“គម្រោងតាក់ស៊ីល្អ” ការប្រគល់ម៉ូតូកង់បីចំនួន២០គ្រឿងជូនអ្នកបើកបរ
អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងអនុវត្តគម្រោង “ការពង្រីកការងារយុវជន និងការបង្កើតប្រាក់ចំណូល តាមរយៈសហករណ៍ដឹកជញ្ជូន (គម្រោងតាក់ស៊ីល្អ Good Taxi Project)”។ គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ប៉ុន្ដែឆ្នាំនេះ យើងបានពង្រីក ហើយផ្តល់ឱកាសបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណូលដោយទទួលជំនួយថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
គម្រោងនេះ មានគោលបំណងផ្ដល់សិទ្ធអំណាចដល់យុវជន ដោយផ្តល់ការបណ្តុះបណ្តាលទាក់ទងអាជីវកម្មដឹកជញ្ជូន និងកម្មវិធីផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប សម្រាប់កម្ជីម៉ូតូកង់បី ព្រមទាំងកែលម្អស្ថានភាពអាជីវកម្ម តាមរយៈការរៀបចំ និងប្រតិបត្តិការសហករណ៍នៅខណ្ឌដង្កោ។
ពួកយើងចែករំលែកសកម្មភាពគម្រោងដូចខាងក្រោម៖
១. ការប្រគល់ម៉ូតូកង់បី ជូនអ្នកបើកបរ
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ហ្គូដណេប៊ឺសកម្ពុជាបានរៀបចំកម្មវិធីប្រគល់ម៉ូតូកង់បីចំនួន ២០គ្រឿង ក្នុងចំណោម ៤០គ្រឿង ជាតំណាងប្រចាំឆ្នាំ២០២២។ លោកចាំង ដុងវ៉ុន(Jang Dongwon) នាយកប្រចាំប្រទេសនៃហ្គូដណេប៊ឺសកម្ពុជា និងលោកណូ ហ៊នជុន(Rho Hyunjun)នាយកប្រចាំប្រទេសនៃ KOICA កម្ពុជា ព្រមទាំងលោកទុយ ចាន់ អភិបាលរងខណ្ឌដង្កោ បានចូលរួមដើម្បីអបអរសាទរកម្មវិធីនេះដែរ។
អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្តល់ប្រាក់កម្ចីលើម៉ូតូកង់បី ក្រោមអត្រាការប្រាក់ទាប (៥ភាគរយ/ឆ្នាំ) និងប្រគល់ជូនដាច់ជាកម្មសិទ្ធិ ក្រោយពីអ្នកបើកបរសងប្រាក់វិញក្នុងរយៈពេលពីរឆ្នាំ។ តុកតុកដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាឥតការងារធ្វើរបស់ប្រជាជនក្នុងតំបន់ និងបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរបស់ពួកគាត់។
លោកទុយ ចាន់ អភិបាលរងខណ្ឌដង្កោបានមានប្រសាសន៍ថា “យើងសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងតាក់ស៊ីល្អ ក្នុងនាមជាសាលាខណ្ឌដង្កោ រួមទាំងមន្ត្រីថ្នាក់មូលដ្ឋាន”លោកបន្តថា “គម្រោងនេះ ត្រូវបានទទួលស្គាល់ជាគម្រោងគំរូ ដែលទទួលជោគជ័យតាំងពីឆ្នាំ២០១៩ មកម្ល៉េះ” និងលោកបន្ថែមទៀតថា “គម្រោងនេះ ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ដោយបង្កើនប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត និងដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។ គិតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋចំនួន ៦០ គ្រួសារបានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ”។ លោកអភិបាលរងបានគាំទ្រ និងលើកទឹកចិត្តដល់គម្រោងនេះ បន្ដជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
២) វគ្គបណ្ដុះបណ្ដាលដល់អ្នកបើកបរចំនួន ៥ វិស័យ
ចាប់ពីថ្ងៃទី១៦ ដល់ ២១ ខែកក្កដា ឆ្នាំ ២០២២ ហ្គូដណេប៊ឺស បានផ្តល់ការបណ្តុះបណ្តាលដល់អ្នកបើកបរចំនួន ២០នាក់លើមុខវិជ្ជាចំនួន៥ គឺ ១.ច្បាប់ចរាចរណ៍ និងការអប់រំសុវត្ថិភាពនៃការបើកបរ ២.ការថែទាំយានយន្ត ៣.ការយល់ដឹងអំពីយេនឌ័រ ៤.សេវាកម្មអតិថិជន ៥.ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ១.ពង្រឹងសមត្ថភាពអ្នកបើកបរ ក្នុងអាជីវកម្មដឹកជញ្ជូន ២.ផ្តល់សេវាកម្មល្អដល់អ្នកដំណើរ ៣.លើកទឹកចិត្តប្រជាជនក្នុងការគ្រប់គ្រងចំណូល និងចំណាយក្នុងគ្រួសារ ៤.ធ្វើអោយប្រសើរឡើងនូវការយល់ដឹងអំពីយេនឌ័រនៅក្នុងសង្គម។
សិក្ខាកាមទាំងអស់ ពេញចិត្តគ្រប់វគ្គបណ្តុះបណ្តាលនេះ។ ម្នាក់ក្នុងចំណោមពួកគាត់បានលើកឡើងថា “វគ្គបណ្ដុះបណ្ដាលនេះល្អ។ ខ្ញុំមិនដែលបានទទួលវគ្គបណ្ដុះបណ្ដាលបែបនេះទេ។ វាទទួលបានបទពិសោធន៍ល្អ និងមានប្រយោជន៍សម្រាប់ខ្ញុំ”។
អង្គការហ្គូដណេប៊ឺសកម្ពុជា នឹងផ្តល់វគ្គបណ្តុះបណ្តាលនេះ ដល់អ្នកបើកបរចំនួន២០នាក់ផ្សេងទៀត នៅខែកញ្ញាខាងមុខនេះ។