នៅថ្ងៃទី ២៦ ខែតុលាថ្មីៗនេះ សមាជិកក្រុមរ៉ូតារីដុងថាន់ នៃរ៉ូតារីអន្តរជាតិស្រុក៣៧៥០ដែលមានលោក គីម សេហ៊ូនជាប្រធានបានចុះទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីប្រារព្ធកម្មវិធីប្រគល់សួនកុមារ “លេងទីនេះ” ដ៏ទំនើបនិងមានសុវត្ថិភាព ជូនដល់សាលាបឋមសិក្សាព្រៃសរ ព្រមទាំងបានចែកជូនកាបូប និងសម្ភារៈសិក្សាចំនួន ៥២៤ឈុត ដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាព្រៃសរ ។ កម្មវិធីបានដំណើរការក្រោមវត្តមានរបស់លោក គីម សេហ៊ូន ប្រធានក្រុមរ៉ូតារីក្លឹប លោក ទិត ផានិត នាយករងរដ្ឋបាលខណ្ឌដង្កោ លោក វែន សុគុណ ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌដង្កោ លោក សួង សំអុល ចៅសង្កាត់ព្រៃសរ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃសរ។
នេះជាដំណើរទស្សកិច្ចលើកទីពីររបស់ក្រុមរ៉ូតារីមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងក្នុងខែមីនាកន្លងទៅ ដែលពេលនោះសមាជិកក្រុមបានចុះមក ក្នុងគោលបំណងធ្វើការសិក្សា និងរៀបចំអភិវឌ្ឍ ‘គម្រោងសួនកុមារ ជាមួយរ៉ូតារីក្លឹប #១គម្រោងលេងទីនេះនៃអឹមវីអឹល (#1 Play here of MVL’ )។ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមរ៉ូតារី និងក្រុមហ៊ុនអឹមវីអឹល សួនកុមារ “លេងទីនេះ” ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ កាលពីខែកញ្ញា ឆ្នាំ២០២៣។ ពួកយើងទាំងអស់គ្នាសង្ឃឹមថាសមិទ្ធផលនេះ នឹងក្លាយជាឱកាសល្អ ដើម្បីបង្ហាញការគាំទ្រទៅលើប្រធានបទ “សិទ្ធិរបស់កុមារក្នុងការសម្រាក និងកម្សាន្ត” ដែលចេញដោយ UNCRC (អនុសញ្ញាស្តីពីសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ) ហើយលើកទឹកចិត្តឱ្យសិស្សានុសិស្សអាចទទួលបានអារម្មណ៍សប្បាយរីករាយកំឡុងពេលសិក្សា។
ក្នុងកម្មវិធីប្រគល់សួនកុមារនេះ លោក គីម សេហ៊ូន ប្រធានក្រុមរ៉ូតារីក្លឹប បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាទីគោរព សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ។ គាត់ក៏បានបង្ហាញពីទឹកចិត្តក្នុងការគាំទ្រឥតឈប់ឈរថា “ខ្ញុំបាទ និងសមាជិកក្រុមចង់ឧបត្ថម្ភក្នុងសាលានេះជាបន្តបន្ទាប់ទៀត ដើម្បីឲ្យអ្នក ព្រមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃសរទាំងអស់ អាចលូតលាស់ប្រកបដោយសុខុមាលភាព និងខិតខំសិក្សារៀនសូត្រ” ។ ចំណែកលោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលយើង(អង្គការហ្គូដណេប៊ឺសកម្ពុជា) បានចូលរួមគម្រោងដ៏មានអត្ថន័យនេះ។ ពួកយើងសូមអរគុណចំពោះជំនួយ និងកិច្ចសហការយ៉ាងល្អដើម្បីសម្រេចគម្រោងនេះ។ ខ្ញុំបាទ និងអង្គការហ្គូដណេប៊ឺសកម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រកុមារដែលសិក្សាក្នុងសាលាបឋមសិក្សាព្រៃសរ ឱ្យទទួលបានការលូតលាស់ប្រកបដោយសុខុមាលភាព និងបញ្ចប់ការសិក្សាបានយ៉ាងល្អ” ។
លើសពីនេះទៅទៀត នៅក្នុងកម្មវិធីប្រគល់សួនកុមារនេះ សមាជិកក្រុមរ៉ូតារីដុងថាន់បានចែកកាដូរជាសម្ភារៈសិក្សា ជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃស ក្នុងគោលបំណងលើកទឹកចិត្តឲ្យពួកគាត់ខិតខំសិក្សារៀនសូត្របន្ថែមផងដែរ។ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ពួកយើងបានអញ្ជើញកុមារឧបត្ថម្ភ និងអាណាព្យាបាលកុមារ ចូលរួមទទួលទានអាហារថ្ងៃត្រង់រួមគ្នា ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងការបង្កើនចំណងមិត្តភាពល្អ។
*ក្រុមរ៉ូតារីដុងថាន់ គឺជាសមាជិកមួយក្រុម នៃរ៉ូតារីអន្តរជាតិស្រុក៣៧៥០ ដែលចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការស្ម័គ្រចិត្តផ្សេងៗ ក្នុងប្រទេសកូរ៉េ រួមមានការឧបត្ថម្ភអាហាររូបករណ៍ ការងារស្ម័គ្រចិត្តសម្រាប់មនុស្សចាស់ដែលរស់នៅតែម្នាក់ឯង និងគ្រួសារពហុវប្បធម៌ជាដើម។ គម្រោងសួនកុមារ “លេងទីនេះ នៃអឹមវីអឹល” នេះគឺជា គម្រោងបរិច្ចាគក្រៅប្រទេសលើកដំបូងបង្អស់របស់ក្រុមរ៉ូតារីដុងថាន់។