អង្គការហ្គូដណេបឺសកម្ពុជា កំពុងអនុវត្ដន៍គម្រោង “លើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា តាមរយៈការពង្រឹងគុណភាពគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបង្កើនការយល់ដឹងដល់សហគមន៍” បានទទួលជំនួយថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមហ៊ុនអិលជីអេឡិចត្រូនិក (LG Electronics) និង សមាគមន៍មនុស្សធម៌កូរ៉េ(CCK)។ គម្រោងនេះបានការចូលរួមជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលស្ថិតក្រោមឪវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយប្រសិទ្ធិភាព និងគុណភាព។ យើងសូមចែករំលែកនូវកម្មវិធីសំខាន់ៗរបស់គម្រោងដូចតទៅ៖
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជំនាញបរិក្ខារត្រជាក់
នៅថ្ងៃទី ០៩ ដល់ ១២ ខែសីហា ឆ្នាំ២០២២ អង្គការហ្គូដណេបឺសកម្ពុជាបានសហការជាមួយ ក្រុមហ៊ុនអ៊ិលជីអេឡិចត្រូនិកដើម្បីផ្ដល់ “វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់គ្រូបច្ចេកទេសជំនាញបរិក្ខារត្រជាក់នៃវិទ្យាស្ថានគោលដៅ” ដែលមានអ្នកចូលរួមសរុប ១៥នាក់ (ស្រី២នាក់) មកពីវិទ្យាស្ថានទាំងបី (អាយធីអាយ ស៊ីធីអេសឌីអាយ និងប៊ីអាយធី) នៅការិយាល័យកណ្ដាលក្រុមហ៊ុនអិលជី។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ១) ពង្រឹងបន្ថែមសមត្ថភាពគ្រូបច្ចេកទេស ២) ធ្វើឱ្យគ្រូបច្ចេកទេសបានយល់អំពីភាពពាក់ព័ន្ធនៃកម្មវិធីសិក្សាផ្នែកលើសមត្ថភាព និងតម្រូវការទីផ្សារការងារ និង ៣) ជម្រុញឱ្យគ្រូបច្ចេកទេសអាចរៀនអំពីបច្ចេកទេសថ្មីៗជាមួយអ្នកជំនាញ។
គ្រូបច្ចេកទេសទាំងអស់ចាប់អារម្មណ៍លើគ្រប់ប្រធានបទនៃវគ្គបណ្ដុះបណ្ដាល។ ជាពិសេស ពួកគាត់ពេញចិត្ដនឹងកម្មវិធីចុះទស្សនៈកិច្ចសិក្សានៅការដ្ឋានរបស់ក្រុមហ៊ុនអ៊ិលជីនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលបែបអនុវត្ដន៍នេះ គ្រូបង្គោលមិនត្រឹមតែបានសិក្សាអំពីបច្ចេកវិទ្យាថ្មីៗរបស់សម្ភារៈបរិក្ខារត្រជាក់នោះទេ ពួកគាត់ក៏បានសិក្សាអំពីការអនុវត្ដន៍ និងដំណើរការដោយផ្ទាល់របស់ក្រុមហ៊ុនអ៊ិលជីនៅតាមការដ្ឋាន។
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជំនាញព័ត៌មានវិទ្យា និងអគ្គិសនី
នៅថ្ងៃទី ០១ ដល់ ០២ និង ១៧ ដល់ ១៨ ខែសីហា ឆ្នាំ២០២២ អង្គការហ្គូដណេបឺសកម្ពុជា ក៏បានសហការជាមួយ ក្រុមហ៊ុន Start-Up Factory ដែលជាក្រុមជំនាញការអភិវឌ្ឍន៍កម្មវិធីសិក្សាជំនាញព័ត៌មានវិទ្យា និងអគ្គិសនី ដើម្បីផ្ដល់ “វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់គ្រូបច្ចេកទេសជំនាញព័ត៌មានវិទ្យា និងអគ្គិសនី នៃវិទ្យាស្ថានគោលដៅ” នៅទីក្រុងភ្នំពេញ ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលទាំងពីរ មានអ្នកចូលរួមសរុប ៣៣នាក់ (ស្រី៤នាក់) ដែលមកពីវិទ្យាស្ថានគោលដៅទាំងបី (អាយធីអាយ ស៊ីធីអេសឌីអាយ និងប៊ីអាយធី)។ គ្រូបច្ចេកទេសទាំងអស់បានស្វែងយល់កាន់តែប្រសើរអំពីទំនាក់ទំនងរវាងកម្មវិធីសិក្សាផ្អែកលើសមត្ថភាព និងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ពួកគាត់បានសិក្សា និងស្វែងយល់ពីជំនាញជាច្រើន ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា និងកម្មវិធីសំខាន់ៗជាមួយអ្នកជំនាញ។ ជាមួយគ្នានេះដែរ យើងសង្ឃឹមថាគ្រូបច្ចេកទេសទាំងអស់នឹងអាចផ្ដល់ការអប់រំកាន់តែមានប្រសិទ្ធិភាពដល់សិស្ស។
កម្មវិធីទស្សនៈកិច្ចសិក្សានៅក្រុមហ៊ុនឯកជននៃ MVL និង GSI
នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២ អង្គការហ្គូដណេបឺសកម្ពុជា បានសហការជាមួយ ក្រុមហ៊ុន MVL ដើម្បីបង្កើត “កម្មវិធីទស្សនៈកិច្ចសិក្សាសម្រាប់សិស្សានុសិស្សជំនាញអគ្គិសនី និងព័ត៌មានវិទ្យា នៃវិទ្យាស្ថានគោលដៅ” នៅឯក្រុមហ៊ុន ONION MOBILITY ASSEMBLY PLANT។ គោលបំណងនៃកម្មវិធីនេះដើម្បី៖ ១) បង្កើនប្រព័ន្ធទំនាក់ទំនងរវាងក្រុមហ៊ុនឯកជនជាមួយអង្គការ និងវិទ្យាស្ថានគោលដៅសម្រាប់ការសហការនាពេលអនាគតដែលមានដូចជា ការចុះកម្មសិក្សា និងឪកាសការងារជាដើម ២) ឱ្យសិស្សានុសិស្ស និងគ្រូបច្ចេកទេសបានសិក្សាអំពីដំណើរការនៃការបង្កើតកង់បីអគ្គិសនី ONION T1 ៣) ជម្រុញអោយសិស្សានុសិស្ស និងគ្រូបច្ចេកទេសបានផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមវិទ្យាស្ថានគោលដៅទាំងពីរនៅក្នុងទីក្រុងភ្នំពេញ (អាយធីអាយ និងស៊ីធីអេសឌីអាយ)។
ជាលទ្ធផល កម្មវិធីទស្សនៈកិច្ចសិក្សាសម្រាប់សិស្សានុសិស្សជំនាញអគ្គិសនី និងព័ត៌មានវិទ្យា មានអ្នកចូលរួមសរុប ៧៨នាក់ (ស្រី២២នាក់) និងគ្រូបច្ចេកទេស ៨នាក់ (ស្រី២នាក់)ដែលមកពីវិទ្យាស្ថានទាំងពីរក្នុងទីក្រុងភ្នំពេញ។ សិស្សានុសិស្ស និងគ្រូបច្ចេកទេសមានការចាប់អារម្មណ៍ និងសួរសំណួរជាច្រើនជាមួយបុគ្គលិកជំនាញនៅក្នុងរោងចក្រ។ លើសពីនេះ សិស្សានុសិស្ស និងគ្រូបច្ចេកទេសពិតជាមានការចាប់អារម្មណ៍ក្នុងការចុះធ្វើកម្មសិក្សា និងធ្វើការនៅក្នុងរោងចក្រនេះ។ យើងសង្ឃឹមថានៅពេលខាងមុខ វិទ្យាស្ថានទាំងពីរនឹងអាចធ្វើការសហការជាមួយក្រុមហ៊ុន MVL លើផ្នែកចុះហាត់ការងារ និងឪកាសការងារផ្សេងៗ។ ជាមួយគ្នានេះដែរ សិស្សានុសិស្សនៃវិទ្យាស្ថានប៊ីអាយធី ក៏បានសិក្សាអំពីបច្ចេកវិទ្យាថ្មី ដោយបានអនុវត្ដន៍ដោយផ្ទាល់ក្នុងការដំឡើងថាមពលពន្លឺព្រះអាទិត្យតាមរយៈចុះទស្សនៈកិច្ចសិក្សាជាមួយក្រុមហ៊ុន Good Solar Innovation (GSI)។