អង្គការ​ហ្គូ​ដ​ណេ​ប៊ឺ​ស​កម្ពុជា ​(Good Neighbors Cambodia) នៅ​ខែតុលា​ខាងមុខនេះ​នឹង​យក​ម៉ាស​ចំនួន​៥​ម៉ឺន ចែកជូន​កុមារ​និង​សិស្សានុសិស្ស​នៅ​ខេត្ត​និង​រដ្ឋធានី​ចំនួន​៥​គឺ រាជធានី​ភ្នំពេញ ខេត្តបន្ទាយ មានជ័យ បាត់ដំបង ក្រចេះ និង​មណ្ឌលគិរី​។​

ម៉ាស​ចំនួន​៥​ម៉ឺន​នេះ បានមកពី​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន S.E.C Accessories Ltd .​កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ សម្រាប់​ចូលរួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។​

លោក រ៉ូ​ប៊ើ​ត វ៉ាង (Robert Hwang) នាយក​គ្រប់គ្រង​ក្រុមហ៊ុន S.E.C Accessories Ltd . បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ម៉ាស​ចំនួន​៥០០០០​ម៉ឺន​ជូន​អង្គការ​ហ្គូ​ដ​ណេ​ប៊ឺ​ស​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​ថា​៖ ម៉ាស​ទាំងនេះ​មាន​គុណ​ភាពល្អ​ស្តង់ដារ​អន្តរជាតិ ដែល​នឹង​ជួយ​ការពារ​កុមារនិង​សិស្សានុ​សិស្ស​​ពី​ជំងឺ​កូ​វីដ​១៩​។​ការបរិច្ចាក​ម៉ាស​នេះ ក្នុង​គោលបំណង​ចូលរួម​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក រ៉ូ​ប៊ើ​ត វ៉ាង បានឱ្យដឹងថា​៖ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​របស់​លោក​​បាន​បរិច្ចាគ​ម៉ាស​ជូនទៅ​បណ្តា​ក្រសួង​ស្ថាប័ន សហគមន៍​ជាច្រើន​ព្រមទាំង​ប្រជាជន​និង​កុមារ​នៅតាម​ទីជនបទ ប្រមាណ​ជាង​១​លាន​ម៉ាស​រួចមកហើយៗ​លោក​នឹង​បន្ត​បរិច្ចាគ​ម៉ាស និង​ការឧបត្ថម្ភ​មនុស្សធម៌​ផ្សេងៗ​បន្តទៀត​។​

លោក ចាំង ដុង​វ៉ុ​ន នាយក​ប្រចាំ​ប្រទេស​អង្គការ​ហ្គូ​ដ​ណេ​ប៊ឺ​ស​កម្ពុជា បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ក្រោយពី​ទទួលបាន​ម៉ាស​ចំនួន​៥​ម៉ឺន​នេះ អង្គការ​របស់លោក នឹង​យកទៅ​ចែកជូន​កុមារ​និង​សិស្សានុសិស្ស​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ក្រចេះ និង​មណ្ឌលគិរី នៅ​ដើមខែ​ក្រោយនេះ​។

លោក​បានឱ្យដឹងថា​៖​ចាប់ពី​ដើម​សប្តាហ៍​ទី​២​នៃ​ខែតុលា​ឆ្នាំ​២០២១តទៅ​នេះ​អង្គការ​ហ្គូ​ដ​ណេ​ប៊ឺ​ស​កម្ពុ​ជាមាន​ផែនការ​ចែក​ម៉ាស​ដល់​សាលា​ចំនួន​៦៧ ​មជ្ឈ​មណ្ឌ​ល​សុខភាព​ចំនួន​២ ឃុំ​ចំនួន​២​ កុមារ​១៩០០​នាក់​និង​សិស្ស​កុំព្យូទ័រ​ចំនួន​៥០​។​ក្នុងនោះ​៩០០០​ម៉ាស​(១៨០​ប្រអប់​)​ជូន​សិស្សសាលា​ប្រមាណ​៤០០០​នាក់​នៅ​សាលា​ចំនួន​២០​ក្នុងស្រុក​អូរជ្រៅ​ខេត្ត បន្ទាយមានជ័យ​,៨០០០​ម៉ាស​(១៦០​ប្រអប់​)​ដល់​សិស្សសាលា​ជាង​២៤០០​នាក់​នៅ​សាលា​ចំនួន​១០​ក្នុងស្រុក​ថ្មគោល​ខេត្តបាត់ដំបង​និង​នៅ​ទីកន្លែង​ផ្សេងទៀត​ដូចជា​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​, ស្រុក​ស្នួល ខេត្តក្រចេះ ,​ស្រុក​កោះ​ញែក មណ្ឌលគិរី​៕