្នកភូមិជួបប្រទះឥទ្ធិពលអវិជ្ជមានជាច្រើន ឧទាហរណ៍ យុវជនត្រូវចំណាកស្រុកទៅទីក្រុង ប្រទេសផ្សេង ដើម្បីធ្វើការរកចំនូលផ្ញើរមកចិញ្ចឹមគ្រួសារ។ កុមារី អាត ចរិយា ជាសិស្សថ្នាក់ទី ៥ មានអាយុ ១១ ឆ្នាំ មកពីភូមិពាមសីម៉ា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ មុនពេលចុះឈ្មោះធ្វើជាសិស្សអាហារូបករណ៍របស់អង្គការហ្គូដណេប៊ឺសកម្ពុជា គ្រួសាររបស់ប្អូនស្រីមិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញឧបករណ៍នេសាទ ។ ពួកគេតែងតែខ្ចីថវិកាពីឈ្មួញកណ្តាលនៅក្នុងភូមិជាមួយការប្រាក់ខ្ពស់ (១៥% ក្នុងមួយខែ)។ កាលពីដើមឆ្នាំ ២០២២ ឪពុកម្តាយរបស់ប្អូនស្រី អាត ចរិយា បានចូលរួមកម្មវិធីបង្កើនប្រាក់ចំណូលរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ហើយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមក្តីសង្ឃឹមថ្មីជាមួយអាជីវកម្មក្នុងក្តីស្រមៃដែលចង់ផលិតឧបករណ៍នេសាទ ហើយលក់ចេញឲ្យអ្នកក្នុងតំបន់ ក្នុងតម្លៃទាបជាងទីផ្សារ។ ប្អូនស្រី អាត ចរិយានិយាយថា “ខ្ញុំសូមអរគុណទៅដល់ម្ចាស់ជំនួយគ្រប់រូបដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគមន៍កសិកម្មទន្លេត្រីមាស ដែលធ្វើឲ្យគ្រួសាររបស់នាងខ្ញុំ ក៏ដូចជាសមាជិកក្រុមផ្សេងទៀតអាចរស់នៅក្នុងជីវិតដែលប្រសើជាងមុន ហើយទទួលបានចំណូលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់។ ពេលនេះខ្ញុំអាចទៅសាលាបានទៀងទាត់ ហើយម្តាយឪពុករបស់ខ្ញុំបានសន្យាថា នឹងបញ្ជូនខ្ញុំឲ្យទៅរៀនបន្តរហូតបញ្ចប់ថ្នាក់ឧត្តមសិក្សា”។

ពាក្យបណ្តុះគំនិត

“ជាមួយការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពួកយើងទទួលបានដំណោះស្រាយល្អ ពីធនធានមានស្រាប់នៅក្នុងសហគមន៍ដែលនាំយើងឲ្យសម្រេចបានការពឹងផ្អែកលើខ្លួនឯង ហើយមានជិវិតប្រសើរជាងមុន“។