សហគមន៍ដឹកជញ្ជូនហ្គូដលីង (អតីតគម្រោង តាក់ស៊ីល្អ) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ក្រោមជំនួយឧបត្ថម្ភពីអង្គការហ្គូដណេប៊ឺសកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនសហគមន៍ តាមរយៈការបង្កើតសហគមន៍ដឹកជញ្ជូនហ្គូដលីង និងបង្កើនចំនួនសមាជិកតាមរយៈទុនបង្វិល។ យើងចង់ធ្វើឱ្យមាន “ការផ្លាស់ប្តូរដ៏ល្អមួយ” កើតឡើងជាបន្តបន្ទាប់នៅក្នុងសហគមន៍របស់យើង ហើយយើងខិតខំ ដើម្បីភាពរីកចម្រើនសំរាប់ទាំងអស់គ្នា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូ។
នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៣ សហគមន៍ដឹកជញ្ជូនហ្គូដលីងទទួលបានជំនួយឧបត្ថម្ភ ពីសហគមន៍ដឹកជញ្ជូន Daegu ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការគម្រោង ហើយភាគីទាំងអស់បានព្រមព្រៀងធ្វើជាដៃគូសហការជាផ្លូវការនៅក្នុង “ពិធីអបអរភាពជាដៃគូរវាង សហគមន៍ដឹកជញ្ជូន Daegu និងហ្គូដណេប៊ឺសគ្លូប៊លអ៊ីមផាក និងសហគន៍ដឹកជញ្ជូនហ្គូដលីង” ដោយរលូន និងប្រកបដោយភាពជោគជ័យ។ តាមរយៈកិច្ចព្រមព្រៀងនេះ សហគមន៍ដឹកជញ្ជូន Daegu ដែលត្រូវបានគេទទួលស្គាល់ថាជាសហគមន៍ឈានមុខជាប់ចំណាត់ថ្នាក់លេខ ១ នៅប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន 6,000 USD (ប្រាំមួយពាន់ដុល្លាសហរដ្ឋអាមេរិក) ក្នុងមួយឆ្នាំដល់សហគមន៍ដឹកជញ្ជូនហ្គូដលីង។ លើសពីនោះទៅទៀត សហគមន៍ដឹកជញ្ជូន Daegu នឹងផ្តល់ជំនួយលើផ្នែកប្រឹក្សាយោបល់ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ទៅកាន់ដៃគូនៅក្នុងប្រទេសកម្ពុជាសម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការនាពេលអនាគត។
លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជាបានអបអរសាទរចំពោះកិច្ចព្រមព្រៀងនេះ និងថ្លែងអំណរគុណដល់ក្រុមការងារសហគមន៍ដឹកជញ្ជូន Daegu សម្រាប់ការគាំទ្រដល់សហគមន៍ក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះដែរ លោក ថៃ ច្រូច តំណាងប្រធានក្រុមសហគមន៍ដឹកជញ្ជូនហ្គូដលីង បានមានប្រសាសន៍ថា “ឥឡូវនេះសហគមន៍ដឹកជញ្ជូនហ្គូដលីង មានសមាជិកចំនួន១២០នាក់ ហើយពួកយើងទទួលបានប្រាក់ចំណូលបន្ថែមយ៉ាងទៀតទាត់។ ពួកយើងសូមសម្ដែងនូវអំណរគុណ និងកោតសរសើរចំពោះសហគម៍ដឹកជញ្ជូន Daegu ដែលបានផ្តល់ការគាំទ្រដល់ពួកយើង។ ជាមួយជំនួយនេះ ពួកយើងនឹងប្រឹងប្រែងធ្វើឲ្យសហគមន៍ដឹកជញ្ជូនមួយនេះ កាន់តែរឹងមាំ ហើយក៏ជាគំរូល្អដល់សហគមន៍ដទៃទៀតផងដែរ”។
អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងតែអនុវត្ត “ការពង្រីកការងាររបស់ក្រុមយុវជន និងការបង្កើតប្រាក់ចំណូល តាមរយៈសហគមន៍ដឹកជញ្ជូន (គម្រោងហ្គូដលីង)” តាមរយៈមូលនិធិ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិកូរ៉េ ហៅកាត់ថា កយកា។