សិស្សានុសិស្សប្រមាណ ២០០នាក់ ចាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ សុខសាន្ត ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានជំនួយមនុស្សធម៌បន្ថែមទៀត ពីអង្គការហ្គូដណេប៊ឺស គឺការផ្តល់នូវអគារសិក្សាមួយខ្នង ២បន្ទប់ ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ដែលភាគច្រើន នៅក្នុងស្រុកមួយនេះ គឺជនជាតិដើមភាគតិច។ នៅក្នុងឱកាសប្រគល់ និងសម្ពោធមណ្ឌលសិក្សាល្អ នៅអនុវិទ្យាល័យ សុខសាន្ត ស្រុកកោះញែក លោក ឆាំ មុនី ប្រធានប្រតិបត្តិនៃអង្គការហ្គូដណេប៊ឺសកម្ពុជា បានឲ្យដឹងថា អគារសិក្សាថ្មីដែលអង្គការមួយនេះ ផ្តល់ជូនដល់អនុវិទ្យាល័យសុខសាន្ត គឺមាន ២បន្ទប់ មានបន្ទប់កុំព្យូទ័រ និងបន្ទប់បណ្ណាល័យ ចំណាយថវិកាប្រហែល ៥ម៉ឺនដុល្លារ ។ កុំព្យូទ័រដែលបំពាក់មានចំនួន ២០គ្រឿង ចំណែកឯសៀវភៅក្នុងបណ្ណាល័យមានចំនួន ២០០ប្រភេទ គឺប្រហែល ១៥០០ក្បាល សម្រាប់ឲ្យសិស្សានុសិស្សទុករៀនសូត្រផងដែរ។
លោកបានបន្តថា សម្រាប់អនុវិទ្យាល័យ សុខសាន្ត ដែលអង្គការមួយនេះបានផ្តល់ជំនួយសរុបប្រហែល ១០ម៉ឺនដុល្លារហើយ និងប្រហែលជាង ២០ម៉ឺនដុល្លារក្នុង ១ឆ្នាំ សម្រាប់ស្រុកកោះញែកទាំងមូល។
បន្ទាប់ពីបានអគារបណ្ណាល័យ និងបន្ទប់កុំព្យូទ័រ ដែលជាជំនួយរបស់អង្គការហ្គូដណេប៊ឺសនេះ ក្នុងនាមខ្ញុំផ្ទាល់ជានាយក ខ្ញុំមានភាពរីករាយណាស់នូវសម្មិតិផលដែលថ្មីនេះ ហើយខ្ញុំនឹងជំរុញ លើកទឹកចិត្តសិស្ស ក៏ដូចជារៀបចំការរៀនសូត្រឲ្យបានត្រឹមត្រូវ និងថែទាំអគារនេះឲ្យបានល្អ ដើម្បីឲ្យសហគមន៍យើងបានសិក្សាទាំងអស់គ្នា។
នាយកអនុវិទ្យាល័យ សុខសាន្ត លោក អ៊ុង ប្រាក់រតនា បានឲ្យដឹងថា នៅក្នុងអនុវិទ្យាល័យនេះ មានសិស្សសរុបប្រហែល ២៥៣នាក់ សិស្សស្រី ១៥៤នាក់ និងមានសិស្សលើសពី ៥០% ជាជនជាតិភាគតិច។ លោកថាក្រោយពេលទទួលបានអគារសិក្សាថ្មី មានបន្ទប់កុំព្យូទ័រ និងបណ្ណាល័យ លោកនឹងជំរុញលើកទឹកចិត្តឲ្យសិស្សខិតខំរៀនសូត្រ និងថែទាំអគារសិក្សានេះឲ្យបានល្អ ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី លោក ទឹម សង្វាត បានលើកឡើងដែរថា ម្ចាស់ជំនួយឧបត្ថម្ភបានចំណាយទាំងថវិកា និងពេលវេលាជាច្រើន ដើម្បីអនុវិទ្យាល័យសុខសាន្តមួយនេះ ដូចនេះសិស្សានុសិស្សទាំងអស់ ជាការតបស្នង ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឲ្យពីលទ្ធភាព ប្រឹងប្រែងអានសៀវភៅក្នុងបណ្ណាល័យឲ្យបាន ១ចំណងជើងក្នុងមួយសប្តាហ៍ និងត្រូវប្រឹងរៀនកុំព្យូទ័រឲ្យបានចេះស្ទាត់ជំនាញ ព្រោះសម័យកាលនេះបើមិនចេះកុំព្យូទ័រមិនអាចរកការងារបានល្អនោះទេ។ ប្រធានមន្ទីររូបនេះ ក៏សំណូមពរដល់មាតាបិតាសិស្សត្រូវបញ្ជូនកូនឲ្យបានទៅរៀនគ្រប់ៗគ្នា ព្រោះការដែលឲ្យកូនទៅរៀន ដូចជាការវិនិយោគអញ្ចឹងដែរ នៅពេលដែលកូនចេះមានសមត្ថភាពខ្ពស់ គឺមានការងារល្អ ទទួលបានប្រាក់ខែខ្ពស់ ជាការរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ផ្តើមពីវិស័យអប់រំនេះ។