តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក របស់ឌី ជី ប៊ី (DGB) និងអង្គការហ្គូដណេប៊ឺសកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះ​ លោក រស់ ធារឹទ្ធ(Mr. Ros Thearith) ​អគ្គនាយកក្រុមហ៊ុន​ និងលោក​ចាំង ដុងវ៉ុន(Jang Dongwon) នាយកប្រចាំប្រទេសរបស់អង្គការ បានចុះទស្សនៈកិច្ចនៅសាលាបឋមសិក្សាទួលរកាកុះ​ (Tuol Rokakos) ក្នុងខណ្ឌដង្កោ  និងនាំយកជំនួយជា អាវយឺតកូរ៉េចំនួន ៣៦០អាវ និង សម្ភារៈសិក្សាចំនួន ៥០០កញ្ចប់មានដូចជា សៀវភៅ និងប៊ិចជាដើម។ នេះជាជំនួយលើកទី២ បន្ទាប់ពីការឧបត្ថម្ភលើការសាងសង់ជួសជុលបណ្ណាល័យ និងផ្លូវក្នុងបរិវេណសាលារៀន នៅខែកញ្ញាឆ្នាំមុន។

ទាំងនេះ​សរបញ្ជាក់ថា គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុខេម ខាប់ភីថល ម.ក កំពុងបន្ដដំណើរការលើគម្រោងឧបត្ថម្ភយ៉ាងទៀងទាត់ ដើម្បីឲ្យសិស្សានុសិស្សមានការរីកលូតលាស់ប្រកបដោយសុខភាពល្អ ជាមួយនឹងការអប់រំ។

ក្នុងពិធីនេះដែរ លោកអគ្គនាយកខេម ខាប់ភីថល ម.ក បានមានប្រសាសន៍ថា“ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមផ្ដល់ជំនួយចាប់ពីឆ្នាំមុន រួចបន្ដមកដល់ឆ្នាំនេះទៀត និងត្រេកអរណាស់ ពេលបានជួបសិស្សានុសិស្សម្ដងទៀត” លោកបន្ថែមទៀតថា“ខេម ខាប់ភីថល ម.ក នឹងក្លាយជាគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុដែលរីកលូតលាស់ទៅមុខជាមួយនឹងសហគមន៍ដែរ”។

លោក​នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា បានមានប្រសាសន៍ថា“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ខេម ខាប់ភីថល ម.ក ដែលបានឧបត្ថម្ភសម្ភារៈចាំបាច់ដូចជា សម្ភារៈសិក្សា និងអាវយឺត ដល់សិស្សានុសិស្ស ដើម្បីលើកទឹកចិត្តដល់សិស្សអោយមករៀនទៀងទាត់ ក្រោយពីការផ្ទុះជំងឺកូវីដ១៩” លោកបន្ដថា“លើសពីនេះទៅទៀត ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សនឹងអាចលូតលាស់ប្រកបដោយសុខភាពល្អ និងសុភមង្គល”។

គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក មិនត្រឹមតែឧបត្ថម្ភលើគម្រោងអប់រំដល់កុមារប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជំនួយតុកតុកដល់ជនក្រីក្ររស់នៅជាយក្រុងភ្នំពេញ ក្នុងគម្រោងតាក់ស៊ីល្អ(Good Taxi Project)   ដើម្បីអោយពួកគាត់អាចផ្គត់ផ្គង់ជីវភាព និងរក្សាលំនឹងសេដ្ឋកិច្ចគ្រួសារ ហើយគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ​ ក៏បន្ដពង្រីកគម្រោងយ៉ាងសកម្មក្នុងសហគមន៍ ដើម្បីជួយដល់ពលរដ្ឋកម្ពុជា ដូចជាការឧបត្ថម្ភតុកតុកក្នុងគម្រោងបង្កើនប្រាក់ចំណូលនេះជាដើម។