ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេស អង្គការហ្គូដណេប៊ឺសកម្ពុជា និងលោក ឃីប៉ុង កាំងជុនអ៊ូ ប្រធាន ក្រុមរ៉ូតារីដុងថាន់ ស្រុក៣៧៥០នៃរ៉ូតារីអន្តរជាតិ ព្រមទាំងលោកខេ អ៊ូ អគ្គនាយក វេទិកា Blockchain ចល័តអឹមវីអឹល បានចុះទស្សនកិច្ច សាលាបឋមសិក្សាព្រៃសរ ក្នុងខណ្ឌដង្កោ ហើយសម្រេចផ្ដល់ជំនួយជាកន្លែងក្មេងលេង និងបានចែកសម្ភារៈសិក្សាចំនួន ៥០០ឈុត មានដូចជា សៀវភៅ ប៊ិក បន្ទាត់ជាដើម។ ក្នុងកម្មវិធីចែកសម្ភារៈសិក្សានេះ មានការអញ្ចើញចូលរួមពីសំណាក់ លោកប្រធានក្រុមរ៉ូតារីដុងថាន់ លោកអគ្គនាយក អឹមវីអឹល លោកនាយកប្រចាំប្រទេស អង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៣០០នាក់ទៀត។
តាមរយៈកិច្ចសហការឧបត្ថម្ភរបស់អឹមវីអឹល និងក្រុមរ៉ូតារីដុងថាន់លើគម្រោង Play here of MVL នឹងជួយលើកកម្ពស់ដល់សិទ្ធក្នុងការចូលរួមលេងរបស់កុមារកម្ពុជា ហើយវាក៏ជាគម្រោងដែលផ្ដល់កន្លែង និងគ្រឿងបរិក្ខារក្មេងលេងផងដែរ។ យើងឃើញថា នៅមិនទាន់មានកន្លែងក្មេងលេងក្នុងសាលារៀនរដ្ឋមួយចំនួន និងកន្លែងក្មេងលេងភាគច្រើនមានសណ្ឋានចាស់សឹករេចរឹល ហើយកន្លែងលេងកីឡា ក៏មានការខូចខាតដែរ។ ជំនួយលើកនេះ ជាគម្រោងធ្វើកំណែទម្រង់លើកន្លែង និងឧបករណ៍លេងដែលច្រេះចាប់ និងចាស់សឹករេចរឹល អោយក្លាយទៅជាកន្លែងក្មេងលេង ប្រកបដោយសុវត្ថិភាព និងទាន់សម័យ ព្រមទាំងធ្វើការសាងសង់ជួសជុលលើកន្លែងលេងបាល់ទាត់ បាល់បោះ និងបាល់ទះ ក្នុងសាលាបឋមសិក្សាព្រៃសរ។
លោកឃីប៉ុង កាំងជុនអ៊ូ ប្រធានក្រុមរ៉ូតារីដុងថាន់ បានថ្លែងថា “ខ្ញុំពិតជារីករាយណាស់ ពេលបានជួបសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រៃសរ” លោកបន្ថែម “វាជាការចាប់ផ្ដើមជួបលើកដំបូង ជាមួយសាលាបឋមសិក្សាព្រៃសរ ហើយនាថ្ងៃខាងមុខ ខ្ញុំក៏នៅបន្តចំនាយពេលវេលា មកចូលរួមមើលការរីកលូតលាស់របស់សិស្សានុសិស្សទៀត តាមរយៈការភ្ជាប់ទំនាក់ទំនងនេះដែរ”។
លោកខេអ៊ូ អគ្គនាយកអឹមវីអឹល បានចូលរួមមតិថា“ខ្ញុំនៅតែចងចាំពីការរត់លេងជាមួយមិត្តភក្តិ នៅកន្លែងក្មេងលេងក្នុងវ័យកុមារភាពនៅឡើយ” លោកបន្ត “ខ្ញុំចង់ជូនកាដូរនេះ ដល់កុមារកម្ពុជាអោយទទួលបានការចងចាំល្អៗ ដូចខ្ញុំដែរ”។
លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេស អង្គការហ្គូដណេប៊ឺសកម្ពុជា “ស្ថានភាពជាក់ស្តែងក្នុងក្រុមគ្រួសារកម្ពុជា យើងឃើញថាកន្លែងដែលកុមារអាចលេងបាន គឺនៅមានកម្រិត ដូច្នេះខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមរ៉ូតារីដុងថាន់និងអឹមវីអឹល ដែលបានសម្រេចឧបត្ថម្ភគម្រោងកន្លែងក្មេងលេង ប្រកបដោយសុវត្ថិភាព និងអនាម័យក្នុងសាលារៀន ” លោកបន្ថែម “ខ្ញុំរំពឹងថា ក្រោយការសម្ភោធកន្លែងក្មេងលេង Play here of MVLហើយ មិនត្រឹមតែសិស្សានុសិស្សក្នុងសាលារៀនប៉ុណ្ណោះទេ កុមារក្នុងសហគមន៍ក៏អាចមកលេងជាមួយគ្នា យ៉ាងសប្បាយរីករាយផងដែរ”៕