ថ្ងៃសុក្រ ទី២៦ ខែសីហា​ ឆ្នាំ២០២២ លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេស អង្គការហ្គូដណេបឺសកម្ពុជា និងលោកខេអ៊ូ នាយកប្រតិបត្តិនៃក្រុមហ៊ុន MVL បានប្រកាសសម្ពោធបើកការដ្ឋានសាងសង់​

“សាលាMVL School​ ទី១” ក្នុងអនុវិទ្យាល័យអូរតាគីខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។

ការប្រារព្ធពិធីថ្ងៃនេះ បានអញ្ជើញចូលរួមពីសំណាក់លោកជា សម្បត្តិ អភិបាលស្រុកថ្មគោល និងលោកខេអ៊ូ(Mr.Kay Woo) នាយកប្រតិបត្តិនៃក្រុមហ៊ុន MVL ព្រមទាំងលោកចាំង ដុងវ៉ុន(Mr.Dongwon Jang) នាយកប្រចាំប្រទេសនៃហ្គូដណេបឺសកម្ពុជា និងបុគ្គលិកជាមួយនឹងសិស្សានុសិស្សចំនួន៣០០នាក់ទៀត។

អង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុន MVL ចុះសម្ពោធបើកការដ្ឋាន នៃការឧបត្ថម្ភសាងសង់ MVL មណ្ឌលសិក្សាល្អ(MVL Good Learning Center)ផ្អែកលើមូលដ្ឋានICT និងបន្ទប់រៀន ព្រមទាំងបង្គន់អនាម័យ ហើយដោយឈរលើហេដ្ឋារចនាសម្ព័ន្ធ នឹងបន្ដផ្ដល់ជំនួយសាងសង់សាលាអប់រំភាសាអង់គ្លេស និងបណ្ណាល័យICT រួមទាំងកម្មវិធីអប់រំបណ្ណារក្ស នៅឆ្នាំ២០២៣។

កន្លងមក អង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុន MVL បានចុះអនុសារណៈយោគយល់ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំក្នុងគ្រឹះស្ថានអប់រំដែលមិនទាន់បានអភិវឌ្ឍពេញលេញនៅកម្ពុជា និងគាំទ្រកម្មវិធីអប់រំឌីជីថល និងការអប់រំផ្នែកអំណានដោយប្រើប្រាស់បណ្ណាល័យ ICT រហូតដល់ឆ្នាំ២០២៦ ព្រមទាំងមានចក្ខុវិស័យផ្ដល់ជំនួយជាសាលារៀនចំនួន ១០០ខ្នងផងដែរ។

លោក ខេអ៊ូ នាយកប្រតិបត្តិនៃ MVL មានប្រសាសន៍ថា “MVL កំពុងព្យាយាមបង្កើតបរិយាកាសមួយដែលសិស្សជាច្រើនក្នុងប្រទេសកម្ពុជាអាចទទួលបានការអប់រំបែបឌីជីថល។ យើងនឹងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង ‘MVL School’ ដើម្បីអោយសិស្សានុសិស្សក្នុងប្រទេសកម្ពុជាដែលមានស្ថានភាពលំបាក អាចសិក្សាតាមខ្លឹមសារនៃបេះដូងរបស់ពួកគេ និងអភិវឌ្ឍទេពកោសល្យរបស់ពួកគេ។ ហើយ​វា​ក៏​ស្រប​តាម​គោលការណ៍​របស់​ខ្ញុំ​និង​ក្រុម​របស់​ខ្ញុំ​នៅ MVL ក្នុង​ការ​បង្កើត​ពិភព​លោក​ដ៏​ល្អ​មួយ​ផង​ដែរ​”​​។

លោកចាំងដុងវ៉ុន​នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា បានបង្ហាញថា“ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចាប់ផ្តើមគម្រោងMVL​ School សម្រាប់កុមារកម្ពុជា តាមរយៈពិធីសម្ពោធបើកការដ្ឋានសាងសង់លើកនេះ” ហើយលោក បន្ដទៀតថា“តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុនMVL អង្គការហ្គូដណៃបឺសកម្ពុជា គ្រោងជួយដល់ការអប់រំរបស់កុមារ​ និងការលូតលាស់ប្រកបដោយសុខភាពល្អ គឺមិនត្រឹមតែឧបត្ថម្ភក្នុងខេត្តបាត់ដំបងប៉ុណ្ណោះទេ នឹងបន្ដពង្រីកការគាំទ្រដល់តំបន់ដាច់ស្រយាល និងសាលារៀននៅតំបន់ភ្នំភូមិភាគឦសាន រួមទាំងសាលារៀនមានស្ថានភាពខ្សត់ខ្សោយនៅតំបន់ព្រំដែនផងដែរ” ។