ពិធីប្រគល់រ៉ឺម៉កកង់បីចំនួន ២គ្រឿង ដែលជាជំនួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃ អង្គការហ្គូដណេប៊ឺសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ។
លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេសនៃ អង្គការហ្គូដណេប៊ឺសកម្ពុជា និងលោក រស់ សុធារិទ្ធ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ជឿជាក់ថា ការប្រគល់រ៉ឺម៉កកង់បី ជូនប្រជាជនពីរគ្រួសារមកពីខណ្ឌដង្កោនេះ នឹងបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសមរម្យដល់ពួកគេ ហើយលោកនឹងបង្កើនកិច្ចសហការគ្នា ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងអភិវឌ្ឍសហគមន៍។
លោក រស់ សុធារិទ្ធ៖ ក្រៅពីការផ្តល់ប្រាក់កម្ចី ខេម ខាប់ភីថល ក៏មានសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ ដូចនេះលោកនឹងបន្តកិច្ចសហការជាមួយ ហ្គូដណេប៊ឺសកម្ពុជា។
លោក ចាំង ដូងវ៉ុន៖ ហ្គូដណេប៊ឺស សាទរចំពោះកិច្ចសហការ និងធានាអំពីប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពនៃការអនុវត្តន៍គម្រោងជាមួយដៃគូដើម្បីជួយដល់កុមារ គ្រួសារជួបការលំបាក និងការអភិវឌ្ឍន៍សហគមន៍។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ហើយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល បានផ្តល់ជំនួយដល់ប្រជាជនកម្ពុជា តាមរយៈអង្គការហ្គូដណេប៊ឺស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងអភិវឌ្ឍសហគមន៍ឲ្យកាន់តែប្រសើរ។