តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក របស់ឌី ជី ប៊ី (DGB) និងអង្គការហ្គូដណេប៊ឺសកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះ លោក រស់ ធារឹទ្ធ(Mr. Ros Thearith) អគ្គនាយកក្រុមហ៊ុន និងលោកចាំង ដុងវ៉ុន(Jang Dongwon) នាយកប្រចាំប្រទេសរបស់អង្គការ បានចុះទស្សនៈកិច្ចនៅសាលាបឋមសិក្សាទួលរកាកុះ (Tuol Rokakos) ក្នុងខណ្ឌដង្កោ និងនាំយកជំនួយជា អាវយឺតកូរ៉េចំនួន ៣៦០អាវ និង សម្ភារៈសិក្សាចំនួន ៥០០កញ្ចប់មានដូចជា សៀវភៅ និងប៊ិចជាដើម។ នេះជាជំនួយលើកទី២ បន្ទាប់ពីការឧបត្ថម្ភលើការសាងសង់ជួសជុលបណ្ណាល័យ និងផ្លូវក្នុងបរិវេណសាលារៀន នៅខែកញ្ញាឆ្នាំមុន។
ទាំងនេះសរបញ្ជាក់ថា គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុខេម ខាប់ភីថល ម.ក កំពុងបន្ដដំណើរការលើគម្រោងឧបត្ថម្ភយ៉ាងទៀងទាត់ ដើម្បីឲ្យសិស្សានុសិស្សមានការរីកលូតលាស់ប្រកបដោយសុខភាពល្អ ជាមួយនឹងការអប់រំ។
ក្នុងពិធីនេះដែរ លោកអគ្គនាយកខេម ខាប់ភីថល ម.ក បានមានប្រសាសន៍ថា“ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមផ្ដល់ជំនួយចាប់ពីឆ្នាំមុន រួចបន្ដមកដល់ឆ្នាំនេះទៀត និងត្រេកអរណាស់ ពេលបានជួបសិស្សានុសិស្សម្ដងទៀត” លោកបន្ថែមទៀតថា“ខេម ខាប់ភីថល ម.ក នឹងក្លាយជាគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុដែលរីកលូតលាស់ទៅមុខជាមួយនឹងសហគមន៍ដែរ”។
លោកនាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា បានមានប្រសាសន៍ថា“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ខេម ខាប់ភីថល ម.ក ដែលបានឧបត្ថម្ភសម្ភារៈចាំបាច់ដូចជា សម្ភារៈសិក្សា និងអាវយឺត ដល់សិស្សានុសិស្ស ដើម្បីលើកទឹកចិត្តដល់សិស្សអោយមករៀនទៀងទាត់ ក្រោយពីការផ្ទុះជំងឺកូវីដ១៩” លោកបន្ដថា“លើសពីនេះទៅទៀត ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សនឹងអាចលូតលាស់ប្រកបដោយសុខភាពល្អ និងសុភមង្គល”។
គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក មិនត្រឹមតែឧបត្ថម្ភលើគម្រោងអប់រំដល់កុមារប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជំនួយតុកតុកដល់ជនក្រីក្ររស់នៅជាយក្រុងភ្នំពេញ ក្នុងគម្រោងតាក់ស៊ីល្អ(Good Taxi Project) ដើម្បីអោយពួកគាត់អាចផ្គត់ផ្គង់ជីវភាព និងរក្សាលំនឹងសេដ្ឋកិច្ចគ្រួសារ ហើយគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ក៏បន្ដពង្រីកគម្រោងយ៉ាងសកម្មក្នុងសហគមន៍ ដើម្បីជួយដល់ពលរដ្ឋកម្ពុជា ដូចជាការឧបត្ថម្ភតុកតុកក្នុងគម្រោងបង្កើនប្រាក់ចំណូលនេះជាដើម។